សន្ដិសុខសង្គម

រថយន្តកុងតឺន័របុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង

ដោយ៖វិចិត្រ
ភ្នំពេញ៖រថយន្តសណ្តោងទូកុងតឺន័រ បានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ភា្លមនៅនឹងកន្លែង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅមុខបុរីញ៉ូថោន ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ។


សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IV-7335 តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច។មកដល់មុខបុរីញ៉ូថោន
ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ ផ្លាកលេខភ្នំពេញ3F-0038 មកពីមុខបានបុកជាមួយម៉ូតូពេញទំហឹង ហើយកិនពីលើធ្វើឱ្យជនរងគ្រោះ ស្លាប់មួយរំពេច។


ភ្លាមៗនោះតៃកុងរថយន្តបង្កបន្ថែមល្បឿនទៅមុខ បានឆ្ងាយបន្តិចក៏ឈប់ ហើយចុះរត់គេចខ្លួនបាត់។ ក្រោយកើតហេតុផ្នែកជំនាញចុះពិនិត្យវាស់វែង ដោយបានប្រគល់សពឱ្យក្រុមគ្រួសារ។ក្រោយមកសមត្ថកិច្ចយករថយន្តនិងម៉ូតូ ទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតំណាងភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