ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមអំពាវនាវឱ្យរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រឆាំងការជួញដូរមនុស្ស បានអំពាវនាវឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ច និងបណ្តាភាគីពាក់ព័ន្ធ រួមសហការគ្នា« បង្ការ បង្រ្កាប ផ្តន្ទាទោស សង្រ្គោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស»។


លោកអភិបាលខេត្តកំពង់ចាមបានធ្វើការ យ៉ាងដូច្នះនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណវត្តគរ ស្ថិតក្នុងឃុំគរ ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី ២ មករានេះ។


លោកប្រធានគណៈកម្មាធិការខេត្តប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងអំពាវនាវថា៖បេសកកម្មរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្តធ្វើឲ្យកាន់តែសកម្ម អនុវត្តនូវវិធាន ការច្បាប់ឱ្យកាន់តែម៉ឹងម៉ាត់ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើជួញដូរ មនុស្ស សម្រាប់ឆ្នាំ ២០២២-២០២៥ ឱ្យ សម្រេចបានតាមគោលដៅគ្រោងទុក។

យើងត្រូវការ ការចូលរួមពីមន្ទីរ អង្គភាព ជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន នៅទូទាំងខេត្ត ព្រមទាំងកិច្ចសហការល្អជាមួយខេត្តពាក់ព័ន្ធ ។


លោកបានបន្តថា ៖ បន្ថែមលើនេះ លោកសូមអំពាវនាវផងដែរ ដល់បណ្តាលក្រុង ស្រុកពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការ ជួយជ្រោមជ្រែង សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឱ្យកាន់តែ ខ្លាំងក្លាថែមទៀត និងសូមអំពាវនាវ និងលើកទឹកចិត្ត ដល់គ្រប់ មន្ទីរ អង្គភាព សូមពង្រឹងការ អនុវត្តសកម្មភាព តាមយុទ្ធសាស្ត្រដែលមានចែងក្នុងផែនការជាតិ ឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត និងសូមឱ្យលោក លោកស្រី ទាំងអស់ដែលជាសមាជិក គណៈកម្មាធិការខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល គ្រប់និកាយសាសនា និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នា «រួមសហ ការគា្ន បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស»៕