អន្តរជាតិ

មេដឹកនាំចិនស៊ី ជីនពីងបើកកិច្ចប្រជុំសម្ងាត់ដើម្បីតាក់តែងគោលនយោបាយការបរទេសចិន

ប្រែសម្រួល៖ ស.សម្បត្តិ

ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកឲ្យបានយ៉ាងឆាប់រហ័ស បក្សកុម្មុយនិស្តចិនបានពង្រឹងការគ្រប់គ្រងកិច្ចការបរទេសបានយ៉ាងរឹងមាំប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ក្រុមអនុត្តរភាពនិយមលោកខាងលិច។

ក្រុងប៉េកាំងបានប្តេជ្ញាចិត្តចាប់យកយុទ្ធសាស្ត្រដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិស្របតាមការអំពាវនាវរបស់លោក ស៊ី ដែលជាមេដឹកនាំនិងជាអ្នកកាន់កាប់អំណាចកំពូលរបស់ប្រទេសចិនបានតាក់តែងគោលនយោបាយការបរទេសចិនទាក់ទងទៅនឹងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកឲ្យបានឆាប់រហ័សដើម្បីឈានទៅចាប់យកចំណាត់ថ្នាក់ជាមហាអំណាចពិភពលោ។

នៅក្នុងកិច្ចប្រជុំបិទទ្វារដ៏កម្រមួយស្តីអំពីការលើកទិសដៅគោលនយោបាយការបរទេសនាពេលអនាគតរបស់ប្រទេសចិនដែលទើបនឹងបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ធ្នូ លោកប្រធានាធិបតី ស៊ី ជិនពីង បានខិតខំជំរុញឲ្យអ្នកការទូតនិងកម្មាភិបាលរបស់ខ្លួន “បំបែកកំណត់ត្រាជាមូលដ្ឋានថ្មីមួយ” តាមរយ:នយោបាយប្រមូលផ្តុំនិងប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធជានិច្ច។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មហាសន្និបាទពេញអង្គរបស់មជ្ឈឹមបក្សក្នុងរយៈពេលពីរថ្ងៃស្តីពីការងារកិច្ចការបរទេសដែលធ្លាប់រៀបចំឡើងចុងឆ្នាំ ២០១៨ម្តងជាលើកចុងក្រោយនោះដោយមានការចូលរួមពីមេដឹកនាំមជ្ឈឹមបក្សកំពូលៗដូចជាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សនិងបណ្តាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកការទូត រួមទាំងឯកអគ្គរដ្ឋទូតចិនរាប់សិបនាក់ផងដែរ។

ពេលវេលាដ៏មានសារៈសំខាន់ជាពិសេសនៅចំពេលមានសញ្ញាកើនឡើងនូវវិបត្តិសេដ្ឋកិច្ចនិងការកើនឡើងនូវការស៊ើបអង្កេតក្នុងអំពើពុករលួយនិងការតស៊ូយ៉ាងស្វិតស្វាញលើឆាកអន្តរជាតិដែលរដ្ឋាភិបាលចិនបានខិតខំប្រឹងប្រែងនាពេលថ្មីៗកន្លងមកដើម្បីកាត់បន្ថយការប្រជែងគ្នាជាមួយក្រុមប្រទេសលោកខាងលិចដែលលេចចេញជាសញ្ញាដ៏អាក្រក់ដែលមានសហរដ្ឋអាមេរិកជាមេខ្លោងដឹកនាំចលនាប្រឆាំងចិនលើឆាកអន្តរជាតិ។

នៅក្នុងសុន្ទរកថា លោក ស៊ី បានកោតសរសើរប្រទេសចិនថាជាមហាអំណាចពិភពលោកមួយដែលមាន “ការទទួលខុសត្រូវ” ហើយឥទ្ធិពលចិនកំពុងកើនឡើងដោយសារនយោបាយការទូតដែលមានរូបគាត់ជាប្រមុខរដ្ឋដឹកនាំប្រទេសចាប់តាំងពីគាត់បានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០១២ ហើយបានបន្តនិយាយថាប្រទេសចិនបានយកឈ្នះលើ “រាល់ការលំបាក និងរាល់បញ្ហាប្រឈមជាច្រើន” នៅក្នុងការងារក្រៅប្រទេសរបស់ខ្លួនក្នុងទសវត្សរ៍កន្លងមក។

