សន្ដិសុខសង្គម

បង្រ្កាបរថយន្តធុនធំដឹកឈើគ្មានច្បាប់អនុញ្ញាតពីជំនាញ

ដោយ:សុខុម
ស្ទឹងត្រែង:កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកឈើប្រភេទធុនធំមួយគ្រឿងរួចហើយបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើក្បែរគាល់ស្ពានសេកុងខេត្តស្ទឹងត្រែងនាថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣។


លោកហ៊ុនសំអឿននាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានឲ្យដឹងថារថយន្តខាងលើនេះកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននៅភូមិសាស្ត្រភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់កាលពីយប់ថ្ងៃទី២៨ខែធ្នូនិងបានបញ្ជូនមកដល់ខណ្ឌរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី២៩ធ្នូ។


នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថានៅក្នុងរថយន្តនោះគឺជាឈើប្រភេទលេខ២ឈើទាលដែលអាចយកទៅប្រើប្រាស់បានផ្សេងៗ។អ្នកពាក់ព័ន្ធមិនបានចេញមុខទទួលខុសត្រូវឬអះអាងថាជារថយន្តដឹកឈើរបស់ខ្លួនឡើយ។


នៅថ្ងៃដដែលនេះមន្ត្រីជំនាញកំពុងធ្វើការវាស់វែងរក្សាទុកឈើទាំងអស់រួមទាំងរថយន្តដែលជាភស្តុតាងនៅផ្ទះខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី៕