កម្សាន្ដ

ការស្នាក់អាស្រ័យតាមផ្ទះលម្ហែបឹងហ្កាឡូនិងរីស៊តជាជម្រើសចម្បងសម្រាប់ភ្ញៀវក្នុងពិធីបុណ្យទានផ្សេងៗ

ដោយ៖ កំចាយ

កំពត÷ ការចូលស្នាក់អាស្រ័យនៅផ្ទះលម្ហែ បឹងហ្កាឡូ និងរីស៊តតាមឆ្នេរព្រែកនាពេលបច្ចុប្បន្នជាជម្រើសចម្បងរបស់ភ្ញៀវមកពីចម្ងាយរៀងរាល់ឱកាសនៃពិធីបុណ្យទានផ្សេងៗ។ សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះ គ្រប់ផ្ទះលម្ហែ បឹងហ្កាឡូ និងរីស៊តក្នុងខេត្តកំពតសុទ្ធតែបានទទួលការកក់ទុកយ៉ាងហោច៦សប្តាហ៍មុនមកម្ល៉េះ។

ម្ចាស់ផ្ទះលម្ហែ ” និស្ស័យ ” មានទីតាំងនៅឆ្នេរព្រែកកំពតក្នុងសង្កាត់ត្រើយកោះ លោក ប៊ុន ដា បានប្រាប់ឱ្យដឹងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវហាក់ប្តូររបត់ដោយងាកមកស្នាក់អាស្រ័យនៅផ្ទះលម្ហែ បឹងហ្កាឡូ និងរីស៊តតាមដងព្រែក ខណ:ចូលមកកម្សាន្តក្នុងខេត្តកំពតពេលឱកាសបុណ្យទានផ្សេងៗ។ ជាក់ស្តែង សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះ ផ្ទះលម្ហែរបស់លោកដែលមានចំនួន១០បន្ទប់ត្រូវភ្ញៀវកក់ទុកតាំងពី២ខែមកម្ល៉េះ។

រីឯស្រដៀងគ្នានេះដែរ អ្នកមើលការងារនៅបឹងហ្កាឡូ ” សមុទ្រ ” បានប្រាប់ឱ្យដឹងថា បឹងហ្កាឡូសមុទ្រមានបន្ទប់ចំនួន៩។ ក្នុងចំណោមបន្ទប់ទាំងអស់គឺភ្ញៀវបានកក់តាំងពី៥សប្តាហ៍មកហើយ។

លោក សន រ៉ាត់ ទេសចរស្នាក់នៅរីស៊ត “ដំបូង” បានរៀបរាប់ថា ពួកគាត់ ក៏ដូចជាភ្ញៀវផ្សេងៗទៀតចូលចិត្តមកស្នាក់នៅរីសតតាមដងព្រែកដោយសារទេសភាពស្អាត សេវាកម្មកម្មល្អ តម្លៃសមរម្យ។ ទោះបីមិនបានដើរលេងនៅមណីយដ្ឋាននានាក្តី គ្រាន់តែបានមកស្នាក់នៅទីនេះក៏មានអារម្មណ៍ថាស្រស់ស្រាយដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានកន្លែងស្នាក់នៅជាង៦.០០០បន្ទប់ ក្នុងនោះ ផ្ទះលម្ហែ បឹងហ្គាឡូ និងរីស៊តប្រមាណ១.០០០បន្ទប់។ សេវាស្នាក់នៅទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពត។ លោកប្រធានមន្ទីរបានបន្តថា រាល់ថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន ផ្ទះលម្ហែ បឹងហ្គាឡូ និងរីស៊តជាជម្រើសទី១របស់ភ្ញៀវ៕