អន្តរជាតិ

គីម ជុងអ៊ុន បញ្ជាកងទ័ពត្រៀមប្រើនុយក្លេអ៊ែរកម្ទេចកូរ៉េខាងត្បូងនិងអាមេរិកប្រសិនបើពួកគេបង្កហេតុ

ប្រែសម្រួល៖ សហការី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទ ទី០១ មករាថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាមេដឹកនាំយោធាកំពូលៗឲ្យប្រើប្រាស់កម្លាំងជាអតិបរមាប្រឆាំងកូរ៉េខាងត្បូង និងអាមេរិក ប្រសិនបើពួកគេបង្កឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។

ដើម្បីប្រឈមមុខនឹងការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាងកាលពីឆ្នាំមុនក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែស៊ីជម្រៅជាងមុន។

នៅក្នុងកិច្ចប្រជុំជាមួយមេទ័ពសំខាន់ៗរបស់កូរ៉េខាងជើងក្នុងក្រុងព្យុងយ៉ាងនៅក្នុងថ្ងៃចូលឆ្នាំសកល ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹងថា លោក គីម បានចេញបទបញ្ជាទៅកាន់មេដឹកនាំយោធារបស់លោកថាកងទ័ពត្រូវតែ “កម្ទេច” សត្រូវប្រសិនបើពួកគេបង្កហេតុ។

លោក គឹម បានដាក់បទបញ្ជាថា “ប្រសិនបើសត្រូវជ្រើសរើសយកការប្រឈមមុខខាងយោធាដោយបង្កហេតុប្រឆាំងនឹងកូរ៉េខាងជើង កងទ័ពត្រូវតែឆ្លើយតបដោយប្រើគ្រប់មធ្យោបាយប្រកបដោយសក្តានុពលដើម្បីវាយប្រហារទៅលើសត្រូវដោយមិនមានការស្ទាក់ស្ទើរនិងកម្ទេចសត្រូវឲ្យអស់ពីភពផែនដី “។

លោកគីមបានប្រើពាក្យគំរាមកំហែងនៅក្នុងអំឡុងពេលបើកកិច្ចប្រជុំចុងឆ្នាំដោយគម្រាមវាយប្រហារនុយក្លេអ៊ែរលើទីក្រុងសេអ៊ូល និងបានដាក់បទបញ្ជាឲ្យសាងសង់ឃ្លាំងស្តុកអាវុធដើម្បីត្រៀមសម្រាប់ធ្វើសង្រ្គាមដែលគាត់បានព្យាករថានឹងអាច “ផ្ទុះនៅក្នុងពេលណាមួយ” នៅលើឧបទ្វីបកូរ៉េ។

មេដឹកនាំកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កហេតុ “ក្នុងទម្រង់គំរាមកំហែងផ្នែកយោធាក្នុងរូបភាពផ្សេងៗគ្នា”។

នៅក្នុងអំឡុងពេលបើកកិច្ចប្រជុំដើម្បីកំណត់គោលនយោបាយសម្រាប់ឆ្នាំ២០២៤ លោកគឹមបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឲ្យ “បើកការវាយប្រហារលើទឹកដីទាំងមូលរបស់កូរ៉េខាងត្បូង ដោយប្រមូលផ្តុំគ្រប់មធ្យោបាយយោធារួមទាំងកងកម្លាំងនុយក្លេអ៊ែរ” នៅក្នុងករណីដែលលោកហៅថា “ព្រឹត្តិការណ៍ដ៏អស្ចារ្យ” ដោយសំដៅទៅលើជម្លោះប្រដាប់អាវុធ។

លោក គីម បានបញ្ជាក់នៅក្នុងអង្គប្រជុំថា លោកនឹងមិនស្វែងរកការផ្សះផ្សាការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងទៀតនោះទេ ដោយលោកបានកត់សំគាល់ថាវាគឺជា “ជម្លោះដែលមិនអាចផ្សះផ្សាបាន” ហើយគាត់បានចោទប្រកាន់ថា ជម្លោះនេះត្រូវបានបង្កឡើងដោយទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។

កាលពីថ្ងៃចន្ទប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន សុខយុលបានប្តេជ្ញាថានឹងតាមដានការបង្កហេតុខាងយោធារបស់ទីក្រុងព្យុងយ៉ាងហើយនិងដំឡើងប្រព័ន្ធទប់ស្កាត់រួមគ្នាជាមួយក្រុងវ៉ាស៊ីនតោន ដែលគ្រោងនឹងដំឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ។

លោក យុន បាន​បញ្ជាក់នៅ​ក្នុង​សុន្ទរកថានៅ​ក្នុងថ្ងៃ​ចូល​ឆ្នាំ​ថ្មី​​ថា ការដំឡើងប្រព័ន្ធ​ទប់ស្កាត់​គឺជារបាំង​ការពារ “​ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់រារាំង​​រាល់​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង”។

ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យនៅឆ្នាំ ២០២៣ ដោយបានកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ និងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួន។

នៅឆ្នាំ ២០២២ ក្រុងព្យុងយ៉ាងបានប្រកាសខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរដោយ”មិនមានការកែប្រែឡើយ” ហើយបានអួតអាងម្តងហើយម្តងទៀតថា ខ្លួននឹងមិនបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរដែលរបបនេះចាត់ទុកថាជាកត្តាចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ខ្លួន។

ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរលើកដំបូងនៅក្នុងឆ្នាំ ២០០៦មានសេចក្តីសម្រេចជាច្រើនត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររនិងមីស៊ីលផ្លោងរបស់ខ្លួន ៕

ប្រភព៖ AFP/rj