អន្តរជាតិ

ចិនអំពាវនាវឲ្យពលរដ្ឋតៃវ៉ាន់លើកកម្ពស់ការបង្រួបបង្រួមជាតិមាតុភូមិដោយសន្តិវិធី

ប្រែសម្រួល៖ រតនា

តៃប៉ិ៖សាររបស់លោក សុង តាវ  ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ដែលធ្វើការអំពាវនាវជាងពីរសប្តាហ៍នៅមុនពេលតៃវ៉ាន់រៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី ១៣ ខែមករា នៅក្រោយពេលដែលមានការកត់សម្គាល់របស់លោកប្រធានាធិបតី ស៊ី ជិនពិង នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់ថា “ការបង្រួបបង្រួម” របស់ចិនជាមួយតៃវ៉ាន់គឺជៀសមិនរួច។

នៅថ្ងៃអង្គារ ទី២ មករា លោក សុង តាវ  ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានអំពាវនាវ

ឲ្យប្រជាជនតៃវ៉ាន់គាំទ្រដំណើរការនៃ “ការបង្រួបបង្រួមដោយសន្តិវិធី” ដោយថ្លែងថា នេះគឺជាបំណងប្រាថ្នាទូទៅរបស់ប្រជាជននៃភាគីទាំងពីរនៅលើច្រកសមុទ្រតៃវ៉ាន់។

លោក សុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់គាត់នៅលើគេហទំព័រការិយាល័យរបស់គាត់ថា “មាតុភូមិនឹងត្រូវបានបង្រួបបង្រួមហើយនៅទីបញ្ចប់នឹងត្រូវបានបង្រួបបង្រួមដោយជៀសមិនរួច” ។

នេះ​ជា​បំណង​ប្រាថ្នា​រួម​​របស់​ប្រជាជន​ទាំង​សងខាង​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់។

លោកបានសង្កត់ធ្ងន់ថា ប្រជាជនតៃវ៉ាន់គួរតែ “លើកកម្ពស់ទំនាក់ទំនងទៅវិញទៅមកក្នុងគោលបំណងងាកទៅរកផ្លូវត្រូវដើម្បីការអភិវឌ្ឍដោយសន្តិភាពនិងជំរុញដំណើរការបង្រួបបង្រួមជាតិមាតុភូមិដោយសន្តិវិធី”។

រដ្ឋាភិបាលតៃវ៉ាន់ ច្រានចោលការទាមទារនូវអធិបតេយ្យភាពរបស់ចិន។ ទាំងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំបំផុត គឺបក្សគួមីនតាង និយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

ប្រទេសចិនបានផ្តល់ឲ្យតៃវ៉ាន់នូវគំរូស្វ័យភាព “ប្រទេសមួយ ប្រព័ន្ធពីរ” ប៉ុន្តែគ្មានភាគីតៃវ៉ាន់ណាមួយគាំទ្រគំនិតនោះទេ។

លោក សុង បានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្រទេសចិនចំពោះ “ប្រទេសមួយ ប្រព័ន្ធពីរ” និងការប្រឆាំងនឹងឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ ឬ “ការជ្រៀតជ្រែកដោយកងកម្លាំងខាងក្រៅ” ។

សារ​របស់​លោក​មិន​បាន​និយាយ​អំពី​ការ​បោះ​ឆ្នោត​ដែល​ការិយាល័យ​កិច្ចការ​តៃវ៉ាន់របស់ចិន​បាន​ចាត់​ទុក​ជា​ជម្រើស​រវាង​សង្គ្រាម​និង​សន្តិភាព។

ប្រទេសចិនបានបន្តដាក់សម្ពាធយោធានៅជុំវិញកោះនេះ បានបញ្ចប់ការកាត់បន្ថយពន្ធមួយចំនួនសម្រាប់តៃវ៉ាន់ និងបានគំរាមកំហែងចាត់វិធានការសេដ្ឋកិច្ចបន្ថែមទៀត នៅពេលដែលការបោះឆ្នោតបានខិតកាន់តែជិតមកដល់៕

ប្រភព៖ Reuters/fh