អន្តរជាតិ

ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនមនុស្សបីនាក់ពាក់ព័ន្ធនឹងផែនការវាយប្រហារព្រះវិហារ Cologne អាយុ៨០០ឆ្នាំ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអាទិត្យ ទី៣១ ធ្នូ នៅមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល អាជ្ញាធរបាននិយាយថាប៉ូលិសបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនិងផែនការវាយប្រហារលើព្រះវិហារ Cologne ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ។

លោក Frank Wissbaum នាយកប៉ូលិសក្រុង Cologne បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកវាយប្រហារបានគ្រោងនឹងប្រើប្រាស់រថយន្តដើម្បីសម្រុកចូលក្នុងបរិវេណព្រះវិហារ Cologne និងធ្វើការវាយប្រហារលើអគារ Gothic ដែលមានអាយុ ៨០០ ឆ្នាំមកហើយនៅមាត់ទន្លេ Rhine ។

គាត់បានប្រាប់អ្នកយកព័ត៌មានថា យុទ្ធនាការវាយប្រហារលើព្រះវិហារ Cologne ត្រូវបានភេរវករគ្រោងទុកដោយមិនច្បាស់លាស់ ប៉ុន្តែនៅចំណតរថយន្តក្រោមដីមួយខាងក្រោមព្រះវិហារត្រូវបានឆែកឆេរដោយប្រើឆ្កែប្រមាញ់ហិតក្លិន sniffer ស្វែងរកគ្រឿងផ្ទុះអស់ពេលពេញមួយយប់។

លោក​បាន​បន្ត​ថា​៖ “ឥឡូវ​នេះ​មានជនសង្ស័យ​បី​នាក់​ត្រូវ​បានចាប់​ឃុំ​ខ្លួន​​យើង​មានការធូរស្បើយ​ក្នុងចិត្តខ្លាំង​ណាស់​ព្រោះ​ពួកភេរវករមិន​អាច​ទាក់ទង​គ្នា​បានទៀតនោះទេ​​’​។

លោក Wissbaum បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញភ័ស្តុតាងកាលពីល្ងាចថ្ងៃសៅរ៍ ដែលចង្អុលបង្ហាញថាអ្នកទាំងបីមានជាប់ពាក់ព័ន្ធនឹងបុរសជនជាតិ Tajik អាយុ ៣០ ឆ្នាំ ម្នាក់ដែលត្រូវបានចាប់ឃុំខ្លួនតាំងពីថ្ងៃទី ២៤ ខែធ្នូពីបទសង្ស័យថាមានទំនាក់ទំនងជាមួយនឹងចលនាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។

អាជ្ញាធរសហព័ន្ធកំពុងបន្តនីតិវិធីស៊ើបអង្កេតរបស់ពួកគេដើម្បីស្រាវជ្រាវរក “ខ្សែរយ:ដែលជាបណ្តាញ” មកពីអាស៊ីកណ្តាល ដែលមានទំនាក់ទំនងជាមួយរដ្ឋអាល្លឺម៉ង់មួយចំនួន និងខ្សែរយ:ដែលជាបណ្តាញនៅក្នុងបណ្តាប្រទេសអឺរ៉ុប។

នៅមិនទាន់​មាន​ព័ត៌មាន​លម្អិត​ពី​អត្តសញ្ញាណ ឬ​សាវតារ​របស់ជន​សង្ស័យដែល​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​នៅឡើយទេ។

កងកម្លាំងប៉ូលិសបាននិយាយថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅក្នុងទីក្រុងភាគខាងលិចនៃទីក្រុង Duisburg, Herne និង Noervenich ហើយបានរឹបអូសឧបករណ៍ទាក់ទងគ្នានៅក្នុងអំឡុងពេលចូលឆែកឆេរក្នុងផ្ទះល្វែងរបស់ពួកគេ។

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងតំបន់ជុំវិញបរិវេណព្រះវិហារនៅមុនពេលប្រារពពិធីចូលឆ្នាំសកល។ ក្រុមមន្ត្រីប៉ូលិស​បាន​ណែនាំដល់សាធារណជន​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ប្រសិន​បើ​ពួកគេ​ឃើញវត្តមាន​កងកម្លាំង​ប៉ូលិស​បំពាក់ដោយ​កាំភ្លើង​យន្ត និងប្រើប្រាស់រថ​ពាសដែកហ៊ុមព័ទ្ធជុំវិញតំបន់ទាំងនោះ​។

កងកម្លាំងប៉ូលិសប្រដាប់ដោយអាវុធគ្រប់ដៃរាប់ពាន់នាក់កំពុងល្បាតនៅជុំវិញទីក្រុងប៊ែរឡាំង ជាកន្លែងដែលមានការប្រារព្ធពិធីកាលពីឆ្នាំមុនដែលមានការប៉ះទង្គិចគ្នាដោយហិង្សា។

កងកម្លាំងប៉ូលិសនៅក្នុងរដ្ឋធានីក៏កំពុងប្រុងប្រយ័ត្នខ្ពស់ផងដែរ បន្ទាប់ពីមានបាតុកម្មដែលបង្ហាញពីទឹកចិត្តសាមគ្គីភាពគាំទ្រប៉ាឡេស្ទីនដែលត្រូវបានគេគ្រោងធ្វើនៅពាក់កណ្តាលអធ្រាត្របន្ទាប់មកត្រូវបានហាមឃាត់ទាន់ពេល៕

ប្រភព៖ Reuters/fs