អន្តរជាតិ

គ្រោះរញ្ជួយដីកក្រើកប្រទេសជប៉ុនបណ្តាលឲ្យពលរដ្ឋជាង ១០ ម៉ឺននាក់ត្រូវបានជម្លៀសចេញភ្លាមៗ

ប្រែសម្រួល៖ សហការី

តូក្យូ៖ នៅព្រឹកថ្ងៃអង្គារ ទី២ មករាអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថានៅថ្ងៃចូលឆ្នាំសកល ប្រទេស​ជប៉ុនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដីដ៏រន្ធត់មួយមិនធ្លាប់មានពីមុនមកបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ ខណៈដែលប៉ូលិសនិងអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថាពួកគេប្រទះឃើញសាកសពនៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំត្រូវបានទាញចេញដោយក្រុមសង្រ្គោះបន្ទាន់។

គ្រោះរញ្ជួយដីដ៏​កក្រើក​ប្រទេស​ជប៉ុនមានកម្លាំង ៧.៦ រ៉ិចទ័រ បានវាយប្រហារនៅពាក់កណ្តាលរសៀលថ្ងៃចន្ទបានបំផ្លាញអគារនានា និងដាច់ចរន្តអគ្គិសនីបម្រើដល់ផ្ទះរាប់ម៉ឺនខ្នង និងបានជំរុញឲ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

បន្ទាប់មកបង្កឲ្យមានរលកកម្ពស់ប្រហែល ១m បោកបក់នៅតាមបណ្តោយឆ្នេរភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន និងបានសាយភាយដល់ប្រទេសជិតខាងដូចជាកូរ៉េខាងត្បូងផងដែរ។

កងទ័ពត្រូវបានបញ្ជូនទៅកាន់តំបន់កើតហេតុ ដើម្បីជួយសង្គ្រោះអ្នកស្រុកដែលកំពុងនៅជាប់គាំងក្នុងគំនរអគារបាក់បែកខណៈដែលអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទទាំងស្រុង បន្ទាប់ពីកម្លាំងរញ្ជួយដីធ្វើឲ្យមានស្នាមប្រេះនៅលើផ្លូវរត់។

ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសនៅក្នុងតំបន់ថា បុរសចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីការដួលរលំអគារនៅទីក្រុង Shika ក្នុងខេត្ត Ishikawa ។

សារព័ត៌មានក្យូដូបានរាយការណ៍ពីការស្លាប់មនុស្សចំនួន ៤ នាក់ផ្សេងទៀតនៅអ៊ីស៊ីកាវ៉ារួមទាំងបុរស និងស្ត្រីក្នុងវ័យ ៥០ ឆ្នាំ ក្មេងប្រុសម្នាក់ និងបុរសអាយុ ៧០ ឆ្នាំម្នាក់ថែមទៀត។

កាសែត Asahi បានដកស្រង់សម្តីប៉ូលិសថា មានបុរសអាយុ ៩០ ឆ្នាំម្នាក់ត្រូវបានក្រុមសង្គ្រោះទាញចេញពីបំណែកអគារបាក់បែកមួយកន្លែង បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកត្រូវបានគេបញ្ជាក់ថាគាត់បានស្លាប់ហើយ។

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់អ្នកយកព័ត៌ពីការលំបាកសម្រាប់ក្រុមរុករក និងក្រុមសង្គ្រោះបន្ទាន់ ដែលបានខិតខំទៅឲ្យដល់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែដាច់ផ្លូវស្ទើរតែទាំងអស់។

លោកប្រធានាធិបតី Joe Biden បានធ្វើសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចក្នុងការជួយលើករណីចាំបាច់ណាមួយដល់ប្រទេសជប៉ុនដែលរងគ្រោះដោយសាររញ្ជួយដី។

លោកបានថ្លែងថា “ក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនជប៉ុនដើម្បីបញ្ជាក់ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនយើងទាំងពីរ។ យើងនៅជាមួយប្រជាជនជប៉ុនជានិច្ចទោះបីស្ថិតនៅក្នុងកាល:ទេស:ដ៏លំបាកយ៉ាងណាក៏ដោយ” ។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា គិតមកត្រឹមយប់ថ្ងៃចន្ទ ខ្លួនបានជម្លៀសមនុស្សជាង ៩៧,០០០ នាក់នៅក្នុងខេត្តចំនួន ៩ ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃកោះសំខាន់ដូចជាកោះ Honshu ជាដើម។ ពួកគេ​បាន​ចំណាយ​ពេលអស់​មួយ​យប់​ក្នុង​សាល​កីឡា និង​កន្លែង​ហាត់​ប្រាណ​របស់​សាលា ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើ​ជា​មជ្ឈមណ្ឌល​សុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋ​នៅ​ក្នុង​គ្រាមានអាសន្ន។

យោងតាមគេហទំព័ររបស់ Hokuriku Electric Power បានឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារមានពលរដ្ឋជាង ៣៣,០០០ គ្រួសារនៅតែគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa ។

