សន្ដិសុខសង្គម

មានអ្នកស៊ុមគ្រលុំគ្នាលួចឈូសឆាយដីរបស់រដ្ឋទុកដាំកូនឈើជាង៣០ហិកតានៅស្រុកឆែបយកធ្វើជាកម្មសិទ្ធិ

ដោយ៖សុខុម

ព្រះវិហារ៖ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកគប់គិតគ្នាប្រើគ្រឿងចក្រជាច្រើនគ្រឿងលួចចូលទាំងបំពានទៅឈូសឆាយដីព្រៃរបស់រដ្ឋដែលបម្រុងទុកដាំកូនឈើជាង៣០ហិកតា នៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពួកអ្នកដែលកំពុងប្រើគ្រឿងចក្រចូលទៅឈូសឆាយទន្រា្ទនរានយកដីរបស់រដ្ឋយ៉ាងអនាធិបតេយ្យនោះគឺមានទីតាំងស្ថិតនៅចំណុចទួលអូរសុក្រម ក្នុងភូមិសាស្រ្តទឹកដី ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ចំពោះដីរបស់រដ្ឋមានចំនួនជាង៣០ហិកតា ដែលគេកំពុងនាំគ្នារំលោភយកនោះ កាលពីខែកក្កដា ឆ្នាំ២០២០ អាណត្តិរបស់លោក សុខសាន្តតារ៉ា កាន់តំណែងជាអភិបាលស្រុកឆែបនោះ គឺបានដឹកនាំមន្ត្រីចុះបង្ក្រាបនិងដកហូតយកដីពីជនទុច្ចរិតមកវិញម្តងហើយតាមសារាចរណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ។

ជាមួយនោះក្រោយពីដកហូតហើយ ខណ្ឌរដ្ឋបាលព្រៃឈើមិនទាន់បានស្រាវជ្រាវរកមុខជនទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដើម្បីដាក់ទោសទណ្ឌទៅតាមច្បាប់នៅឡើយទេរហូតមកទល់នឹងចុងឆ្នាំ២០២៣នេះ។

រូបភាពស្តីពីសកម្មភាពកម្លាំងចម្រុះចុះរឹបអូសដីកាលពីឆ្នាំ២០២០

ប៉ុន្តែផ្ទុយទៅវិញមកដល់ឥឡូវនេះក្នុងអាណត្តិលោកឡង់សុបិនកាន់តំណែងជាអភិបាលស្រុកឆែប  បែរជាផ្ទៃដីដែលបានដកហូតទុកជាសម្បត្តិរដ្ឋជាង៣០ហិកតានោះ ស្រាប់តែលេចមុខជនខិលខូចឆ្លៀតឱកាសធ្វើសកម្មភាពឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិសាជាថ្មីម្ដងទៀត។

រូបភាពស្តីពីសកម្មភាពកម្លាំងចម្រុះចុះរឹបអូសដីកាលពីឆ្នាំ២០២០

 

ពាក់ព័ន្ធទៅនឹងរឿងនេះ អ្នកបញ្ជាគ្រឿងចក្រដែលកំពុងឈូសឆាយដីនៅតំបន់នោះម្នាក់បាននិយាយប្រាប់ឱ្យដឹងនៅពេលថ្មីៗនេះថា ពួកគេហ៊ានយកគ្រឿងចក្រចូលមកសម្អាតព្រៃនេះធ្វើតាមបញ្ជាពីឈ្មោះម៉ាប់។ អ្នកនោះបានឲ្យដឹងទៀតថា គាត់មិនដឹងថា ឈ្មោះម៉ាប់ជាអ្នករស់នៅឯណាទេ។ ពួកខ្ញុំគឺគ្រាន់តែជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឈូសដីព្រៃឲ្យគាត់តែប៉ុណ្ណោះ។

ចំណែក ឈ្មោះម៉ាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទឱ្យដឹងនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣ថា លោកគ្រាន់តែស៊ីឈ្មួលសម្អាតព្រៃឲ្យម្ចាស់ដីក្នុងតម្លៃ១ម៉ោង១០ម៉ឺនរៀលតែប៉ុណ្ណោះ។រីឯដីពាក់ព័ន្ធផ្លូវច្បាប់ឬយ៉ាងណានោះលោកពុំបានដឹងច្បាស់ទេ។

លោកឡង់សុបិនអភិបាលស្រុកឆែបអ្នកសារព័ត៌មាននៅមិនអាចសុំការបំភ្លឺតាមទូរសព្ទបានទេជុំវិញបញ្ហាមានគេរំលោភបំពានយកដីបម្រុងទុករបស់រដ្ឋសម្រាប់ដាំកូនឈើជាង៣០ហិកតានៅឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារយកកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជននេះ៕