ព័ត៌មានជាតិ

ផ្តើមអនុវត្តដំណើរការសាកល្បងធ្វើប័ណ្ណព្រំដែន(BorderPass)នៅតាមរដ្ឋបាលក្រុង-ស្រុកជាប់ព្រំដែនខេត្តឧត្តរមានជ័យ

ដោយ៖បន្ទាយ / ឧត្តរមានជ័យ

បន្ទាប់ពីមានការព្រមព្រៀងពីរាជរដ្ឋាភិបាលថៃ ហើយមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជារួចរដ្ឋបាលខេត្តឧត្តរមានជ័យអនុវត្តការសាកល្បងដំណើរការចំពោះការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ(BorderPass)នៅតាមបណ្តាលរដ្ឋបាលក្រុងស្រុក នៃរបស់ខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ រយ:ពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១មករាឆ្នាំ២០២៤ តទៅ។

ក្នុងរយៈពេលសាកល្បងនោះដែរអភិបាលក្រុងស្រុក នៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឲ្យក្នុងការពិនិត្យសម្រេចនិងចុះហត្ថលេខាលើប័ណ្ណព្រំដែនកម្ពុជា/ថៃ ជូនប្រជាពលរដ្ឋដែលមានលំនៅឋានអចិន្រ្តៃយ៍នៅក្នុងដែនសមត្ថិកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានថ្លែងក្នុងពិធីមួយដូចដែលគេស្រង់សម្តីមកនិយាយកាលពីថ្ងទី២៩ខែធ្នូឆ្នាំ២០២៣ ថា: តាមសេចក្តីសម្រេចខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ឲ្យអនុវត្តការសាកល្បងចំពោះដំណើរការធ្វើប័ណ្ណព្រំដែនកម្ពុជា ថៃនេះដែលមានរយ:ពេល៦ខែគិតចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤តទៅ។

ហើយនៅខេត្តនេះនៅតាមបណ្តាលរដ្ឋបាលក្រុងស្រុកចំនួន៤លើ៥របស់ខេត្តឧត្តរមានជ័យត្រូវអនុវត្តការងារនេះឲ្យមានកម្លាភាព គុណភាពខ្ពស់ និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានរលូននិងឆាប់រហ័ស ។

លោកប៉ែន កុសល្យ បានថ្លែងថា :”នេះជាការប្រគល់អំណាចឲ្យទៅថ្នាក់មូលដ្ឋាន ជាអ្នកសម្រេចក្នុងការពិនិត្យនិងចុះហត្ថលេខាលើប័ណ្ណព្រំដែនកម្ពុជា-ថៃក្នុងដែនសមត្ថិកិច្ចរបស់ខ្លួនហើយ”.។

សូមរំលឹកថា ប័ណ្ណព្រំដែនកម្ពុជា-ថៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាអាចមានសុពលភាពពីរឆ្នាំ ហើយប្រើប្រាសម្រាប់ឆ្លងដែនចេញចូលប្រទេសថៃបាន២ខេត្តជាប់ព្រំដែននិងចូល១លើកដោយធ្វើការនិងស្នាក់នៅបានរយ:ពេល១សប្តាហ៍។

សម្រាប់ខេត្តឧត្តរមានជ័យមានព្រំដែនជាប់ខេត្ត៣របស់ថៃគឺខេត្តសុរិន្ទចូលតាមច្រកព្រំដែនអន្តជាតិអូរស្មាច់ ក្រុងសំរោង-ទល់មុខច្រកឆងចមស្រុកកាប់ជើង ។

ខេត្តស៊ីសាកេត ចូលតាមច្រកព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វេង ទល់មុខជាំសាងាំនិងខេត្តបុររីរ៉ាំ ចូលតាមច្រកព្រំដែនតំបន់ជប់គគី ស្រុកបន្ទាយអំពឹល ទល់មុខច្រកសាយតាគូស្រុកឡាក់ហានសាយ៕