អន្តរជាតិ

លោក ស៊ី ជិនពិងថ្លែងនៅក្នុងសុន្ទរកថាឆ្នាំថ្មីថាសេដ្ឋកិច្ចចិនមានភាពធន់និងរឹងមាំជាងមុន

ប្រែសម្រួល៖  ស.សម្បត្តិ

ប៉េកាំង៖ បើទោះបីជាទិន្ន័យហិរញ្ញវត្ថុរបស់ចិននៅក្នុងឆ្នាំ២០២៣នៅតែបន្តធ្វើឲ្យខកចិត្តដោយសារតែការស្ទុះងើបឡើងវិញក្រោយកូវីដនៅមានការជាប់គាំងក៏ដោយ ក៏ប្រធានាធិបតីចិន លោក ស៊ី ជិនពិងនៅតែមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិនដោយលោកបានថ្លែងនៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីថ្ងៃអាទិត្យ ទី៣១ ធ្នូ ថាសេដ្ឋកិច្ចចិនបានរីកចម្រើន “មានភាពធន់ រឹងមាំជាងមុន និងប្រកបទៅដោយថាមវន្ត” នៅក្នុងឆ្នាំ ២០២៣កន្លងមក ។

នៅក្នុងសុន្ទរកថាឆ្នាំថ្មីលោកក៏បានសន្យាប្រកបទៅដោយសុទិដ្ឋិនិយមទៅកាន់ប្រជាជាតិចិនទូទាំងប្រទេសថាប្រទេសចិននឹង “ពិតជាត្រូវការនូវការបង្រួបបង្រួមជាតិឡើងវិញ” គឹមាន័យសំដៅទៅកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងដែលក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន ហើយបានសន្យាថានឹងចាប់យកមកគ្រប់គ្រងវិញ។

នៅក្រោយពេលដែលបានបោះបង់ចោលនូវគោលនយោបាយសូន្យ-COVIDកាលពីឆ្នាំមុន លោក ស៊ី ជិនពិងបានស៊ូទ្រាំនឹងបញ្ហាប្រឈមជាច្រើននៅក្នុងឆ្នាំ ២០២៣កន្លងមករួមទាំងរដ្ឋបាលរបស់លោកក៏បានតស៊ូយ៉ាងស្វិតស្វាញក្នងការគាំពារសេដ្ឋកិច្ចចិនឲ្យមានការស្ទុះងើបឡើងវិញក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ។

ផ្ទុយទៅវិញលោក ស៊ី ជិនពិង បានថ្លែងនៅលើប្រព័ន្ធទូរទស្សន៍រដ្ឋ CCTV ថា សេដ្ឋកិច្ចចិនស្ថិតនៅក្រោម “ព្យុះបក់បោក” ប៉ុន្តែដោយសារមានការតស៊ូយ៉ាងស្វិតស្វាញក្នងការគាំពារសេដ្ឋកិច្ចវាក៏បានប្រែក្លាយទៅជា “មានភាពធន់ និងស្វាហាប់ជាងមុន” លោកបានសម្តែងនូវការអបអរសាទរចំពោះការលើកកម្ពស់ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” និងឧស្សាហកម្មចិនដែលកំពុងរីកចម្រើនដូចជា រថយន្តអគ្គិសនី អាគុយលីចូម និងបន្ទះសូឡាជាដើម។

លោកបាននិយាយថានៅក្នុងឆ្នាំក្រោយ “យើងត្រូវតែធ្វើការបង្រួបបង្រួមជាតិនិងបង្កើននិន្នាការវិជ្ជមានដើម្បីគាំពារដល់ការងើបឡើងវិញនូវសេដ្ឋកិច្ចចិននិងសម្រេចឲ្យបាននូវស្ថិរភាពសេដ្ឋកិច្ចសម្រាប់រយៈពេលយូរអង្វែង” ។

ក៏ប៉ុន្តែលោកស៊ី ជិនពិងក៏បានទទួលស្គាល់នូវការលំបាកមួយចំនួនហើយបានគូសបញ្ជាក់ថា “ក្រុមហ៊ុនមួយចំនួនកំពុងប្រឈមមុខនឹងសម្ពាធផ្នែកប្រតិបត្តិការធ្វើឲ្យប្រជាជនកំពុងជួបប្រទះការលំបាកក្នុងការស្វែងរកងារដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន”។

លោក​បាន​បន្តមាន​ប្រសាសន៍​ថា “បញ្ហាទាំង​​នេះ​ធ្វើ​ឲ្យ​ខ្ញុំមានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង”។

លោក​បាន​បន្តថា “គោលដៅរបស់យើងគឺជួយធ្វើឲ្យប្រជាជនយើងមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើងជាងមុន  ទាំងនេះហើយគីជាមហិច្ឆតាដ៏សាមញ្ញបំផុតរបស់យើង។

នៅក្នុងទិន្ន័យកំណត់ត្រាស្តីអំពីភាពអត់ការងារធ្វើក្នុងស្រទាប់យុវជនចិន និងវិបត្តិបំណុលជាប់លាប់នៅក្នុងវិស័យអចលនទ្រព្យដ៏សំខាន់ៗបានរារាំងដល់កំណើនសេដ្ឋកិច្ចចិននៅក្នុងឆ្នាំនេះ។

បើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញពីការដាំក្បាលចុះនៃសកម្មភាពរោងចក្រនៅទូទាំងប្រទេសនៅក្នុងខែធ្នូ ដែលជាខែទី ៣ នៃការធ្លាក់ចុះជាបន្តបន្ទាប់គ្នា។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុងប៉េកាំងប្រឈមនឹងការតស៊ូយ៉ាងស្វិតស្វាញដើម្បីសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំដែលខ្លួនបានបញ្ជាក់ថាប្រហែល ៥ ភាគរយដែលជាការព្យាករកំណើនទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

  • “ការបង្រួបបង្រួមជាតិ”

នៅក្នុងប៉ុន្មានសប្តាហ៍មុនពេលកោះប្រជាធិបតេយ្យមួយនេះរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៣ ខែមករាលោក ស៊ី ជិនពិងបាននិយាយយ៉ាងខ្លីអំពីការបង្រួបបង្រួមជាតិដោយសំដៅទៅលើបញ្ហាកោះតៃវ៉ាន់។

ក្រុងប៉េកាំងបានបង្កើនយុទ្ធនាការដាក់សម្ពាធផ្នែកយោធាយ៉ាងខ្លាំងក្លាប្រឆាំងនឹងកោះតៃវ៉ាន់នៅក្នុងឆ្នាំនេះ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ដោយមានបេក្ខជនឯករាជ្យគឺលោក ឡាយ ជិងតេ កំពុងតែនាំមុខគេនៅក្នុងការស្ទង់មតិជាសាធារណ:កន្លងមក។

លោក ស៊ី ជិនពិង បានប្រកាសនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃអាទិត្យថា “មាតុភូមិយើងពិតជាត្រូវការនូវការបង្រួបបង្រួមជាតិឡើងវិញ” ។

លោកបានសង្កត់ធ្ងន់នៅក្នុងប្រសាសន៍របស់លោកថា “ជនរួមជាតិនៃច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានផ្សារភ្ជាប់នូវស្មារតីរួបរួមជាតិនេះគឺជាគោលបំណងរបស់យើងដើម្បីចែករំលែកភាពរុងរឿងនៃការស្តារសង្គមជាតិរបស់យើងឡើងវិញ” ។

លោក ស៊ី បានបន្តថា ប្រទេសចិននឹងមិនលើកលែងការប្រើកម្លាំងយោធានោះទេដើម្បីចាប់យកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

មន្ត្រីក្រុងតៃប៉ិបានលើកឡើងម្តងហើយម្តងទៀតអំពីការព្រួយបារម្ភចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតបង្កឡើងដោយក្រុងប៉េកាំងដែលត្រូវបានច្រានចោលដោយក្រសួងការបរទេសចិនថាជា “ការបំផ្លើស” របស់ក្រុងតៃក្រុងតៃប៉ិ។

  • សួស្តីឆ្នាំថ្មីលោកពូទីន

ប្រធានាធិបតីចិន លោក ស៊ី ជិនពិង បានផ្ញើសារដែលជាការស្វាគមន៍ឆ្នាំថ្មីទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទិន កាលពីថ្ងៃអាទិត្យ ដែលមានខ្លឹមសារសាទរចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងមូស្គូក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការអានជាផ្លូវការរបស់ក្រសួងការបរទេសចិន។

សម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏យូរលង់ទាំងពីរបានខិតកាន់តែជិតគ្នានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទុយគ្នានិងប្រទេសលោកខាងលិចដែលបានបែរខ្នងដាក់រុស្ស៊ីជុំវិញការលុកលុយប្រទេសជិតខាងដូចអ៊ុយក្រែន។iប្រធានាធិបតីចិន លោក ស៊ី ជិនពិង បាននិយាយថា “ទំនាក់ទំនងឈរលើគោលការណ៍ជាមូលដ្ឋានរបស់យើងកាន់តែរឹងមាំ” នេះបើយោងតាម ​​CCTV ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពិង បាននិយាយថា “ការប្រឈមមុខនឹងការផ្លាស់ប្តូរដែលយើងមើលមិនច្បាស់នៅក្នុងរយៈពេលមួយសតវត្សរ៍ និងស្ថានភាពច្របូកច្របល់នៅក្នុងតំបន់ និងចលនាអន្តរកម្មដ៏រង្គោះរង្គើបង្កឡើងដោយលោកខាងលិចបានប្រែក្លាយទំនាក់ទំនងរវាងចិននិងរុស្ស៊ីរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងស្ថិរភាព ហើយបាននិងកំពុងឈានទៅរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកទៅតាមលំដាប់លំដោយស្របតាមកាល:ទេស:នៅក្នុងទិសដៅរួមគ្នាមួយដ៏ត្រឹមត្រូវបំផុត” ។

សេចក្តីថ្លែងការណ៍របស់លោកស៊ី ជិនពិង ត្រូវបានភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីថា “ក្រោមការដឹកនាំរួមគ្នារបស់យើងមានការជឿទុកចិត្តគ្នាលើគោលនយោបាយរបស់ភាគីទាំងពីរកាន់តែស៊ីជម្រៅ ក្នុងការសម្របសម្រួលជាយុទ្ធសាស្ត្រធ្វើឲ្យយើងខិតកាន់តែជិតគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកដែលយើងបន្តសម្រេចបានជាលទ្ធផលនៅក្នុងពេលថ្មីៗនេះ” ៕

 ប្រភព៖ AFP/at