អន្តរជាតិ

ឥណ្ឌូណេស៊ីនឹងកំណត់តម្លៃពន្ធបន្ថែម១០%បន្ថែមទៀតលើបារីអេឡិចត្រូនិច

ប្រែសម្រួល៖ សហការី

ហ្សាការតា៖នៅថ្ងៃសៅរ៍ ទី៣០ ធ្នូ នេះ  ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ីបានឲ្យដឹងថាប្រទេសឥណ្ឌូណេស៊ីនឹងកំណត់តម្លៃពន្ធសាជាថ្មីលើបារីអេឡិចត្រូនិកដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤នេះតទៅដែលជាពន្ធបន្ថែមលើពន្ធបារីអេឡិចត្រូនិកដើម្បីជួយកាត់បន្ថយការជក់បារីនៅក្នុងប្រទេស។

ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកំណត់ពន្ធ១០ ភាគរយបន្ថែមលើចំនួនពន្ធអាករសម្រាប់បារីអេឡិចត្រូនិច។

ក្រសួងហិរញ្ញវត្ថុបាននិយាយថា “ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងរយៈពេលយូរបានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស” វិធានការបន្ថែមពន្ធលើតម្លៃពន្ធលើបារីអេឡិចត្រូនិចគឺជាការចាំបាច់ដើម្បីកម្រិតការប្រកួតប្រជែងបារីផលិតក្នុងស្រុកធម្មតាៗ។

ការកំណត់បន្ថែមពន្ធថ្មីនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលមានអត្រាជក់បារីកើនឡើងកាន់តែខ្ពស់នៅលើពិភពលោកគិតចាប់ពីឆ្នាំ ២០១៨ មកបានបង្កើនពន្ធដល់ទៅ ៥៧ ភាគរយសម្រាប់បារីអេឡិចត្រូនិច។

ក្រុមអ្នកផលិត និងអតិថិជនដែលជក់បារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះខាតក្នុងការការពិភាក្សា និងការកំណត់ពេលវេលានៃការអនុវត្តពន្ធប្រភេទនេះ ដោយគួរតែពិចារណាថា ពន្ធគយសម្រាប់ផលិតផលនឹងកើនឡើងកាន់តែច្រើនសម្រាប់ឆ្នាំក្រោយ។

​ក្រុមអ្នកផលិត និងអតិថិជនបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​អាច​នឹង​ពិចារណាលើការដា​ក់ពាក្យបណ្តឹងទៅ​កាន់តុលាការ​ដើម្បី​ជំទាស់​នឹង​ការ​យក​ពន្ធបន្ថែម ប្រសិនបើ​រដ្ឋាភិបាលនៅតែ​បន្ត​អនុវត្ត​ដូច្នេះមែននោះ៕

ប្រភព៖ Reuters/sn