អន្តរជាតិ

អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើមូលដ្ឋានការពារដែនអាកាសស៊ីរី

ប្រែសម្រួល៖ ស.សម្បត្តិ

ប្រភព​យោធា​ស៊ីរីបានឲ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ធ្នូ អ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងសន្ធាប់តាមអាកាសលើគោលដៅមូលដ្ឋានការពារដែនអាកាសស៊ីរីសំខាន់ៗនៅភាគខាងត្បូងប្រទេស នេះជាយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយដ៏ធំចុងក្រោយបង្អស់គិតចាប់តាំងពីកា

រផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលាកន្លងមក។

​ប្រភព​យោធា​ស៊ីរីបាននិយាយលើប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថានៅ​មុន​នេះ​មានការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ចេញ​ពី​ទិស​ដៅ​ក្នុងតំបន់​ Golan Heights ដែល​គ្រប់គ្រង​ដោយកងយោធា​អ៊ីស្រាអែលដោយ​បាន​កំណត់​គោលដៅ​លើ​ទីតាំង​ជាច្រើន​ដែល​ខ្លួននៅ​មិនទាន់​បាន​កំណត់​អត្តសញ្ញាណបានទាំងស្រុងនៅឡើយ។

ប្រភព​យោធា​ស៊ីរី​បាន​បន្ថែមថា​ ” ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ស៊ីរី​​បាន​ប្រឈមមុខ​នឹង​ការវាយប្រហារដោយកាំជ្រួច​របស់​​អ៊ីស្រាអែល ហើយ​​ស៊ីរីបាន​បាញ់​ទម្លាក់​បាន​ខ្លះ​ដោយមាន​ការ​ខាតបង់ត្រឹមតែ​សម្ភារមួយចំនួនតែ​ប៉ុណ្ណោះ​”។

ក្រោយមក ប្រភពពីកងទ័ពស៊ីរី ត្រូវបានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយនិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារមួយលើកទៀត បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ នៅជិតរដ្ឋធានី ប៉ុន្តែកងទ័ពស៊ីរីមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីកងយោធាអ៊ីស្រាអែលនោះទេ។ ចំណែករ៉យទ័រក៏នៅមិនទាន់អាចធ្វើការផ្ទៀងផ្ទាត់របាយការណ៍នេះពីប្រភពឯករាជ្យណាមួយបាននៅឡើយដែរ។ ចាប់តាំងពីមានការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើជនស៊ីវិល និងទាហានអ៊ីស្រាអែល កងយោធាអ៊ីស្រាអែលក៏បានបង្កើនការវាយលុករបស់ខ្លួនទៅលើគោលដៅកងជីវពលហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ថែមទាំងបានវាយកំទេចប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពស៊ីរី និងកងកម្លាំងស៊ីរីមួយចំនួនផងដែរ។

យោងតាមប្រភពចារកម្មយោធាស៊ីរី និងមន្ត្រីសន្តិសុខនៅក្នុងតំបន់ដែលដឹងអំពីបញ្ហានេះបានបញ្ជាក់ថា ការវាយប្រហារត្រូវបានគេជឿថាបានកំណត់គោលដៅលើមូលដ្ឋានការពារដែនអាកាសរបស់កងទ័ពស៊ីរី និងស្ថានីយរ៉ាដានៅក្នុងតំបន់ Tel al-Sahn ក្នុងខេត្ត Sweida ភាគនិរតីនៃប្រទេសស៊ីរី។

កាលពីខែមុន ប្រព័ន្ធការពារប្រឆាំងយន្តហោះមួយផ្សេងទៀតនៅក្នុងទីក្រុង Tel Qulaib និង Tel Maseeh នៅភាគខាងត្បូងប្រទេសស៊ីរី ត្រូវបានវាយប្រហារដែលប្រភពស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់របស់ស៊ីរីបាននិយាយថា គឺជាយុទ្ធនាការដ៏ខ្លាំងក្លាមួយរបស់កងយោធាអ៊ីស្រាអែល ដើម្បីរំខានដល់ប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលអ៊ីរ៉ង់បានជួយដាក់ពង្រាយបន្ថែម។

ប្រភពយោធាស៊ីរី ក្នុងតំបន់មួយផ្សេងទៀតដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះបាននិយាយថា “ទីក្រុងតេអេរ៉ង់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ឲ្យស៊ីរីនូវប្រព័ន្ធការពារដែនអាកាសដែលអាចបន្សាបប្រសិទ្ធភាពវាយប្រហាររបស់អ៊ីស្រាអែល” ។

លោក​បាន​បន្ថែម​ថា​៖ “រឿងទាំង​នេះ​គឺ​ទាក់ទង​នឹង​សង្រ្គាម​នៅតំបន់​ហ្កាហ្សា​​ដែលជា​ព្រឹត្តិការណ៍មួយបង្កឲ្យមាន​ការរាលដាលនូវជម្លោះក្នុងតំបន់​។

អ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនឆ្នាំមកលើអ្វីដែលខ្លួនបានពិពណ៌នាថាជាគោលដៅទាក់ទងនិងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី ដែលឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់បានកើនឡើងចាប់តាំងពីបានចាប់ផ្តើមលូកដៃគាំទ្រប្រធានាធិបតី Bashar al-Assad ដោយផ្ទាល់នៅក្នុងសង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១កន្លងមក ។

អ្នកជំនាញយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃការកើនឡើងនូវជម្លោះក្នុងកម្រិតទាបទៅលើគោលដៅកាន់កាប់ដោយអ៊ីរ៉ង់ដើម្បីពន្យឺតការពង្រឹងតំបន់កាន់កាប់របស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

ក្រុមយុទ្ធជនសម្ព័ន្ធមិត្តជាមួយនឹងអ៊ីរ៉ង់ រួមទាំងក្រុមហេសបូឡា ពេលនេះបានវាយប្រហារនៅតាមតំបន់ធំៗភាគខាងកើត ភាគខាងត្បូង និងភាគពាយ័ព្យនៃប្រទេសស៊ីរី និងនៅតាមតំបន់ជាយក្រុងជាច្រើនជុំវិញរដ្ឋធានីដាម៉ាកុស៕

 

ប្រភព៖ Reuters/ga