អន្តរជាតិ

ក្រុមហ៊ុន Boeing ជំរុញឲ្យមានការត្រួតពិនិត្យយន្តហោះ 737 MAX លើបញ្ហារលុងKjrabប៊ូឡុងដែលអាចកើតមាននៅក្នុងប្រព័ន្ធគ្រប់គ្រង rudder

ប្រែសម្រួល៖ ស.សម្បត្តិ

វ៉ាស៊ីនតោន៖នៅថ្ងៃព្រហស្បតិ៍ ទី២៨ ធ្នូ  រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថាក្រុមហ៊ុនផលិតយន្តហោះ Boeing កំពុងជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍នាៗ ពិនិត្យមើលយន្តហោះ 737 MAX លើបញ្ហារលុងគ្រាប់ប៊ូឡុងដែលអាចកើតមាននៅក្នុងប្រព័ន្ធគ្រប់គ្រង rudder ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតក្នុងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងដើម្បីស្វែងរកបញ្ហារលុងគ្រាប់ប៊ូឡុងរបស់យន្តហោះ Boeing 737 MAX ដែលត្រូវយកមកវិភាគលើប្រព័ន្ធប្រតិតបត្តិការបន្ថែមទៀតដោយផ្អែកលើការរកឃើញបន្ថែមក្នុងប្រព័ន្ធហាដវ៉ែរដែលមានរលុងគ្រាប់ប៊ូឡុងឬបាត់បង់គ្រាប់ប៊ូឡុង។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយថា ក្រុមហ៊ុន Boeing បានផ្តល់ការណែនាំលើការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងគ្រាប់ប៊ូឡុង បន្ទាប់ពីប្រតិបត្តិករអន្តរជាតិបានរកឃើញប្រព័ន្ធគ្រប់គ្រង rudder មួយជាប់នឹងគ្រាប់ប៊ូឡុងបានបាត់បង់នៅក្នុងខណ:ពេលដែលកំពុងផ្តល់សេវ៉ាថែទាំទៅតាមទម្លាប់ក្រោយមកក៏បានរកឃើញបន្ថែមទៀតនូវមុខតំណភ្ជាប់ប្រព័ន្ធត្រួតពិនិត្យ rudder នៅក្នុងស្ថានភាពរលុងគ្រាប់ប៊ូឡុង។ ទីភ្នាក់ងារបានឲ្យដឹងថា ក្រុមហ៊ុន Boeing បានរកឃើញយន្តហោះដែលមិនទាន់បានបញ្ជូនបន្ថែមទៅកាន់ទីតាំងផ្តល់សេវ៉ាថែទាំមួយគ្រឿងថែមទៀតជាមួយនឹងគ្រាប់ប៊ូឡុងមានសភាពរលុងដោយសារតែមិនបានរឹតឲ្យតឹងបានល្អត្រឹមត្រូវ។

ក្រុមហ៊ុន Boeing បាននិយាយថា “បញ្ហាដែលត្រូវបានរកឃើញហើយបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅលើយន្តហោះត្រូវបានដោះស្រាយរួចរាល់ហើយ” ។ ក្រុមហ៊ុនត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នឲ្យបានច្រើន យើងកំពុងធ្វើការណែនាំដល់ប្រតិបត្តិករថាត្រូវធ្វើការត្រួតពិនិត្យយន្តហោះ 737 MAX របស់ខ្លួននិងជូនដំណឹងដល់យើងអំពីការរកឃើញនូវបញ្ហាណាមួយ។ យើងក៏បានជូនដំណឹងដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA និងអតិថិជនរបស់យើងថានឹងបន្តឲ្យពួកគេដឹងអំពីវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាដែលកើតឡើងទាំងនេះ”។

ក្រុមហ៊ុនផលិតយន្តហោះបានធ្វើការណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការត្រួតពិនិត្យ MAXs របស់ពួកគេនៅក្នុងរយៈពេលពីរសប្តាហ៍ ប៉ុន្តែយន្តហោះ 737 MAX អាចនៅបន្តការហោះហើរដោយសុវត្ថិភាព ការផលិត និងចែកចាយ MAX នឹងបន្តតាមធម្មតា។

Boeing បាននិយាយថា បញ្ហានេះមិនប៉ះពាល់ដល់យន្តហោះចាស់ៗ 737 Next Generation នោះទេ។ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ ១ ភាគរយនៅក្នុងការជួញដូរនៅពេលថ្ងៃត្រង់នេះ។

“ក្រុមហ៊ុនអាកាសចរណ៍នឹងជួបបញ្ហាដ៏ធ្ងន់ធ្ងរ”

United Airlines និង American Airlines ដែលជាអតិថិជនក្នុងស្រុកធំទីពីររបស់ MAX បាននិយាយថា ពួកគេជឿជាក់ថាការត្រួតពិនិត្យនឹងមានផលប៉ះពាល់ដល់កិច្ចប្រតិបត្តិការ។

