កម្សាន្ដ

ភ្ញៀវទេសចរប្រមាណជាង៣៤ម៉ឺននាក់បានទៅកម្សាន្តនៅខេត្តព្រះសីហនុនាថ្ងៃឆ្លងឆ្នាំសកល

ដោយ៖សហការី

ព្រះសីហនុ៖ លោកតាំងសុខចិត្តគ្រឹស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថាឆ្នាំនេះភ្ញៀវមានការកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់៣៤៩.៩៨៣នាក់គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៣។

លោកបានបញ្ជាក់បន្ថែមថា នៅតាមបណ្ដារមណីយដ្ឋានតំបន់ឆ្នេរក្នុងក្រុងនៅខេត្តព្រះសីហនុភ្ញៀវទេសចរមកពីបណ្ដាខេត្តមានចំនួនច្រើនកុះករជាពិសេសនៅតាមតំបន់ឆ្នេរ ដើម្បីចូលរួមអបអរសាទរក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ ២០២៣ ឈានចូលឆ្នាំ ២០២៤ ។

ជាមួយនឹងភ្ញៀវមកលេងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរបានរៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកលនេះដោយកម្លាំងឈរជើងនៅតាមបណ្ដាគោលដៅនានារួមមាន តំបន់ឆ្នេររមណីយដ្ឋានតាមទីប្រជុំជន តាមដងផ្លូវសាធារណៈជាដើម។ខណៈអាជ្ញាធរក្រុងបានរៀបចំអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរនិងគោលដៅទេសចរណ៍ដើម្បីរក្សាសោភ័ណភាពនិងបរិស្ថានស្អាតសម្រាប់ទទួលភ្ញៀវទេសចរផងដែរ៕