ទីភ្នាក់ងារ Imperial Household Agency បាននិយាយថា បន្ទាប់ពីគ្រោះមហន្តរាយនេះ ពិធីប្រារព្ធការយាងចូលឆ្នាំថ្មីរបស់អធិរាជ Naruhito និង Empress Masako នៅថ្ងៃអង្គារនេះនឹងត្រូវលុបចោលជាផ្លូវការ។

បន្ទាប់​ពី​ការ​រញ្ជួយ​ដី មាន​សារ​បញ្ជូនចេញលើអេក្រង់​ទូរទស្សជះពន្លីពណ៌​លឿង​ថា “ស៊ូណាមិ! និងមកដល់ពលរដ្ឋត្រូវតែជម្លៀស​ចេញ!” សារនេះជះពន្លឺភ្លឺ​ពេញ​អេក្រង់​ទូរទស្សន៍​ណែនាំ​អ្នក​ស្រុក​នៅ​តំបន់​ងាយរងគ្រោះដែលរស់នៅតាមបណ្តោយឆ្នេរ​ត្រូវតែ​ជម្លៀស​ចេញ​ជា​បន្ទាន់។

មានសេចក្តីរាយការណ៍មកថា យ៉ាងហោចណាស់ក៏មានអគារចំនួន ៣០ បានដួលរលំនៅក្នុងទីក្រុង Wajima ដែលជាទីប្រជុំជនមានមនុស្សរស់នៅប្រហែល ៣០,០០០ នាក់ភ្លើងបានបន្តឆាបឆេះអគារជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ។

ការរញ្ជួយដីក៏បានធ្វើឲ្យរញ្ជួយអគារនានានៅក្នុងរដ្ឋធានីតូក្យូដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពី Wajima នៅតាមបណ្តោយឆ្នេរសមុទ្រទល់មុខគ្នា។

ក្រុមហ៊ុន West Japan Railway បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា អ្នកដំណើរសរុបចំនួន ១,៤០០ នាក់នៅជាប់គាំងនៅលើរថភ្លើងដែលក្នុងនោះមានរថភ្លើងចំនួន ៤ ខ្សែត្រូវបានផ្អាកការធ្វើដំណើរចេញពីទីក្រុង Kanazawa ទៅកាន់ក្រុង Toyama ។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា អាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋាន Ishikawa ត្រូវបានបិទបណ្តោះអាសន្ន ដោយសារតែមានស្នាមប្រេះនៅលើផ្លូវរត់។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានបង្វែរទិសហោះហើរត្រឡប់ទៅព្រលានយន្តហោះនៅ Toyama និង Ishikawa ខណៈដែលក្រុមហ៊ុន Japan Airlines បានលុបចោលជើងហោះហើរទៅកាន់តំបន់ Niigata និង Ishikawa ។

រូបភាពផ្សព្វផ្សាយក្នុងខេត្តបានបង្ហាញពីអគារមួយបានដួលរលំបោកបក់ទៅដោយធូលីដីនៅក្នុងទីក្រុង Suzu និងការបំផ្លិចបំផ្លាញផ្លូវក្នុងក្រុង Wajima ដែលមើលទៅគួរឲ្យភ័យខ្លាច។

សាក្សីម្នាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហោះវីដេអូនៅទីសក្ការបូជា Keta Grand នៅជិតឆ្នេរសមុទ្រក្នុងទីក្រុង Hakui ជាកន្លែងរញ្ជួយដីនៅពេលហ្វូងអ្នកចូលទស្សនា​បាន​លាន់​មាត់​ថា​ដូចជាមានអារម្នណ៏ថារាង​ញ័រៗ”វាគួរឲ្យភ័យខ្លាចខ្លាំងណាស់!”។

ជនជាតិជប៉ុនរាប់លាននាក់តាមប្រពៃណីតែងតែចូលទៅទស្សនាទីសក្ការៈបូជា និងប្រាសាទនានានៅថ្ងៃទី ១ ខែមករា ដើម្បីប្រារព្ធពិធីចាប់ផ្តើមឆ្លងចូលឆ្នាំថ្មី។

នៅតំបន់ Kanazawa ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ រូបភាពបានបង្ហាញពីសំណល់នៃ

ខ្លោងទ្វារថ្មដែលបាក់បែកខ្ទេចខ្ទីនៅច្រកចូលទីសក្ការៈបូជាមួយទៀត ខណៈដែលអ្នកចូលទៅគោរពបូជាមានការអន្ទះសារចង់ឃើញ។

គ្រោះរញ្ជួយដីដ៏រន្ធត់នេះ​បានរាលដាលដល់​ភ្នំ​ក្នុង​ខេត្ត Nagano ដែល​នៅ​ជិត​ខាងតំបន់ស្នូល​ផង​ដែរ ។

