អន្តរជាតិ

សហរដ្ឋអាមេរិកបានអនុម័តការលក់គ្រាប់រំសេវទៅដល់អ៊ីស្រាអែល

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ ទី២៩ ធ្នូ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានប្រកាសលក់អាវុធដល់​អ៊ីស្រាអែលស្មើនឹងទឹកប្រាក់ចំនួន ១៤៧,៥ លានដុល្លារអាមេរិកអាវុធទាំងនោះមានដូចជាកាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រ និងឧបករណ៍យោធាដទៃទៀតក្រោមគោលនយោបាយគាំពារក្នុងគ្រាអាសន្ន ដែលមិនឆ្លងកាត់ការអនុម័តរបស់សភាអាមេរិកនោះទេ។

ការលក់អាវុធឲ្យដល់​អ៊ីស្រាអែលស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងកាលពីដើមខែម្តងរួចមកហើយក្នុងការលក់គ្រាប់កាំភ្លើងធំទំហំ១២០មិលីម៉ែត្របំពាក់លើរថក្រោះជាង ១៤,០០០ គ្រាប់សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធតទល់ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ក្នុងជម្លោះបង្ហូរឈាមដែលមានការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុត ដែលបានចាប់ផ្តើមក្រោយការវាយប្រហារដ៏រន្ធត់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងខែតុលាក្នុងទឹកដី​អ៊ីស្រាអែល។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានស្នើសុំអាមេរិកឲ្យជួយផ្តល់នូវហ្វុយហ្ស៊ីបរបស់កាំភ្លើងធំ ១៥៥mm, primers ជំនាន់ទីមួយដែលជាបន្ទុកមួយបន្ថែមទៀតក្នុងករណីលក់អាវុធទៅឲ្យយោធាបរទេស។ អាមេរិកបានបង្កើនការចំណាយបើតាមការប៉ាន់ស្មានចាប់ពី ៩៦.៥១ លានដុល្លាររហូតដល់ ១៤៧.៥ លានដុល្លារ ចំណែកការស្នើសុំជំនួយបន្ថែមជាថ្មីម្តងទៀតនេះរដ្ឋបាលអាមេរិកនិងជូនដំណឹងលើសេចក្តីសម្រេចនៅពេលក្រោយ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋលេខាធិការដ្ឋានក្រសួងការពារជាតិអាមេរិកបានកំណត់ថា “យោងតាមគោលនយោបាយគាំពារក្នុងគ្រាអាសន្នតម្រូវឲ្យលក់អាវុធជាបន្ទាន់ទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែលក្នុងករណីចាំបាច់នៃគ្រាអាសន្ន” ដោយហេតុនេះហើយមិនចាំបាច់ឆ្លងសភាដើម្បីស្នើសុំការអនុម័តទៀតនោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា “អ៊ីស្រាអែលអាចប្រើប្រាស់អាវុធរបស់អាមេរិកដើម្បីពង្រឹងសមត្ថភាពប្រឆាំងនិងការគំរាមកំហែងនៅក្នុងតំបន់ និងដើម្បីពង្រឹងកិច្ចការការពារមាតុភូមិរបស់ខ្លួនផងដែរ” ដោយបានបន្ថែមថា “អាមេរិកមានតួនាទីគាំទ្រប្រទេសជាសម្ព័ន្ធមិត្តទាំងអស់ក្នុងការផ្តល់អាវុធយុទ្ធភ័ណ្ឌសម្រាប់ប្រើប្រាស់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ” ។

នៅក្នុងកាផ្តល់ជំនួយយោធានៅជុំចុងក្រោយនៃជម្លោះរបស់អ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើការវាយប្រហារឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលាកន្លងមក ដែលបានសម្លាប់មនុស្សអស់ប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល បើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខដែលបានផ្តល់ឲ្យដោយកងទ័ពអ៊ីស្រាអែល។

នៅក្រោយពេលដែលរងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលភ្លាមៗ ដើម្បីជួយដល់ទាហានអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារមិនឈប់ឈរជាការសងសឹកទៅនឹងក្រុមប្រដាប់អាវុធជ្រុលនិយមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១,៥០៧ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ការសម្លាប់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ហ្គាហ្សាដោយសារតែយុទ្ធនាការយោធារបស់អ៊ីស្រាអែលបានបង្កឲ្យមានការរិះគន់លើឆាកអន្តរជាតិកាន់តែខ្លាំងឡើង ហើយរូបភាពដ៏សាហាវឃោរឃៅទាំងនេះបណ្តាលឲ្យអន្តរជាតិបង្កើនការដាក់សម្ពាធមកលើសហរដ្ឋអាមេរិកដោយចោទប្រកាន់ថាអាមេរិកបានបន្តគាំទ្រអ៊ីស្រាអែលក្នុងការបន្តសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាជាហេតុបន្តឲ្យមានការសម្លាប់ជនស៊ីវិល និងបំផ្លិចបំផ្លាញលំនៅឋានរបស់ជនស៊ីវិលស្លូត្រង់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាយ៉ាងងធ្ងន់ធ្ងរបំផុត៕

ប្រភព៖ AFP/sn