សេដ្ឋកិច្ច

ឆ្នាំ២០២៤មន្ទីរសាធារណការស្ទឹងត្រែងនឹងក្រាលកៅស៊ូលើកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៩ទៅផ្លូវលេខ៩២ជាប់ទៅព្រំដែនឡាវ

ដោយ៖សុខុម

ស្ទឹងត្រែង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឱ្យដឹងថាឆ្នាំ២០២៤នេះទទួលបានគម្រោងស្ថាបនាផ្លូវចាក់កៅស៊ូមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៩ ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ភ្ជាប់ផ្លូវលេខ៩២ឆ្ពោះទៅកាន់តំបន់សក្តានុពលទេសចរអន្លង់ឈើទាលឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងនិងរមណីយដ្ឋានទឹកជ្រោះសុភមិត្រស្រុកឆែបខេត្តព្រះវិហារ។

លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការ ខេត្តស្ទឹងត្រែងចុះពិនិត្យស្ថានភាពផ្លូវ

សូមបញ្ជាក់ថា ចំពោះកំណាត់ផ្លូវលេខ៩២មួយខ្សែនេះគឺមានសារៈសំខាន់ខ្លាំងណាស់។វាបានតភ្ជាប់ទៅកាន់ឃុំមួយចំនួនក្នុងស្រុករវាងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។

គេនៅចាំបានថា ក្រោយជម្លោះព្រំដែនកម្ពុជាថៃបានបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០១៣ ក្រុមការងារកងវិស្វកម្មមានលោកខេងសុម៉េតបានស្ថាបនាផ្លូវយុទ្ធសាស្ត្រតភ្ជាប់តាមតំបន់ព្រំដែនពីសមរភូមិប្រយុទ្ធមុំបីស្រុកជាំក្សាន្តខេត្តព្រះវិហារមកកាន់ខេត្តស្ទឹងត្រែង។

ក្រោយផ្លូវក្រាលក្រួសក្រហមបានស្ថាបនារួចរាល់ វាបានបម្រើផលប្រយោជន៍យ៉ាងច្រើនជាពិសេសប្រជាពលរដ្ឋក្នុងតំបន់,ការធ្វើដំណើររបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយនិងការដឹកជញ្ជូនកសិផលផ្សេងៗ។

ក្រោយជម្លោះសង្គ្រាមព្រំដែនកម្ពុជាថៃបានបញ្ចប់បន្សល់ទុកនូវសមិទ្ធផលផ្លូវតភ្ជាប់ជាច្រើនខ្សែក្នុងនោះផ្លូវយុទ្ធសាស្ត្រពីតំបន់មុំបីខេត្តព្រះវិហារមកកាន់ខេត្តស្ទឹងត្រែងនេះតែម្ដង។ផ្លូវមួយខ្សែនេះនិងមើលការថែទាំពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទាំងពីររហូតមកដល់បច្ចុប្បន្ន។

លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបាននិយាយឲ្យដឹងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ថាផែនការអភិវឌ្ឍផ្លូវ៣ឆ្នាំរំកិលកំពុងចាប់ផ្ដើមបញ្ចេញកញ្ចប់ថវិកាជាតិធ្វើផ្លូវចាក់កៅស៊ូពីលើផ្លូវក្រួសក្រហមទៅកាន់តំបន់ព្រំដែន។លក្ខណពិសេសនោះគ្រោងនឹងតភ្ជាប់ផ្លូវកៅស៊ូទៅដល់តំបន់ទេសចរណ៍ឃុំព្រះរំកិលនិងទឹកជ្រោះសុភមិត្រ។

ប្រធានមន្ទីរសាធារណការខេត្តស្ទឹងត្រែងបានបញ្ជាក់ថាឆ្នាំ២០២៤យើងមានកញ្ចប់ថវិកាចាក់កៅស៊ូចាប់ពីចំណុចឃុំសំអាងស្រុកថាឡាបរិវ៉ាត់ឆ្ពោះទៅកាន់ឃុំព្រះរំកិលចម្ងាយ៣គីឡូកន្លះក្នុង១ឆ្នាំ។ក្រាលក្រួសក្រហម១ម៉ែត្របន្ថែមសងខាងពង្រីកផ្លូវបាន ៩ ម៉ែត្រ។ផែនការ៣ឆ្នាំរំកិលនេះផងដែរគ្រោងនឹងស្ថាបនាឱ្យបានចម្ងាយ១៧គីឡូម៉ែត្រ។

លោកសរ គឹមណាត រំពឹងថាផ្លូវមួយខ្សែដែលបានប្រែក្លាយពីក្រួសក្រហមទៅជាផ្លូវកៅស៊ូតាមរូបមន្តDBSTបានជួយសម្រួលដល់គ្រប់វិស័យ។

ក្រៅពីនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងក៏កំពុងខិតខំជួសជុលផ្លូវកៅស៊ូគឺផ្លូវជាតិលេខ៩ ដែលទទួលរងការខូចខាតឡើងវិញមានចម្ងាយជាច្រើនគីឡូម៉ែត្រផងដែរ៕