អន្តរជាតិ

ជម្លោះកាន់តែឡើងកម្តៅដោយសារការស្តារឡើងវិញនូវអតីតអាកាសយានដ្ឋានយោធាអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក

ប្រែសម្រួល៖ ស.សម្បត្តិ

វ៉ាស៊ីនតោន៖អតីតអាកាសយានដ្ឋានអាមេរិកដែលគេបោះបង់ចោលនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្លាប់ជាអាកាសយានដ្ឋានរបស់កងយោធាអាមេរិកប្រើប្រាស់ជាយុទ្ធសាស្ត្រក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសជប៉ុន ហើយកន្លងមកស្ទើរតែបាត់បង់ទាំងស្រុងនិងបានក្លាយទៅជាអាកាសយានដ្ឋានប្រវត្តិសាស្ត្រនោះឥឡូវនេះកំពុងត្រូវបានស្តារឡើងវិញហើយ។

នៅក្នុងខណ:ពេលដែលអតីតអាកាសយានដ្ឋានរបស់យោធាអាមេរិកកោះ Tinian និងអតីតមូលដ្ឋានទ័ពអាមេរិកចាស់ៗផ្សេងទៀតនៅក្នុងសម័យសង្គ្រាមលោកលើកទី ២ នៅទូទាំងតំបន់នោះត្រូវបានគ្របតណ្តប់ដោយព្រៃទាំងស្រុងតំបន់អាកាសយានដ្ឋានប្រវត្តិសាស្ត្រទាំងនោះវាមិនបានស្ថិតនៅក្នុងផ្នត់គំនិត្យរបស់ជនជាតិជប៉ុនទៀតនោះទេ។

ផ្ទុយទៅវិញវាបានជះឥទ្ធិពលដល់ក្រុងប៉េកាំងដែលតែងតែមានមហិច្ឆតាចង់ចាប់យកមហាសមុទ្រប៉ាស៊ីហ្វិកមកត្រួតត្រាជាឯកតោភសាគីដែលឥឡូវនេះត្រូវបានជំរុញឲ្យមានការស្ដារឡើងវិញនូវផ្លូវសម្រាប់យន្តហោះរត់ដែលទីនោះពីមុនត្រូវបានគេបោះបង់ចោលមានផ្ទៃដីសរុប ១០០ គីឡូម៉ែត្រការ៉េ បង្កើតបានជាកោះហៅថា Tinian ដែលជាផ្នែកមួយនៃទឹកដីសហរដ្ឋអាមេរិកក្នុងបណ្តុំកោះNorthern Mariana ។

អ្នកនាំពាក្យម្នាក់បានប្រាប់ AFP ថា “ការស្តារឡើងវិញនូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី ២ បានផ្តល់អត្ថប្រយោជន៏ដល់កងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) របស់អាមេរិកនូវផ្លូវហោះហើរដែលអាចប្រតិបត្តិការបានយ៉ាងឆាប់រហ័សនិងជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ប៉ាស៊ីហ្វិក ” ។

សេចក្តីថ្លែងការណ៍បានលើកឡើងអំពី “ចំណាប់អារម្មណ៍សម្រាប់ស្ថានការបន្ទាន់” ដែលអនុញ្ញាតឲ្យកងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) របស់អាមេរិក PACAF “ពង្រឹងសមត្ថភាពរបស់ខ្លួនលើភូមិសាស្ត្រដែលជាយុទ្ធសាស្រ្តសម្រាប់កងទ័ពអាកាស ” ។

ប៉ុន្តែផែនការរបស់ទីក្រុងវ៉ាស៊ីនតោនដូចដែលក្រុមមន្ត្រីអាមេរិកបាននិយាយថាមានកន្លែងដ៏ “ធំទូលំទូលាយ” នៅលើកោះ Tinian ត្រូវបានកើតឡើងនៅចំពេលដែលមានការជំរុញផ្នែកសកម្មភាពយោធានៅក្នុងតំបន់ប៉ាស៊ីហ្វិកនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះខណ:ដែលប្រទេសចិនបានខិតខំសាងសង់មូលដ្ឋានទ័ពថ្មីរបស់ខ្លួននៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិករួមទាំងនៅក្នុងដែនទឹកដែលមានជម្លោះ។

“បញ្ហាប្រឈមដែលកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរដែលជាការគម្រាមកំហែងលើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិងកំពុងបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិនដែលពីមួយថ្ងៃទៅមួយថ្ងៃបានខិតខំប្រឹងប្រែងរំលោភឈ្លានពានកាន់តែខ្លាំងឡើងក្នុងការចាប់យកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់ដែនទឹកអន្តរជាតិសម្រាប់ជាផលប្រយោជន៍ស្របតាមមហិច្ឆិតារបស់ខ្លួន” នេះបើយោងតាមឯកសារយុទ្ធសាស្ត្រការពារជាតិរបស់អាមេរិក៕

ប្រភព៖ AFP/sn