សន្ដិសុខសង្គម

ជួបជុំបងប្អូនផឹកសុីអបអរថ្ងៃឆ្លងឆ្នាំសកលជិះម៉ូតូទៅបន្ទប់ជួលវិញត្រូវរថយន្តបុកស្លាប់តាមផ្លូវ

ដោយ:សុខុម
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់តាមផ្លូវបន្ទាប់ពីផឹកសុីនៅផ្ទះបងប្អូន ហើយជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញត្រូវរថយន្តបុកពេញទំហឹង។ចំណែកស្ត្រីអ្នកបើកបររថយន្តក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។


ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅយប់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ ចំណុចក្បែរផ្សារព្រៃទាលើផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1ID-2627 ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងពីជើងមកត្បូងក្នុងល្បឿនលឿន។

នៅពេលជិះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអូឌី ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AQ-0006 បើកដោយនារីម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿនបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ។
សមត្ថកិច្ចចុះទៅកន្លែងកើតហេតុបានបញ្ជាក់ថាសពបុរសជិះម៉ូតូឈ្មោះ មួង មាន អាយុ៣៨ឆ្នាំមុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ៕