អន្តរជាតិ

មេដឹកនាំចិនប្រើកណ្តាប់ដៃដែកបណ្តេញមន្រ្តីយោធាជាន់ខ្ពស់៩នាក់ចេញពីសមាជិកសភា

ប្រែសម្រួល៖ ស.សម្បត្តិ

ប៉េកាំង៖ បន្ទាប់ពីការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីគេសង្កេតឃើញថាចិនកំពុងធ្វើការរុះរើដ៏ច្របូកច្របល់មួយដែលនៅក្នុងពេលថ្មីៗនេះចិនបានបណ្តេញមន្ត្រីយោធាចំនួនប្រាំបួននាក់ចេញពីសមាជិកសភា រួមទាំងឧត្តមសេនីយ៍មួយចំនួននៃអង្គភាពកាំជ្រួចយុទ្ធសាស្ត្ររបស់កងទ័ពចិនផងដែរ ។

កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី២៩ ធ្នូ ​ទីភ្នាក់ងារសារ​ព័ត៌មាន​រដ្ឋ ស៊ិនហួ​បាន​ប្រកាសអំពីការ​សម្រេច​ចិត្តរបស់រដ្ឋសភាក្នុងការរុះរើដ៏ឆាប់រហ័សមួយ​បន្ទាប់​ពីមាន​កិច្ច​ប្រជុំ​សភារបស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​ចិន។គេសង្កេតឃើញថាមិន​មាន​ការ​ពន្យល់​ណា​មួយទាក់ទងនឹងការបណ្តេញ​​​មន្ត្រីយោធាទាំង៩រូប​នោះទេ។

ការបណ្តេញចេញ​​​មន្ត្រីយោធាទាំង៩នេះគឺជាការរុះរើរចនាសម្ព័ន្ធលំដាប់កំពូលជាបន្តបន្ទាប់ដើម្បីបង្កើតរចនាសម្ព័ន្ធយោធាថ្មីមួយចាប់តាំងពីរដ្ឋមន្ត្រីការពារជាតិ លី ស្សាងហ្វូ ត្រូវបានដកចេញពីតំណែងភ្លាមៗនៅក្នុងខែតុលាបន្ទាប់ពីមានការសង្ស័យពីអន្តរជាតិជុំវិញការបាត់មុខគាត់ពីទិដ្ឋភាពសាធារណៈអស់ជាច្រើនខែកន្លងមក។

គាត់ត្រូវបានតែងតាំងនៅក្នុងខែមីនា បន្ទាប់មកលោក លី បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈនៅក្នុងខែសីហា នៅមុនពេលដែលគាត់ត្រូវបានប្រកាសអំពីការបណ្តេញចេញជាផ្លូវការនៅក្នុងខែតុលា។

ក្រុងប៉េកាំងបានតែងតាំងលោក ឌុង យុន ជារដ្ឋមន្ត្រីការពារជាតិថ្មីកាលពីថ្ងៃសុក្រដោយបញ្ចប់កន្លែងទំនេរអស់រយៈពេលជាច្រើនខែសម្រាប់មុខតំណែងយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសចិន។

គេសង្កេតឃើញមានការផ្លាស់ប្តូរនៅក្នុងជួរថ្នាក់ដឹកនាំនៃកងកម្លាំងរ៉ុក្កែតរបស់ចិនក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជាអង្គភាពកងទ័ពមានតួនាទីត្រួតពិនិត្យឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់ក្រុងប៉េកាំង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានលាតត្រដាងអំពីលទ្ធផលនៃការស៊ើបអង្កេតលើអំពើពុករលួយដែលពាក់ព័ន្ធនឹងអតីតប្រធានរបស់ខ្លួន។

សារព័ត៌មាន South China Morning Post បានរាយការណ៏ថា នៅក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញទាំងប្រាំបួននាក់នោះ មានអតីតមេបញ្ជាការកំពូលចំនួន ៥ រូបមកពីកងកម្លាំងរ៉ុក្កែត PLA និងជាអតីតមេបញ្ជាការកងទ័ពអាកាស។

គេបានបន្ថែមថា មានពីរនាក់ជាអ្នកបម្រើការនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ រួមទាំងគណៈកម្មការយោធាមជ្ឈឹម(CMC) ដែលក្នុងនោះមានម្នាក់ជាមេបញ្ជាការកងទ័ពជើងទឹក។

CMC គឺជាអង្គភាពរបស់ទីបញ្ជាការយោធាជាន់ខ្ពស់ដែលមានឋានានុក្រមនៅក្នុងគណ:កម្មាធិការនយោបាយមជ្ឈឹមបក្សរបស់បក្សកុម្មុនិស្តចិន ហើយស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពិង ដោយផ្ទាល់។

មន្ត្រី​ទាំង​ប្រាំបួន​រូប​អង្គុយ​ក្នុង​សភាក្នុងនាម​ជា​តំណាងរាស្ត្រ​ក្រៅការបោះ​ឆ្នោត។

សីនុលសាយឌើរ ដែលជាក្រុមហ៊ុនឯកទេសខាងនយោបាយចិន មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការបណ្តេញចេញមន្ត្រី​ទាំង​ប្រាំបួន​រូបបាន “បង្ហាញថាមន្រ្តីទាំងនោះកំពុងត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងករណីធ្ងន់ធ្ងរដូចដែលមានពាក្យចចាមអារ៉ាមមួយចំនួនដែលបានផ្សព្វផ្សាយចេញក្រៅលើករណីមួយចំនួន” ៕

ប្រភព៖ AFP/gs