សន្ដិសុខសង្គម

ខឹងថៅកែស្តីបន្ទោសទាញប័ុងតោកាប់អ្នករាយការណ៍ស្លាប់នៅនឹងកន្លែង

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសអាយុ ២៨ ឆ្នាំម្នាក់បានយកកាំបិតប័ងតោ កាប់ទៅលើក្បាលបុរសអាយុ ៣១ ឆ្នាំម្នាក់ទៀតបណ្តាលឱ្យរងរបួសធ្ងន់ ហើយបានដេកដួលស្លាប់នៅនឹងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិដក់ពរ ឃុំទ្រៀក ស្រុកមេមត់ នៅម៉ោងជាង ៩ យប់ថ្ងៃទី ៣១ ធ្នូម្សិលមិញ។ ប៉ុន្តែករណីឃាតកម្មដ៏ឃោរឃៅនេះ ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតក បាននៅក្រោយកើតហេតុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។


ប្រភពព័ត៌មានពីស្រុកមេមត់ឱ្យដឹងថា៖ បុរសជាជនរងគ្រោះឈ្មោះ សំ សួស្តី មានទីលំនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម និងស្នាក់នៅបណ្តោះអាសន្នភូមិឃុំ កើតហេតុ។ ដោយស្ថានភាពរបួសលើមុខថ្ពាល់ខាងឆ្វេង និងមួយកន្លែងទៀតចំពីក្រោយផ្នែកក្បាលមានលក្ខណៈធ្ងន់ធ្ងរពេក បណ្តាលឱ្យជនរងគ្រោះម្នាក់នេះស្លាប់ភ្លាមៗ។ ចំណែកឯបុរសជាជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ វ៉ន សារ៉ាត មានទីលំនៅភូមិព្រៃឈើទាល ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើដែរ។


ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ ការដែលជនសង្ស័យឈ្មោះ វ៉ន សារ៉ាត មានកំហឹងនឹងជនរងគ្រោះឈានដល់ការយកកាំបិតកាប់ស្លាប់ងាយៗ បែបនេះ គឺផ្តើមចេញនៅមុនកើតហេតុឈ្មោះ សំ សួស្តី និងជាអ្នកស្លាប់បានបានរាយការណ៍ប្រាប់ថៅកែរឿងអស់ទឹកប្រើប្រាស់ នៅនឹងឃ្លាំង ទិញកសិផល ហើយថៅកែបានហៅឈ្មោះ សារ៉ាត ទៅស្តីបន្ទោស រួចជនសង្ស័យម្នាក់នេះក៏ធ្វើសកម្មភាពយកកាំបិតប័ងតោកាប់លើឈ្មោះ សួស្តី ស្លាប់នៅកន្លែងបែបនេះ។
ប្រភពបានបន្តថា៖ នៅបន្ទាប់ពីកើតហេតុឃាតកម្មខាងលើ មន្រ្តីនគរបាលបានចុះបង្រ្កាប និងបានឃាត់ខ្លួនជនដៃដល់ វ៉ន សារ៉ាត តាមបញ្ជាស្នងការនគរបាលខេត្ត និងបានការអនុញ្ញាតពីលោក ថា សាម្មឌី ព្រះរាជអាជ្ញរងអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