កម្សាន្ដ

ថ្ងៃបុណ្យឆ្លងឆ្នាំសកលខេត្តកំពតទទួលភ្ញៀវបានជិត៤០ម៉ឺនាក់ខណ:ខេត្តកែបមានជិត១០ម៉ឺននាក់

ដោយ៖ កំចាយ

កំពត-កែប÷ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤ ខេត្តកំពតទទួលភ្ញៀវបានជិត៤០ម៉ឺននាក់ ខណ:ដែលខេត្តកែបជាប់ព្រំប្រទល់គ្នាមានភ្ញៀវមកលម្ហែកម្សាន្តជិត១០ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ពោលគឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តកំពតបានទទួលភ្ញៀវមកកម្សាន្តចំនួន៣៨៦.៤៨៨នាក់។

ក្នុងនោះ ទេសចរដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍នានាមាន៥៦.៤៨៨នាក់ និងភ្ញៀវចូលរួមក្នុងកម្មវិធីរាប់ថយក្រោយមាន៣៣០.០០០នាក់។

ដូចគ្នានេះដែរ លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា នាថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ខេត្តកែបបានទទួលភ្ញៀវមកកម្សាន្តសរុប៩៩.៨៥៦នាក់។ ក្នុងនោះទេសចរជាតិចំនួន៩៨.៥១៨នាក់ និងភ្ញៀវបរទេសមាន១.៣៣៨នាក់។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ភ្ញៀវទាំងនោះបានមកជាមួយរថយន្តតូចចំនួន៨.៧៥៥គ្រឿង ធុនមធ្យម៣.៦៨៧គ្រឿង និងរថយន្តធុនធំ៣៧គ្រឿង៕