សន្ដិសុខសង្គម

បើករថយន្តបុកមនុស្សស្លាប់ហើយបើករត់ទាំងបែកកង់ម្ខាងទាល់តែទៅមុខលែងរួច

ដោយ៖សុខុម
ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកCamry hybrid បើកលឿនជ្រុលបុកបណ្តាលឲ្យបុរសម្នាក់បានស្លាប់នៅលើដងផ្លូវនិងម្នាក់ទៀតរងរបួសធ្ងន់។
ភ្លាមនោះរថយន្តបង្កមិនបានឈប់ទេបែរជាបន្តល្បឿនបើករត់ទាំងដាច់កង់មួយចំហៀងខាងឆ្វេង រហូតដល់ផ្លូវឧកញ៉ាម៉ុងរិទ្ធីទើបទុករថយន្តចោលម្ចាស់ដោះផ្លាកលេខរត់គេចខ្លួនបាត់។


ហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើងកាលពីយប់ថ្ងៃទី ៣១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា មុនកើតហេតុជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HD-1756 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម។

ពេលជិះមកដល់ចំណុចកើតហេតុមានការដ្ឋាន កំពុងតែបិតបារ៉ាស់ជួសជុលផ្លូវរៀងចង្អៀតបន្ទិច ស្រាប់តែមានរថយន្តបង្កម៉ាក Camry hybrid ពណ៌សធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹងជនរងគ្រោះ ខ្ទាតពេញផ្លូវ។ពលរដ្ឋជិតខាងរត់ទៅជួយលើកតែបុរសម្នាក់ ដែលត្រូវរថយន្តបុកបានស្លាប់ភ្លាមៗ ។ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះជីវិត។


សមត្ថកិច្ចបានបញ្ជាក់ថាសព ឈ្មោះ ឆាន ឆុន អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិជ្រោយមន្រ្ដីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កបុកម៉ូតូស្លាប់និងរបួសដើម្បីមកដោះស្រាយតាមផ្លូវច្បាប់៕