អន្តរជាតិ

អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកជុំវិញតំបន់ហ្គាហ្សាខណៈ UN ព្រមានហានិភ័យធ្ងន់ធ្ងរផ្នែកមនុស្សធម៌

ប្រែសម្រួល៖ សហការី

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ធ្នូ កងកម្លាំងអ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅជុំវិញតំបន់ហ្គាហ្សា ដែលជាចំណុចស្នូលនៃការប្រយុទ្ធគ្នាដ៏បង្ហូឈាមប្រឆាំងនឹងក្រុមហាម៉ាសដែលបាននិងកំពុងផ្លាស់ទីជាបន្តបន្ទាប់ទៅភាគខាងត្បូង ដែលជាកន្លែងជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនទៅជ្រកកោននៅក្នុងទីនោះ។

សង្រ្គាមដែលបានចាប់ផ្តើមដោយសារតែការឆ្មក់ចូលវាយប្រហាររបស់ពួកហាម៉ាសលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើននៅភាគខាងជើង Gaza ខណៈដែលការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរួមទាំងការប្រយុទ្ធគ្នាពីផ្ទះមួយទៅផ្ទះមួយកើនឡើងក្នុងកម្រិតធ្ងន់បំផុតនៅក្នុងទីក្រុង ខាន យុននិស ភាគខាងត្បូងហ្គាហ្សា។

លោក ដាន់ញ៉ែល ហាក់ង្គារី អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយកងពលថ្មើរជើងបន្ថែមទៅកាន់តំបន់ ខាន យុននិស ដែលជាស្រុកកំណើតរបស់មេដឹកនាំក្រុម ហាម៉ាស់គឺ លោក យ៉ាសយ៉ា ស៊ិនវ៉ា ។

ពលរដ្ឋប៉ាឡេស្ទីនជាង ៨០ ភាគរយនៃប្រជាជន ២.៤ លាននាក់ក្នុងតំបន់ ហ្គាហ្សា  ត្រូវបានជម្លៀសចេញពីផ្ទះ ចំណែកមនុស្សជាច្រើនឥឡូវនេះរស់នៅក្នុងជម្រកដ៏តូចហើយចង្អៀត ឬនៅក្នុងតង់ជាបណ្តោះអាសន្ននៅភាគខាងត្បូងដ៏សែនឆ្ងាយនិងនៅជុំវិញទីក្រុង រ៉ាហ្វា ក្បែរប្រទេសអេហ្ស៊ីប។

លោក ថេដដ្រូស  ប្រធានអង្គការសុខភាពពិភពលោករបស់UN បានអំពាវនាវឲ្យមាន “វិធានការបន្ទាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្នែកមនុស្សធម៌” ដែលប្រឈមមុខនឹងប្រជាជនស្លូតត្រង់នៅក្នុងតំបន់ហ្គាហ្សា រួមទាំងអ្នក “របួសដែលស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាចជាមួយនឹងការស្រេកឃ្លានដ៏ស្រួចស្រាវបំផុត និងមានហានិភ័យធ្ងន់ធ្ងរដោយសារតែជំងឺយាយី” ។

ការិយាល័យប្រធានាធិបតីលោក ម៉ាក្រុង បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុងបានហៅទូរស័ព្ទទៅកាន់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ិនយាម៉េន ណេតតាន់យ៉ាហ៊ូ ដោយលោកម៉ាក្រុង បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះចំនួនជនស៊ីវិលដែលរងគ្រោះដ៏ធ្ងន់ធ្ងរ” ហើយបានសង្កត់ធ្ងន់លើសារសំខាន់ “នៃកិច្ចព្រមព្រៀងលើបទឈប់បាញ់ដ៏យូរអង្វែងមួយ” ការិយាល័យរបស់លោក Macron បានបញ្ជាក់យ៉ាងដូច្នេះ។

អ៊ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ដើម្បីជាការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលាបណ្តាលឲ្យមនុស្សប្រហែល ១,១៤០ នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិលស្លូតត្រង់ នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខរបស់អ៊ីស្រាអែល៕

ប្រភព៖ AFP/fh