ប៉ុន្តែលោក ស៊ី ក៏បានព្រមានផងដែរថា “ខ្យល់បក់ខ្លាំងនាំឲ្យទឹករលកមានសភាពច្របូកច្របល់” នាពេលខាងមុខ ពីព្រោះពិភពលោកបានចូលដល់ដំណាក់កាលថ្មីមួយនៃភាពចលាចលដែលឆ្ពោះទៅរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយនៅក្នុងពេលឆាប់ៗនេះ” ដែលលោកចង់និយាយសំដៅលើជម្លោះរបស់ទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលើភាពខុសគ្នាខាងមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ។

លោកស៊ីបានអះអាងថា “ប្រទេសចិនបានក្លាយជាប្រទេសមហាអំណាចដ៏សំខាន់មួយដែលមានទំនួលខុសត្រូវក្នុងនាមជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលនៅលើឆាកអន្តរជាតិ សមត្ថភាពរបស់រដ្ឋចិនកាន់តែខ្លាំងក្លាឡើងក្នុងការដឹកនាំពិភពលោកដោយសារតែកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗដូចជាការអំពាវនាវរបស់ប្រមុខដឹកនាំចិនឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌” នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួ។

“យើងបានបង្ហាញពីបុគ្គលិកលក្ខណៈ រចនាបទ និងក្រមសីលធម៌របស់ចិនឃើញថាដាច់ដោយឡែកនៅក្នុងផ្នែកការទូត ហើយបានដើរតួក្នុងរូបភាពជាប្រទេសដ៏ធំមួយដែលមានទំនុកចិត្តនិងភាពជឿជាក់លើខ្លួនឯងដោយបើកចំហស្របនឹងចក្ខុវិស័យជាលក្ខណៈសកល”។

លោកបានគូសបញ្ជាក់ថា ប្រទេសចិនបានអនុវត្ត “វិធីសាស្រ្តបង្រួបបង្រួមលើទំនាក់ទំនងការទូតរបស់យើងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់” ហើយ “បានពង្រីកចំណុចស្នូលជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងបានបង្កើតបណ្តាញការទូតក្នុងនាមជាដៃគូក្នុងលក្ខណៈសកលភាវូបនីយកម្មប្រកបដោយគុណភាពខ្ពស់ និងបើកចំហយ៉ាងទូលំទូលាយ” ។

លោក ស៊ី បានសាទរចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាគោលនយោបាយការបរទេសដោយមានហត្ថលេខារបស់លោកចារនៅលើគម្រោងវិនិយោគក្រៅប្រទេស ដែលជា “វេទិកាស្តារខឿនសេដ្ឋកិច្ចមានមូលដ្ឋានដ៏ទូលំទូលាយ និងជាគម្រោងអភិវឌ្ឍន៏ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ” លោកបន្តថា ក្រុងប៉េកាំងបាន “បង្ហាញផ្លូវកំណែទម្រង់ប្រព័ន្ធ គ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក”។ .

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ស៊ី កាលពីថ្ងៃអង្គារ ដោយបានអបអរសាទនូវរកេរដំណែលរបស់លោកប្រធាន ម៉ៅ សេទុង និងបានប្តេជ្ញាចិត្តថា “នឹងកសាងប្រទេសចិនឲ្យក្លាយជាប្រទេសមហាអំណាចដ៏រឹងមាំ និងធ្វើឲ្យប្រជាជាតិចិនមានជីវភាពរីកចម្រើនលើគ្រប់វិស័យក្រោមគោលនយោបាយអភិវឌ្ឍន៏ទំនើបកម្មបច្ចេកវិទ្យា”។

ចាប់តាំងពីលោកប្រធាន ម៉ៅ បន្ទាប់មកមានតែលោក ស៊ី ទេដែលបានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនតាំងពីសភាប្រជាជនចិនបានផ្តល់ការទុកចិត្តសម្រាប់អាណត្តិជាមេដឹកនាំកំពូលលើកទីបីតាំងពីឆ្នាំមុនកន្លងមក។ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។ កាលពីថ្ងៃអង្គារ លោកស៊ី បានបោះពាក្យសម្តីសំដៅទៅលើនយោបាយបង្រួបបង្រួមកោះតៃវ៉ាន់ដោយបានសន្យាថានឹងបង្រួបបង្រួម “មាតុភូមិឡើងវិញ” ។ .

