សន្ដិសុខសង្គម

បើកបរធ្វេសប្រហែសនៅលើផ្លូវកោងក៏ជ្រុលចង្កូតទៅបុកក្មេងស្រីម្នាក់ស្លាប់ពេលកំពុងជិះម៉ូតូនៅស្រុកមេមត់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ រថយន្តដឹកទំនិញមួយគ្រឿង ដោយអ្នកបើកបរបានធ្វេសប្រហែសពេលកំពុងបើកបរនៅលើផ្លូវកោងក្រាលកៅស៊ូ ស្ថិតក្នុងភូមិដក់ពរ ឃុំទ្រៀក ស្រុកមេត់ គឺបានជ្រុលចង្កូតទៅបុកក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់រងរបួសធ្ងន់ និងបានស្លាប់នៅពេលបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហើយក្រោយកើតហេតុនៅម៉ោងប្រមាណជាង ៤ រសៀលថ្ងៃទី ២៨ ធ្នូម្សិលមិញអ្នកបើកបររូបនោះបានគេចខ្លួន។


សេចក្តីរាយការណ៍ពីសមត្ថិកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ក្មេងស្រីជាជនរងដែលបានស្លាប់ ពេលបញ្ជួនដល់មន្ទីរពេទ្យ និងជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1U-0999 ឈ្មោះ ង៉ោល ណនតា រស់នៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ដែរ។ ដោយខាងម៉ូតូនាងបានពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ។ រីឯខាងរថយន្តដែលអ្នកបើកបរបានទុករថយន្តចោលនៅផ្អៀងនឹងចិញ្ជើមផ្លូវ ហើយគេចខ្លួនម៉ាកហ៊ិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខក្រចេះ 3A-0198 ។


សេចក្តីរាយការណ៍បានបន្តថា៖ មុនកើហេតុខាងរថយន្តបានបើកបរពីទិសខាងជើងទៅត្បូង ដល់ចំណុចគ្រោះថ្នាក់ខាងលើបានប្រទះនឹងកោងក៏ជ្រុលចង្កូតប ទៅបុកនឹងម៉ូតូក្មេងស្រីរងគ្រោះដែលកំពុងជិះ ក្នុងទិសដៅបញ្ជ្រាសនឹងរថយន្តលើចំណែកផ្លូវរបស់ខ្លួនបណ្តាលឱ្យបុកម៉ូតូ រងរបួសធ្ងន់ ហើយក៏បានស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់។


សេចក្តីរាយការណ៍បានបន្ថែមថា៖ ជុំករណីគ្រោះថ្នាក់ចរាចរណ៍ខាងមន្រ្តីនគរបាលជំនាញបាន ប្រមូលវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះដែលខូចខាត់ធ្ងន់ និងរថយន្តដែលអ្នកបើកបរបានទុកចោល ហើយគេចខ្លួន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញបែបបទចាត់ការតាមនីតិវិធី៕