អន្តរជាតិ

ចិនចោទអាមេរិកថាកំពុងតែសាបព្រោះមនោគមវិជ្ជាសង្គ្រាមត្រជាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ប្រែសម្រួល៖ រតនា

ប៉េកាំង៖នៅមួយសប្តាហ៍បន្ទាប់ពីមន្ត្រីយោធាកំពូលរបស់ចិននិងអាមេរិកបានបន្តកិច្ចចរចាក្នុងកម្រិតខ្ពស់។ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ធ្នូនេះក្រសួងការពារជាតិចិនបានវាយប្រហារធ្ងន់ៗដោយពាក្យសម្តីទៅលើសហរដ្ឋអាមេរិកថាបាននិងកំពុងសាបព្រោះមនោគមវិជ្ជាសង្រ្គាមត្រជាក់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលចិនប្តេជ្ញាទប់ទល់លើផ្នត់គំនិតនេះដើម្បីឈានទៅបន្សាបឥទ្ធិពលសង្រ្គាមត្រជាក់របស់អាមេរិកនៅក្នុងតំបន់។ ចិនបានគូសបញ្ជាក់ថានឹងមិនអនុញ្ញាតឲ្យអាមេរិកបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាបន្តទៅទៀតនោះទេ។

ភាគីសហរដ្ឋអាមេរិកបានអំពាវនាវឲ្យធ្វើ “ការងារបន្ថែមទៀត” ដើម្បីធានាថាទំនាក់ទំនងយោធានៅតែបើកចំហ និងអាចទុកចិត្តគ្នាបានទៅវិញទៅមក។ ភាគីទាំងពីរបានសន្យានៅក្នុងកិច្ចពិភាក្សាដើម្បីស្តារទំនាក់ទំនងផ្នែកយោធាឡើងវិញជៀសវាងការគណនាខុសបណ្តាលឲ្យមានការយល់ច្រឡំ។

ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិចិនបានបំប៉ោងសំឡេងកាន់តែខ្លាំងបណ្តាលឲ្យអ្នសង្កេតការណ៍មានការស្រពិចស្រពិលនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំចុងក្រោយនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ គៀន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា “ការបន្តពង្រឹងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាសញ្ញាបញ្ជាក់ថាអាមេរិកបាននិងកំពុងអនុវត្តមនោគមវិជ្ជាសង្គ្រាមត្រជាក់” ។

“គោលដៅរបស់អាមេរិកគឺដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួននិងដើម្បីពង្រឹងជំហរអនុត្តរភាពនិយមរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សារជាតិវាតទីនិយមរបស់អាមេរិកគឺជាការប៉ុនប៉ងជំរុញឲ្យមានការប្រឈមមុខដាក់គ្នាដ៏ស្រួចស្រាវមួយកើតឡើង” ។

ក្នុងខណ:ពេលដែលឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកលោកឧត្តមសេនីយ ឆាកឡេស ប្រោន និងសមភាគីចិនលោកឧត្តមសេនីយ៍ លី ស៊ៀន បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាតាមវីដេអូនៅក្នុងព្រឹត្តិការណ៍បែបនេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានបង្ហាញពីទស្សន:ដែលពោរពេញទៅដោយក្តីសង្ឃឹមថាកិច្ចពិភាក្សាកាលពីសប្តាហ៍មុន អាចនាំមកនូវការស្តារឡើងវិញនៃទំនាក់ទំនងយោធារវាងចិននិងអាមេរិកបានយ៉ាងទូលំទូលាយ។

កិច្ចពិភាក្សាទាំងនោះត្រូវបានធ្វើឡើងដោយអនុឡោមទៅតាមកិច្ចព្រមព្រៀងនៅសាន់ហ្វ្រាន់ស៊ីស្កូកាលពីខែមុនរវាងមេដឹកនាំនៃប្រទេសទាំងពីរដើម្បីបន្តទំនាក់ទំនងរវាងចិននិងអាមេរិកដែលទីក្រុងប៉េកាំងបានយល់ព្រមទទួលយកសំណើរអាមេរិកចាប់តាំងពីលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលជាប្រធានសភាតំណាងរាស្រ្តអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងឆ្នាំ ២០២២។

លោកឧត្តមសេនីយ វូ បានថ្លែងថា ការហៅជាវីដេអូបានផ្តល់នូវ “លទ្ធផលជាវិជ្ជមានក្នុងន័យស្ថាបនា”។

លោកបានបន្ថែមថា ទីក្រុងប៉េកាំងរំពឹងទុកថាក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការជាក់ស្តែងដោយផ្អែកលើគោលការណ៏សមភាព និងគោរពគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ភាតរភាពឲ្យកាន់តែរឹងមាំប្រកបដោយការអភិវឌ្ឍដែលមានស្ថិរភាពលើទំនាក់ទំនងយោធា និងយោធារវាងចិន និងសហរដ្ឋអាមេរិក” ដោយបន្តថា កិច្ចព្រព្រៀងដ៏ច្បាស់លាស់មួយនឹងត្រូវប្រកាសនៅពេលក្រោយទៀត។