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Bucknell ក្នុងរដ្ឋ Pennsylvania លោក ស្ស៊ិង គួន ស្ស៊ូ បាននិយាយថា “នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តចិន CCP ក្នុងការបន្តប្តេជ្ញាចិត្តដើម្បីបង្ហាញពីការរួមចំណែករបស់លោក ស៊ី លើវិស័យការទូតរបស់ចិនក្នុងយុគសម័យថ្មី និងដើម្បីលើកកម្ពស់តួនាទីដឹកនាំនយោបាយកំពូលរបស់លោក ស៊ី ដូចលោកប្រធានម៉ៅ’។

លោកបានគូសបញ្ជាក់ថា វាច្បាស់ណាស់ថាលោក ស៊ី បានហៅការវាយប្រហាររិះគន់លើបញ្ហាសំខាន់ៗដែលនាំឲ្យមានការព្រួយបារម្ភលើអំណាចគ្រប់គ្រងរបស់គណបក្សប្រកបដោយភាពរង្គោះរង្គើថាតើចិនគួរតែងាកចេញពីការដឹកនាំជាលក្ខណៈសមូហភាពទាំងស្រុងឬមួយយ៉ាងណា។

“គឺនៅមិនទាន់ដឹងច្បាស់ថាតើអ្នកការទូតចិនអាចធ្វើអ្វីបានខ្លះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅខាងក្រៅប្រទេសនោះ។ ការគ្រប់គ្រងទាំងស្រុងជាលក្ខណៈសមូហភាពរបស់បក្សកុម្មុយនិស្តចិនលើការងាការបរទេស គឺអាចធ្វើទៅបានតែចំពោះអ្នកការទូតដែលមានវិជ្ជាជីវៈជំនាញស្រាប់” លោក ស្ស៊ូ បាននិយាយយ៉ាងដូច្នេះ។

ការវិភាគនេះគឺមិនបាននិយាយដល់អតីតរដ្ឋមន្ត្រីការបរទេស គិន ក្វាង និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី ស្សាងហ៊្វូ ដែលត្រូវបានដកចេញពីតំណែងនៅក្នុងឆ្នាំនេះដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាលក្ខណៈអន្តរជាតិ ខណៈដែលបុរសទាំងពីរនោះនៅមិនទាន់ត្រូវបានគេរាប់បញ្ចូលជាថ្នាក់ដឹកនាំបក្សកុម្មុនិស្តថ្នាក់មជ្ឈឹមបក្សនៅឡើយទេ។

ការប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស និងក្រៅប្រទេស លោក ស៊ីមានទំនុកចិត្តថា ប្រទេសចិននៅតែមានបញ្ហាប្រឈមតែវាក៏ជាការផ្តល់ “ឱកាសសម្រាប់តាក់តែងយុទ្ធសាស្ត្រថ្មី” លោកបានធ្វើការចង្អុលបង្ហាញថា ទំនាក់ទំនងការទូតចិន “នឹងឈានដល់ដំណាក់កាលថ្មីមួយ ដែលអាចសម្រេចបានសមិទ្ធផលជាច្រើនថែមទៀត” ។

លោកបានបន្តថា “យើងត្រូវតែរក្សាសិទ្ធិអំណាចក្នុងការដឹកនាំបក្សកុម្មុនិស្តថ្នាក់មជ្ឈឹមបក្ស (CPC) លើការងាការបរទេស” យើងជំរុញឲ្យរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ “ចងចាំគោលនោយោបាយការបរទេសជាចម្បង” និងអនុវត្តការប្តេជ្ញាចិត្តរបស់ក្រុងប៉េកាំង “ដោយយោងទៅតាមទ្រិស្តីក្នុងស្មារតីអនុវត្តជាក់ស្តែង” ។

លោកបានបន្ថែមថា “យើងត្រូវផ្តោតលើកិច្ចការមជ្ឈឹមបក្ស (CPC) របស់បក្សកុម្មុយនិស្តចិនដែលយើងត្រូវស្វែងរកវឌ្ឍនភាពនិងវិបុលភាពដើម្បីថែរក្សាស្ថិរភាពដោយគោរពតាមគោលការណ៍ជាមូលដ្ឋាននិងកិច្ចការការពារអធិបតេយ្យភាពជាតិឲ្យបានរឹងមាំដើម្បីរក្សាសន្តិសុខនិងផ្តោតលើគោលដៅការពារផលប្រយោជន៍ជាតិ”។