អ្នកទេសចរតៃវ៉ាន់លោក Jonny Wu ដែលមកលេង Nagano សម្រាប់ថ្ងៃឈប់សម្រាកជិះស្គីបានប្រាប់រ៉យទ័រថា “ព្រិលធ្លាក់លើខ្សែអគ្គិសនីហើយវាបានធ្លាក់មកក្រោមពីលើដំបូលក៏ធ្លាក់ចុះមកដែរ ហើយរថយន្តទាំងអស់កំពុងរតំតែមានភាពរំញ័រដូច្នេះគ្រប់គ្នាមានការភិតភ័យយ៉ាងខ្លាំង” ។

មន្ត្រី JMA លោក Toshihiro Shimoyama បាននិយាយថា ការរញ្ជួយដីបន្ថែមទៀតនៅក្នុងតំបន់ ដែលនៅមានឥទ្ធិពលរញ្ជួយដីអស់រយៈពេលជាង ៣ ឆ្នាំ ហើយវាអាចកើតឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរក៏ថាបាន។

រុស្ស៊ី និងកូរ៉េខាងជើងក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់មួយចំនួនផងដែរ។

Ayako Daikai អ្នកស្រុកនៅតំបន់ Kanazawa បាននិយាយថា នាងបានភៀសខ្លួនទៅសាលាបឋមសិក្សាក្បែរនោះជាមួយប្តី និងកូនពីរនាក់ភ្លាមៗ បន្ទាប់ពីមានការរញ្ជួយដីវាយប្រហារក្នុងតំបន់នោះ។ នាងបាននិយាយថា ថ្នាក់រៀន ជណ្តើរ សាលធំ និងកន្លែងហាត់ប្រាណ សុទ្ធតែពោរពេញទៅដោយអ្នកភៀសខ្លួន។

នាងបានប្រាប់រ៉យទ័រនៅពេលទាក់ទងតាមទូរសព្ទថា “យើងមិនទាន់សម្រេចចិត្តថាពេលណាត្រូវត្រឡប់ទៅផ្ទះវិញនោះទេ” ។

  • ការសាយភាយសារធាតុនុយក្លេអ៊ែរ

កាលពីល្ងាចថ្ងៃចន្ទ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា លោកបានណែនាំក្រុមរុករក និងក្រុមជួយសង្គ្រោះឲ្យធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋ ទោះបីជាការចូលទៅកាន់តំបន់រងគ្រោះដោយសាររញ្ជួយដីមានការលំបាកដោយសារដាច់ផ្លូវក៏ដោយ។

ទីភ្នាក់ងារ Imperial Household Agency បាននិយាយថា បន្ទាប់ពីគ្រោះរញ្ជួយដី ការយាងចូលឆ្នាំថ្មីរបស់អធិរាជ Naruhito និង Empress Masako នៅថ្ងៃអង្គារត្រូវបានលុបចោល។

ការរញ្ជួយដីនេះកើតឡើងនៅចំពេលដ៏រសើបសម្រាប់ឧស្សាហកម្មនុយក្លេអ៊ែររបស់ប្រទេសជប៉ុន ដែលបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អ្នកស្រុកមួយចំនួនចាប់តាំងពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១ ដែលបានបង្កឲ្យមានការសាយភាយសាធាតុនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា។ ទីក្រុងទាំងមូលត្រូវបានបំផ្លិចបំផ្លាញនៅក្នុងគ្រោះមហន្តរាយមួយនេះ។

កាលពីសប្តាហ៍មុនប្រទេសជប៉ុនបានលុបចោលបម្រាមប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកគឺ Kashiwazaki-Kariwa ដែលមិនមានសេវាអ៊ីនធឺណិតចាប់តាំងពីរលកយក្សស៊ូណាមិឆ្នាំ ២០១១ ។

អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរបាននិយាយថា មិនមានភាពមិនប្រក្រតីណាមួយត្រូវបានបញ្ជាក់នៅរោងចក្រនុយក្លេអ៊ែរនៅតាមបណ្តោយសមុទ្រជប៉ុន រួមទាំងរ៉េអាក់ទ័រសកម្មចំនួន ៥ នៅរោងចក្រ Ohi និង Takahama របស់ក្រុមហ៊ុន Kansai Electric Power ក្នុងខេត្ត Fukui នោះទេ។

ទីភ្នាក់ងារនេះបាននិយាយថា រោងចក្រ Shika របស់ Hokuriku នៅ Ishikawa ដែលជាស្ថានីយថាមពលនុយក្លេអ៊ែរនៅជិតបំផុតទៅនឹងចំណុចស្នូលបានបញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រពីររបស់ខ្លួនរួចហើយ នៅមុនពេលរញ្ជួយដីកើតឡើងដោយមានការត្រួតពិនិត្យជាប្រចាំ ហើយមិនបានរកឃើញផលប៉ះពាល់ពីការរញ្ជួយដីនោះទៀតទេ៕

ប្រភព៖ Agencies/rc/fs