សន្ដិសុខសង្គម

បីនាក់ជិះម៉ូតូបោះពួយយ៉ាងលឿនបុកម៉ូតូស្រ្តីម្នាក់កំពុងដឹកកូនឆ្លងផ្លូវបណ្ដាលឱ្យដួលបោកក្បាលស្លាប់

ដោយ៖សុខុម
ភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបុកគ្នានៅលើផ្លូវបំបែកជាបួនដួលរដូករណែលក្នុងនោះស្រ្តីម្នាក់បានស្លាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវម៉ៅសេទុងកែងផ្លូវ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាស្រ្តីម្នាក់ ជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ 1BN-7087ដឹកកូនស្រីម្នាក់ ជិះតាមបណ្តោយផ្លូវ១៣៨ ទិសដៅពីជើងមកត្បូងបានឆ្លងផ្លូវបំបែកជាបួន។ ពេលជិះឆ្លងមកដល់ពាក់កណ្តាលផ្លូវ មានម៉ូតូម៉ាក YAMAHA MXkingមួយគ្រឿងពាក់ផ្លាកលេខ សៀមរាប1AP-3628 ជិះឌុបគ្នា៣នាក់ក្នុងនោះមាននារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតមកលិចបោះពួយយ៉ាងលឿនជិះមកដល់ចំណុចផ្លូវបំបែកជាបួនមិនមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូធូដេស្រ្តីម្នាក់កំពុងដឹកកូនតូចពេញទំហឹង ដួលទាំងសងខាង។ភ្លាមនោះស្រ្តីដែលជិះម៉ូតូធូដេបោកក្បាលនឹងថ្នល់ស្លាប់។

កូនស្រីរបស់គាត់រងរបួសធ្ងន់។រីឯ ភាគីម៉ូតូម៉ាកYAMAHAក៏ ដែលជិះឌុបគ្នាលឿនមកបុកម៉ូតូពីរនាក់ម្ដាយកូននោះក៏បានរងរបួសធ្ងន់ទាំងបីនាក់ផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់បានបញ្ជាក់ថាសពស្រ្តីជិះម៉ូតូដឹកកូនស្រីឈ្មោះ ថាត់ ទ្រី ហុងញ៉ា អាយុ៤៨ឆ្នាំ មុខរបរលក់នុំបញ្ចុក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែរផ្សារញ៉ែ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក៕