អន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកសន្ធាប់លើក្រុងKharkov

ប្រែសម្រួល៖ សហការី

នៅថ្ងៃអាទិត្យ ទី៣១ ធ្នូ អភិបាលតំបន់ Oleh Syniehubov បាននិយាយថាបន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់ក្រុង Kyiv ថាបានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវមួយឆ្លងព្រំដែននៅជិតទីក្រុង Belgorod។ នៅក្នុងពេលប៉ុន្មានម៉ោងក្រោយមករុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលចំនួន ៦ គ្រាប់មកលើតំបន់ Kharkiv ។ នេះជាលើកកដំបូងហើយដែលរុស្ស៊ីបើកការវាយប្រហារសាជាថ្មីមកលើក្រុង Kharkiv បណ្តាលឲ្យមនុស្សយ៉ាងតិច ២៨ នាក់រងរបួស និងបានវាយប្រហារទៅលើអគារលំនៅឋាន សណ្ឋាគារ និងកន្លែងមន្ទីរពេទ្យថែមទៀតផង។ មន្ត្រីអ៊ុយក្រែនបានថ្លែងឲ្យដឹងយ៉ាងដូច្នេះ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា ក្មេងប្រុសពីរនាក់ម្នាក់អាយុ ១៤ ឆ្នាំ និងម្នាក់ទៀតអាយុ ១៦ ឆ្នាំ និងរួមជាមួយនឹងទីប្រឹក្សាសន្តិសុខសម្រាប់ក្រុមអ្នកកាសែតអាល្លឺម៉ង់ ក៏ស្ថិតនៅក្នុងចំណោមអ្នករបួសដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។

អភិបាលក្រុង Kharkov បាននិយាយថានៅជិតពាក់កណ្តាលអធ្រាត្រមានការទម្លាក់គ្រាប់បែកលើគោលដៅទីក្រុង Kharkiv ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីធ្វើការវាយប្រហារមកលើអគារលំនៅឋាននៅចំកណ្តាលទីក្រុង Kharkiv បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលទីក្រុង ។

“នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំរុស្ស៊ីបានប៉ុនប៉ងបំភិតបំភ័យប្រជានជនដែលរស់នៅក្នុងទីក្រុងក៏ប៉ុន្តែប្រជាជនយើងមិនភ័យខ្លាចនោះទេ។ រុស្សីមិនអាចវាយបំបែកទីក្រុង Kharkiv ពីរបាំងការពាររបស់យើងបានទេ!” លោកអភិបាលក្រុង Ihor Terekhov បាននិយាយយាងដូច្នេះ។

រូបភាពបង្ហាញពីការវាយប្រហារដោយមីស៊ីលមកលើក្រុង Kharkiv បានបង្ហាញពីអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងសណ្ឋាគារដែលមានបង្អួចជាច្រើនត្រូវបានបំផ្លាញ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២១ គ្រឿងក្នុងចំនោមយន្តហោះគ្មានមនុស្សបើកចំនួន ៤៩ គ្រឿងដែលបានធ្វើការវាយប្រហារពេញមួយយប់។ គាត់បានបញ្ជាក់ថា ការវាយប្រហារភាគច្រើនគឺសំដៅទៅលើគោលដៅនៅជួរមុខ និងផ្នែកខ្លះនៃតំបន់ Kharkiv, Kherson, Mykolaiv និង Zaporizhzhia ។

លោក Syniehubov បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅលើភូមិមួយក្នុងតំបន់ Kharkiv ក្បែរសមរភូមិជួរមុខដែលជាការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតបណ្តាលឲ្យមានមនុស្សបីនាក់ត្រូវបានសម្លាប់។

ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារតាមអាកាសដោយ “មិនរើសមុខ” ទៅលើទីក្រុង Belgorod ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង Kharkiv ប៉ែកខាងជើងព្រំដែនអ៊ុយក្រែនបណ្តាលឲ្យសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់បន្ទាប់មកក៏មានការវាយប្រហាសងសឹកដោយកងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលមកលើទីក្រុង Kharkiv ភ្លាមៗតែម្តង។

សារព័ត៌មានរុស្ស៊ី Kommersant បានដកស្រង់ប្រភពជិតស្និទ្ធនឹងគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីថា អ៊ុយក្រែនបានបើកការវាយប្រហាររបស់ខ្លួនមកលើទីក្រុង Belgorod ដោយបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចេញពីតំបន់ Kharkiv ។

ភាគីទាំងពីរបានបង្កើនការវាយប្រហារទៅវិញទៅមកនៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០២៣ ដែលកម្លាំងរុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣១ នាក់នៅក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនក្នុងសង្រ្គាមអស់រយៈពេល ២២ ខែនៅលើទឹកដីអ៊ុយក្រែនកាលពីថ្ងៃសុក្រ។

ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេសួរថាតើគាត់បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែឬទេបន្ទាប់ពីមានការវាយប្រហារលើកចុងក្រោយរបស់រុស្ស៊ីគាត់ឆ្លើយថា “ខ្ញុំបាននិយាយជាមួយគាត់ជាទៀងទាត់” ៕

ប្រភព៖  Reuters/at