  • ការគ្រប់គ្រងរបស់តៃវ៉ាន់

លោកឧត្តមសេនីយ វូ បានចោទប្រកាន់រដ្ឋាភិបាលតៃវ៉ាន់ថាមានចេតនា “បំភាន់” មតិអន្តរជាតិថាចិនបានគំរាមកំហែងផ្នែកយោធាដោយលោកបានសង្កត់ធ្ងន់ថាការចោទប្រកាន់របស់រដ្ឋាភិបាលតៃវ៉ាន់គឺដើម្បីកេងចំណេញនយោបាយសម្រាប់ជាផលប្រយោជន៍របស់បក្សកាន់អំណាចតៃវ៉ាន់លើកិច្ចការបោះឆ្នោត។ កោះតៃវ៉ាន់គ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីដ៏សំខាន់មួយនៅថ្ងៃទី ១៣ ខែមករា។ លោកបានព្រមានអាមេរិកថាត្រូវនៅឲ្យឆ្ងាយដោយមិនមានការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតតៃវ៉ាន់ រួមទាំងហាមមិនឲ្យមានការលក់អាវុធឲ្យកោះប្រជាធិបតេយ្យមួយនេះថែមទៀតផង។

លោកឧត្តមសេនីយ វូ បានគូសបញ្ជាក់ថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលមានទំនាក់ទំនងផ្លូវការ និងយោធាជាមួយកោះតៃវ៉ាន់ទោះនៅក្នុងទម្រង់ណាមួយក៏ដោយ។ យើងកំពុងរៀបចំចោទជាសំណួរទៅកាន់ប្រមុខយោធាសហរដ្ឋអាមេរិកលើបញ្ហាកោះតៃវ៉ាន់ក្នុងទម្រង់ផ្សេងៗគ្នា ដែលជាល្បែងដ៏គ្រោះថ្នាក់បំផុត” ។

លោកបានបន្ថែមថា “យើងជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់អាវុធដល់តៃវ៉ាន់ក្រោមលេសផ្សេងៗឬតាមមធ្យោបាយណាមួយក៏ដោយ”។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា ខ្លួនមិនបានឃើញសញ្ញាគំរាមកំហែងណាមួយរបស់កងយោធាចិនក្នុងទ្រង់ទ្រាយធំនៅមុនការបោះឆ្នោតនោះទេ ក៏ប៉ុន្តែពួកគេក៏កំពុងតាមឃ្លាំមើលយ៉ាងដិតដល់បំផុតលើឥរិយាបទយោធាចិន។

លោកឧត្តមសេនីយ វូ ក៏បានដាក់ការស្តីបន្ទោសលើអាមេរិកចំពោះការបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីននៅជុំវិញប្រជុំកោះ ស្រ្ពាតលី ។

លោកឧត្តមសេនីយ វូ បានថ្លែបន្តថា “សហរដ្ឋអាមេរិក តាមរយ:ការគណនាអាត្មានិយមរបស់ខ្លួន បាននិងកំពុងគិតគូរពង្រឹងកម្លាំងហ្វីលីពីនដោយខិតខំព្យាយាមដំឡើងសាច់ដុំគំរាមកំហែងប្រទេសចិន”។

សហរដ្ឋអាមេរិកបានគាំទ្រទីក្រុងម៉ានីលដោយផ្ទាល់នៅក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសចិន។ប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ហ្វើឌីណាល់ ម៉ាកូស យូនន័រ បានពង្រឹងទំនាក់ទំនងជាមួយអាមេរិកឲ្យកាន់តែស៊ីជម្រៅថែមទៀត។

អ្នកនាំពាក្យយោធាហ្វីលីពីននៅសប្តាហ៍នេះបានច្រានចោលការចោទប្រកាន់របស់ចិនដែលថាប្រទេសរខ្លួនកំពុងបង្កជម្លោះនៅក្នុងតំបន់។

ចំពោះមុខលោកឧត្តមសេនីយ វូ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការដកតំណែងនាយកប្រតិបត្តិបីរូបនៅក្នុងសប្តាហ៍នេះចេញពីក្រុមហ៊ុនបច្ចេកវិទ្យាការពារដែនអាកាសឈានមុខគេ។

នាយកប្រតិបត្តិគឺជាបុគ្កលមកពីសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) ដែលជាអ្នកម៉ៅការកម្មវិធីអវកាសដ៏សំខាន់របស់ប្រទេសចិន និងជាអ្នកកសាងប្រព័ន្ធមីស៊ីល។

នៅពេលដែលត្រូវបានគេសួរអំពីមូលហេតុនៅពីក្រោយការដកតំណែងរបស់ពួកគេ លោកបានបញ្ជាក់ថា “គាត់បានបញ្ជូនអ្នកទាំងបីរូបនោះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បិចាត់ការបន្តទៅតាមនីតិវិធី”។

ណូរិនកូ ដែលជាក្រុមហ៊ុនម៉ៅការរបស់ក្រសួងការពារជាតិចិនដ៏ធំមួយ និងជាអ្នកផលិតកាំជ្រួចធំជាងគេរបស់ចិន គឺសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC)។

Reuters បានរាយការណ៍ថា ការបោសសម្អាតផ្ទៃក្នុងប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួរកំពូលៗនៃកងទ័ពរំដោះប្រជាជនចិនដែលមានជាប់ពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីការពារជាតិលោក លី ហ្សាងហ្វូ ដែលកំពុងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតលើលទ្ធកម្មយោធាដែលមានអំពើពុករលួយ។

កងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិនក៏ជាគោលដៅសម្រាប់ការស៊ើបអង្កេតនាពេលថ្មីៗនេះផងដែរ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់បំផុតពីររូបរបស់ខ្លួនត្រូវបានផ្លាស់ប្តូរភ្លាមៗនៅចុងខែកក្កដាជាមួយនឹងមេបញ្ជាការមកពីខាងក្រៅអង្គភាព៕

ប្រភព៖ Reuters/ec