“យើងនឹងស្វែងរកមធ្យោបាយបើកចំហជើងមេឃថ្មីមួយស្របតាមទ្រឹស្តីក្នុងការអនុវត្តការងារការទូតរបស់ប្រទេសចិនដើម្បីជំរុញឲ្យមានសក្ដានុពលថ្មីមួយនៅក្នុងវិស័យទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសទាំងឡាយនៅលើពិភពលោក។ យើងលើកកម្ពស់វិស័យការទូតលើឆាកអន្តរជាតិ ដើម្បី

ពង្រ៊ីកឥទ្ធិពលនិងអំណាចរបស់ប្រទេសចិនដែលនឹងបង្កើតនូវព្រឹត្តិការណ៍ថ្មីមួយឈានទៅរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក។ បន្ទាប់មកយើងនឹងបើកចំហជើងមេឃដែលជាការបង្កើតនូវបរិយាកាសអន្តរភាវូបនីយកម្មដែលនឹងមានអំណោយផលដ៏ល្អប្រសើជាងនេះ។ យើងនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រដ៏រឹងមាំបន្ថែមទៀតសម្រាប់ការកសាងមាតុភូមិយើងឲ្យប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបអស្ចារ្យលើរាល់ទិដ្ឋភាពទាំងអស់ និងជំរុញការស្តារឡើងវិញនូវប្រជាជាតិចិនដ៏អស្ចារ្យលើគ្រប់វិស័យតាមរយៈមាគ៌ាដឹកនាំរបស់លោកស៊ីឆ្ពោះទៅកាន់សម័យកាលទំនើបកម្មបច្ចេកវិទ្យា។ លោក ស៊ី បានថ្លែងយ៉ាងដូច្នេះ។

លោកស៊ីក៏បាននិយាយផងដែរថាក្រុងប៉េកាំងនឹងបន្ត “ប្រកាន់យកគោលជំហរគោរពក្រមសីលធម៌អន្តរជាតិ និងប្រកាន់យកវិធានការបង្រួបបង្រួមប្រមូលផ្តុំប្រទេសជាគូភាគីឲ្យបានច្រើនលើសលុបដើម្បីប្រែក្លាយឲ្យទៅជាសកលភាវូបនីយកម្ម” និង “បន្តស្មារតីតស៊ូប្រយុទ្ធក្នុងបុព្វហេតុ” ការពារអធិបតេយ្យភាពជាតិនិងរក្សាសន្តិភាពដោយបដិសេធ “រាល់សកម្មភាពនយោបាយណាមួយដែលប្រើអំណាចសម្លុតគម្រាមកំហែង” យើងនឹង “ប្រើកម្លាំងយោធារបស់យើង”  នៅពេលដែលយើងស្ថិតនៅក្នុងស្ថានការណ៏មួយមិនច្បាស់លាស់ដូចជាការគម្រាមកំហែងដល់អធិបតេយ្យភាពជាតិពីសំណាក់ខាងក្រៅជាដើម។

លោកបានមានប្រសាសន៍ថា “ពិភពលោកត្រូវតែឈរលើពហុប៉ូលក្នុងស្មារតីស្មើភាពគ្នានិងមាន

សណ្តាប់ធ្នាប់សម្រាប់គ្រប់ប្រទេសទាំងអស់ ដោយមិនគិតពីទំហំតូចឬធំគឺត្រូវបានចាត់ទុកថាមានឋាន:ស្មើៗគ្នា បណ្តាប្រទេសអនុត្តរភាពនិយមដែលប្រកាន់នយោបាយរំលោភអំណាចត្រូវបានបដិសេធ ហើយលទ្ធិប្រជាធិបតេយ្យពិតជាត្រូវបានលើកកម្ពស់នៅក្នុងបរិបទទំនាក់ទំនងអន្តរជាតិ”។

“វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រឆាំងដាច់ខាតលើរាល់ការប៉ុនប៉ងបង្វិលស្ថានការណ៏ឲ្យដើរថយក្រោយចាកចេញពីគោលការណ៏សកលភាវូបនីយកម្ម និងរំលោភលើគោលគំនិតថែរក្សាសន្តិសុខ ប្រឆាំងលើគ្រប់ទម្រង់នៃរូបភាពឯកតោភាគីនិយម និងគាំពារនិយម ជំរុញយ៉ាងម៉ឺងម៉ាត់នូវសេរីភាវូបនីយកម្មពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគរួមគ្នាដោយមានការសម្របសម្រួលនិងជំនះលើរាល់ទម្រង់រចនាសម្ព័ន្ធដែលរារាំងដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពសម្រាប់សេដ្ឋកិច្ចពិភពលោក។ យើងនឹងធ្វើឲ្យមានសកលភាវូបនីយកម្មសេដ្ឋកិច្ចកាន់តែបើកចំហ ប្រមូលផ្តុំ និងមានតុល្យភាពសម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា។

លោក ស៊ី បាននិយាយថា “ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក នៃសម័យកាលយើងនឹងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដែលកំពុងតែបង្ហាញខ្លួនឡើងកាន់តែច្បាស់ដែលយើងមិនធ្លាប់បានជួបប្រទះកាលពីពេលកន្លងមក”។ “បើទោះជាយ៉ាងណាក៏ដោយ ក៏យើងមានទិសដៅរួមគ្នាក្នុងការអភិវឌ្ឍន៍ដើម្បីវឌ្ឍនភាពនិងវិបុលភាពសម្រាប់មនុស្សគ្រប់គ្នាដោយមិនមានការផ្លាស់ប្តូរគោលជំហរជាដាច់ខាត។ វាគឺជាកម្លាំងចលករប្រកបដោយសក្ដានុពលជាប្រវត្តិសាស្ត្រនៅលើពិភពលោកដែលកំពុងបោះជំហានឆ្ពោះទៅមុខ នៅចំពេលដែលមានការប្រែប្រួល និងការផ្លាស់ប្តូរនិន្នាការទាំងមូលឆ្ពោះទៅរកអនាគតរួមគ្នាសម្រាប់សហគមន៍អន្តរជាតិដែលយើងមិនមានការផ្លាស់ប្តូរគោលជំហរនេះទេ។ យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​និងជឿជាក់ទាំង​ស្រុង​លើ​និន្នាការ​ជា​ប្រវត្តិសាស្ត្រ​ទាំង​នេះ”។

យោងតាម អ្នកជំនាញការទូតនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសគឺលោក ស៊ូ ហាវ បាននិយាយថាកម្រឹតនៃកំណើនក្នុងការអភិវឌ្ឍក្នុងប្រទេសចិន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតអាចនឹងឈានទៅរកការផ្លាស់ប្តូរមហាអំណាចទីមួយរបស់ពិភពលោក។

“ចាប់តាំងពីសម័យបច្ចេកវិទ្យាទំនើបមក ពិភពលោកត្រូវបានគ្រប់គ្រងដោយលោកខាងលិច។ ក៏ប៉ុន្តែឥឡូវនេះ វាទំនងដូចជាមានការកើនឡើងនូវក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលគេដឹងច្បាស់ណាស់ថាតួនាទី និងឋានៈរបស់លោកខាងលិចកំពុងថយចុះ បន្ទាប់មកនិន្នាការពហុប៉ូលនៅលើពិភពលោកដែលគាំទ្រដោយប្រទេសចិននិងត្រូវបានជំរុញឲ្យពិភពលោកបង្កើតតុល្យភាពនៃរចនាសម្ព័ន្ធអំណាច។  គាត់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មានទូរទស្សន៍ ស្ស៊េន ស្ស៊េន ។

លោក ស្ស៊ូ បាននិយាយថា នៅពេលដែលពិភពលោកកាន់តែមានការប្រែប្រួល នៅចំពេលមានសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែលជាមួយនឹងប៉ាឡេស្ទីន ប្រទេសចិនបានឆក់យកឱកាសជាយុទ្ធសាស្ត្រដើម្បីដើរតួជាអន្តរការីកសាងសន្តិភាពនិងជាមេដឹកនាំរបស់សកលលោកប៉ូលខាងត្បូងក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។

