អន្តរជាតិ

លោក ពូទីន ព្រមានពីការបង្កើនការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនទ្វេដង

ប្រែសម្រួល៖ ស.សម្បត្តិ

បន្ទាប់ពីមានការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយកងទ័ពអ៊ុយក្រែនកាលពីចុងសប្តាហ៍លើទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី។ នៅថ្ងៃចន្ទ ទី០១ មករានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថាក្រុងមូស្គូនឹងបង្កើនការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែទ្វេដង។

ការវាយប្រហារដោយកងទ័ពអ៊ុយក្រែនកាលពីថ្ងៃសៅរ៍នេះបានសម្លាប់មនុស្សចំនួន ២៤ នាក់ និងបានធ្វើឲ្យមនុស្សជាង ១០០ នាក់រងរបួសនៅក្នុងទីក្រុង Belgorod ។ ដើម្បីសងសឹកទៅនឹងការវាយប្រហារដោយកងទ័ពអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ក្រុងមូស្គូបន្ទាប់មកក៏បានបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។

កាលពីថ្ងៃចន្ទនៅក្នុងអំឡុងពេលដែលលោកពូទីន ធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធា គាត់បានថ្លែង ថា “យើងនឹងបង្កើនការវាយប្រហារឲ្យកាន់តែខ្លាំងជាងមុនទ្វេដង យើងមិននៅស្ងៀមឈរមើលឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលនោះទេហើយនេះជាការពិត” ។

លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​នឹង​បង្កើនការ​វាយ​ប្រហារកាន់តែខ្លាំងចំពោះ​អ្វី​ដែល​លោក​ហៅ​ថា “ការ​ដំឡើងសាច់ដុំផ្នែក​យោធា”។

លោក ពូទីន បានប្រកាសថាជិតពីរឆ្នាំហើយការវាយលុកដោយកងយោធារបស់ទីក្រុងមូស្គូនៅលើទឹកដីអ៊ុយក្រែននៅតែបន្តហើយ “យើងកំពុងបន្តបង្កើនការវាយប្រហាររនៅថ្ងៃនេះ និងថ្ងៃស្អែក យើងនឹងបន្តវាយប្រហារឲ្យកាន់តែខ្លាំងក្លាជាងមុន” ។

ក្រុង Kyiv បានបញ្ជាក់ថារុស្ស៊ីបានបើកការវាយប្រហារលើគោលដៅយោធារបស់ខ្លួនដោយប្រើយន្តហោះគ្មានមនុស្សបើកមួយចំនួនកាលពីថ្ងៃឆ្លងឆ្នាំ។

លោកពូទីនបាននិយាយទៅកាន់កងទ័ពរបស់គាត់ដែលរងរបួសដោយបានអង្គុយក្បែរពួកគេក្នុងឯកសណ្ឋានពេទ្យថា “អ្វីដែលបានកើតឡើងនៅទីក្រុង Belgorod គឺជាអំពើភេរវកម្ម” ។”ខ្ញុំនឹកមិនឃើញរកពាក្យអ្វីផ្សេងពីនេះហៅនោះទេ” ។

លោក​បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយក្រែន​ថា​បាន​កំណត់​គោលដៅសម្រាប់បើកការវាយប្រហារគឺ​ “នៅចំ​កណ្តាល​ទីក្រុង​ដែលជា​កន្លែង​​មនុស្សម្នាកំពុងធ្វើដំណើរ​នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​សកល” លោក ពូទិន ​បាន​ចោទ​ប្រកាន់កងកម្លាំង​អ៊ុយក្រែន​ថា​ពួកគេមាន​​ចេតនា​វាយប្រហារ​លើជន​ស៊ីវិលរុស្សី។

មេដឹកនាំរុស្ស៊ីបាននិយាយថា “គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ” នៅក្នុងការដោះស្រាយជម្លោះដែលត្រូវបានដាក់ចេញសម្រាប់ធ្វើការចរចាជាមួយអ៊ុយក្រែនគឺអាស្រ័យទៅលើគោលជំហររបស់រុស្ស៊ី។

លោក​បាន​បញ្ជាក់​ថា​៖ “​ទោះជានៅក្នុងហេតុផល​​ណា​ក៏​ដោយ​ខ្ញុំ​ត្រូវការឲ្យ​អ៊ុយក្រែន​ធ្វើការ​បំភ្លឺឲ្យបានច្បាស់លាស់អំពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើជនស៊ីវិលរុស្សី​។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានឲ្យដឹងថា​ លោក ពូទីនបានប្រកាសអំពីគោលជំហររបស់ខ្លួនថា “រុស្សីចង់បញ្ចប់ជម្លោះដែលបានអូសបន្លាយពេលអស់ជិតពីរឆ្នាំមកនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន” ក៏ប៉ុន្តែ “ត្រូវយោងទៅតាមលក្ខខណ្ឌរបស់រុស្សីទាំងអស់” ។

លោកបានចោទប្រកាន់ជាថ្មីម្តងទៀតថាអ៊ុយក្រែនកំពុងត្រូវបានលោកខាងលិចខ្ចីដៃប្រើប្រាស់ដើម្បី “ដោះស្រាយជម្លោះរបស់ខ្លួន” ជាមួយរុស្ស៊ី៕

ប្រភព៖ AFP/rc