សន្ដិសុខសង្គម

ស្លាប់ទាំងអ្នកបើកបរនិងអ្នកជិះពីក្រោយដោយសារការវ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសពីរនាក់បានធ្វើដំណើរតាមម៉ូតូមួយគ្រឿង គ្មានពាក់មួកសុវត្ថិភាពបានបើកវ៉ាជែងនឹងរថយន្តធុនធំ នៅលើផ្លូវកោងក៏បានប្រទះនឹងរថយន្តមួយគ្រឿងទៀត គឺបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ទាំងពីរ នាក់នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣៧/២៣៨ ស្ថិតក្នុងភូមិស្ពានចង្គុំ ឃុំទន្លូង ស្រុកមេមត់ នៅម៉ោងជាង១២ ថ្ងៃត្រង់ថ្ងៃទី ៣១ ធ្នូ ម្សិលមិញ។


សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ បុរសជាជនរងគ្រោះទាំងពីរ ដែលបានធ្វើដំណើរតាមម៉ូតូស្លាប់ម្នាក់ឈ្មោះ នឹម ម៉ៅ អាយុ ២៥ ឆ្នាំជាអ្នកបើកបរម៉ូតូម៉ាកអ៊ិចសិចធ័រ ពណ៌ក្រហម គ្មានស្លាកលេខ និងម្នាក់ទៀតដែលជិះពីក្រោយឈ្មោះ ស្លៅ ព្រួញ អាយុ ២៧ ឆ្នាំមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ និងមានទីលំនៅភូមិចង្គុំក្រោម ឃុំទន្លូងដែរ។ រីឯភាគីខាងរថយន្តម៉ាកតូយូតាឡង់គ្រីស័រពណ៌ស បានគេចខ្លួននៅក្រោយកើតហេតុដែលបុកជាមួយម៉ូតូ។


សមត្ថកិច្ចបានឱ្យដឹងថា៖ នៅមុនជួបគ្រោះថ្នាក់ដ៏អាក្រក់នេះ ខាងម៉ូតូបានបើកបរពីទិសខាងលិចទៅទិសខាងកើតហើយ បានឡើងវ៉ាជែងរថយន្តធុនធំ មួយគ្រឿង ក្នុងស្ថានភាពផ្លូវកោង បណ្ដាលឲ្យជ្រុលមក រថយន្តម៉ាកតូយ៉ូតូឡង់គ្រីសសឺ (Toyota LangCruiser) ពណ៌ស បើកបរពីទិសខាងកើតទៅទិសខាងលិច ចំពីមុខ ចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យខាងម៉ូតូស្លាប់ទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយ៕