សន្និសីទមជ្ឈឹមបក្សស្តីពីការងារកិច្ចការបរទេសត្រូវបានប្រារព្ធធ្វើឡើងចំនួនបីដងនៅក្នុងចន្លោះឆ្នាំ ២០០៦, ២០១៤ និង ២០១៨ នេះបើយោងតាមសារព័ត៌មាន Beijing Youth Daily ដែលគ្រប់គ្រងដោយរដ្ឋចិន។

សហនាយកកម្មវិធីអាស៊ីបូព៌ា និងជានាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លោក យុន ស៊ុន បាននិយាយថា កិច្ចប្រជុំស្រដៀងគ្នាស្តីពីការងារការទូតត្រូវបានធ្វើឡើងស្ទើរតែរៀងរាល់ ៥ ឆ្នាំម្តង រួមទាំងកិច្ចប្រជុំស្តីពីផ្នែកការទូតនៅក្នុងឆ្នាំ ២០១៣ ។

“នៅក្នុងឆ្នាំ ២០១៨ សន្និសីទការងារការទូតមជ្ឈឹមបក្សគឺជាទម្រង់មួយដូចគ្នា​នឹង​សន្និសីទ​ការងារ​ការទូត​ដែលត្រូវ​បាន​ធ្វើ​ឡើងក្នុង​មួយ​ឆ្នាំម្តង​បន្ទាប់​ពី​សមាជ​គណបក្ស​ម្តងៗ”។

“សន្និសីទបានរាយការណ៏ជាសង្ខេបនូវសមិទ្ធផលការទូតរបស់លោក ស៊ី នៅក្នុងទសវត្សរ៍កន្លងមក និងចង្អុលបង្ហាញទិសដៅដែលជាអាទិភាពថ្មីសម្រាប់ការងារការទូតរបស់ចិននាពេលអនាគត។ ប្រទេសចិនទំនងដូចជាកំពុងរៀបចំគោលនយោបាយទំនាក់ទំនងការទូតជាមួយពិភពលោកខាងក្រៅ។ ដើម្បីជាទំនុកចិត្តលើមាគ៌ាដឹកនាំរបស់ប្រទេសចិន និងទុកជាភស្តុតាងជាក់ស្តែងនៅក្នុងថ្ងៃអនាគត។

សាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Renmin នៃទីក្រុងប៉េកាំង លោក ស៊្សី យិនហុងបាននិយាយថា បើយោងតាមខ្លឹមសាររបស់កិច្ចប្រជុំបានបង្ហាញយ៉ាងទូលំទូលាយនូវអ្វីដែលគណបក្សបាននិយាយនៅក្នុងរបាយការណ៍អនុវត្តគោលនយោបាយរបស់ខ្លួននៅឯសមាជជាតិលើកទី ២០ កាលពីឆ្នាំមុន។

លោក​បាន​បន្ត​ថា​៖ “​ជំនួសឲ្យ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មីមួយ សេចក្តីថ្លែងការណ៍​នេះ​ទំនងដូចជា​ត្ត្រូវបានគេ​មើលឃើញ​បន្ថែមទៀត​អំពី​ការផ្លាស់ផ្តូរអាកប្បកិរិយា​ការទូត​ដ៏ជាក់លាក់មួយ​”​។

គេនៅមិនទាន់ដឹងច្បាស់ថា តើកិច្ចប្រជុំនេះបង្កប់អត្ថន័យសម្រាប់ការប្តូរទិសដៅគោលនយោបាយការបរទេសរបស់ចិន ដែលគេសង្កេតឃើញថាចិនកាន់តែមានសក្តានុពលនៅក្នុងការកេងចំណេញពីសភាពការចលាចលក្នុងការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក និងនៅតៃវ៉ាន់។

“ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសចិន យើងប្រហែលជាត្រូវពិនិត្យមើលសកម្មភាពការទូតសំខាន់ៗរបស់ប្រទេសចិន គឺមិនមែនគ្រាន់តែជាទង្វើមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពសម្រាប់រយៈពេលមួយខណៈដែលពាក្យស្រដៀងគ្នានេះត្រូវបានគេប្រដូចទៅនឹងគោលនយោបាយការបរទេសរបស់ចិនដែលវាអាចមានលក្ខណៈពិសេសថ្មីៗមួយចំនួនស្របទៅតាមពេលវេលា។

អត្ថបទនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅលើ SCMP ។

ប្រភព៖ South China Morning Post/cm