សន្ដិសុខសង្គម

ថៃអះអាងថារកឃើញម៉ូតូ២៣គ្រឿងដែលបម្រុងរត់ពន្ធឆ្លងដែនចូលកម្ពុជា

ដោយ ៖ បន្ទាយ /  ព្រំដែនកម្ពុជា ថៃ

ម៉ូតូស៊េរីថ្មីចំនួន២៣ គ្រឿង ត្រូវបានកម្លាំងកងទ័ពការពារព្រំដែនថៃប្រទះឃើញនៅក្នុងចម្ការដូងប្រេងក្បែរព្រំដែនកម្ពុជា ដែលម៉ូតូទាំងនេះគឺឈ្មួញត្រៀមសម្រាប់នាំរត់ពន្ធឆ្លងដែនមកកម្ពុជានាថ្ងៃឆ្លងឆ្នាំសកល២០២៣-២០២៤ នេះ ។

កម្លាំងទ័ពថៃ ត្រូវស្រង់សម្តីដោយសារព័ត៌មានថៃនិងកងកម្លាំងកម្ពុជាដូចដែលនិយាយថា : ដោយអនុវត្តតាមបទបញ្ជារបស់លោក ប៉រិរិញ៉ា ពោធិសាត អភិបាលខេត្តស្រះកែវរួចមក លោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកងរយលេខ ១២០៦ ឱ្យធ្វើការល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជាដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។

លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាថៃបានប្រទះឃើញម៉ូតូចំនួន៩ គ្រឿង ដោយគ្រប់តង់ពណ៌ខៀវ ដែលគេលាក់ទុកនៅក្នុងចម្ការដូងប្រេង១កន្លែងស្ថិតនៅចំណុចភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងស្រុកសំពៅលូនខេត្តបាត់ដំបង ។

កម្លាំងបានបន្តរុករកក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន១៤ គ្រឿងថែមទៀតក្រោមគម្របធាងដូង ។

សរុបចំនួន២៣ គ្រឿងដែលរួមមានម៉ូតូម៉ាកហុងដាScoopy ចំនួន ១៦ គ្រឿង ,ម៉ូតូស៊ុយស៊ុយគីហ្វីរ៉ាណូចំនួន ៣ គ្រឿង ,ម៉ូតូtcx ចំនួន ២ គ្រឿង ,ម៉ូតូyamaha ចំនួន ១ គ្រឿង និងម៉ូតូapb ចំនួន១ គ្រឿង ។ម៉ូតូទាំងអស់មានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះ។

សមត្ថកិច្ចថៃ មកទល់ថ្ងៃទី៣១ខែធ្នូបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យសមត្ថកិច្ចផ្នែកគយប្រចាំក្លងណាំសៃខេត្តដដែលដើម្បីអនុវត្តតាមនីតិវិធីហើយ ៕