ក្រុមហ៊ុន Southwest Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលហោះហើរតែយន្តហោះ 737 NG និង MAX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយថា ក្រុមហ៊ុន Boeing បានចេញសារថ្មីៗជំរុញឲ្យប្រតិបត្តិករយន្តហោះរត់ផ្លូវតែមួយពិនិត្យមើលគ្រាប់ប៊ូឡុងឲ្យជាក់លាក់ដែលជាប្រព័ន្ធគ្រប់គ្រងចលនារបស់ rudder ឆែកលើហារដវ៉ែរដើម្បីស្វែងរកសភាពធូរលុងគ្រាប់ប៊ូឡុងដែលអាចកើតមានឡើងក្នុងប្រព័ន្ធគ្រប់គ្រងលើទីតាំងបញ្ជាការហោះហើរនៅក្បាលយន្តហោះក្នុងពេលកំពុងប្រតិបត្តិការហោះហើរនៅលើអាកាស។

ក្រុមហ៊ុន Boeing បាននិយាយថា ការត្រួតពិនិត្យពាក់ព័ន្ធនឹងការដកបន្ទះឈឺបចេញចូល និងផ្ទៀងផ្ទាត់ជាមួយហាដវ៉ែរត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ។ ដំណើរការនេះបានចំណាយពេលអស់ពីរម៉ោង ហើយក្រុមហ៊ុន Boeing កំពុងត្រួតពិនិត្យយន្តហោះ 737 MAX ដែលនៅមិនទាន់បានចែកចាយនៅមុនពេលប្រគល់ជូនអតិថិជន។

ទីភ្នាក់ងារនេះបាននិយាយថារដ្ឋបាលអាកាសចរណ៍សហព័ន្ធ “FAA នឹងនៅតែទាក់ទងជាមួយក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ ខណៈពេលដែលការត្រួតពិនិត្យកំពុងដំណើរការ” ដោយណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ថាតើផ្នែកហាដវ៉ែរណាមួយត្រូវបានរកឃើញកាលពីពេលមុនត្រូវផ្តល់ព័ត៌មានលម្អិតអំពីរបៀបត្រួតពិនិត្យទាំងនេះហើយដើម្បីបញ្ចប់ការជូសជុលឲ្យបានលឿនតើត្រូវប្រើពេលអស់ប៉ុន្មាន។

ក្រុមហ៊ុន Boeing បាននិយាយថាបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រង rudder ដែលមិនដំណើរការត្រឹមត្រូវនោះប្រតិបត្តករទំនងជាបានកំណត់អត្តសញ្ញាណរួចរាល់ហើយដើម្បីធ្វើការត្រួតពិនិត្យនៅមុនពេលហោះហើរហើយក្រុមអាកាសយានិកក៏បានពិនិត្យផងដែលើប្រព័ន្ធ rudder នៅមុនពេលយន្តហោះចេញដំណើរទៅកាន់ច្រកទ្វារដើម្បីរង់ចាំការបញ្ជាឲ្យធ្វើការហោះហើរ។

អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសនៅសាកលវិទ្យាល័យ Embry-Riddle Aeronautical University លោក Anthony Brickhouse បាននិយាយថា ការត្រួតពិនិត្យគឺជាផ្នែកមួយដែលជួយដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA ក្នុងការកំណត់ថាតើបញ្ហាដែលមាននៅក្នុងកម្រិតណា ហើយថាតើវាជាសញ្ញានៃភាពច្រឡោះប្រហោងផ្នែកគុណភាពរបស់ផលិតកម្មដែលទាមទារឲ្យនិយតករចាត់វិធានការបន្ថែមទៀតឬមួយយ៉ាងណា?

លោក​បាន​បន្ត​ថា​ ” ក្រុមហ៊ុន​អាកាសចរណ៍​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ត្រួតពិនិត្យ​បន្ថែមទៀតលើប្រព័ន្ធ rudder។ យន្តហោះ 737 MAX ត្រូវបានផ្អាកដំណើរការអស់រយៈពេល ២០ ខែនៅទូទាំងពិភពលោក បន្ទាប់ពីមានការធ្លាក់យន្តហោះចំនួនពីរលើកនៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្ស ជាង ៣៤៦ នាក់នៅក្នុងប្រទេសអេត្យូពី និងឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Boeing នៅតែរង់ចាំការបញ្ជាក់អំពីបញ្ហារបស់យន្តហោះ 737 MAX 7 ខ្នាតតូច និង MAX ១០ខ្នាតធំ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បានធ្វើការត្រួតពិនិត្យយន្តហោះ 737 MAX 7 យ៉ាងប្រុងប្រយ័ត្ន។ នៅក្នុងឆ្នាំ ២០២១ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បាននិយាយថា ខ្លួនកំពុងតាមដានយន្តហោះ 737 MAX និង MAX ១០ទាំងអស់ដោយប្រើប្រព័ន្ធចាប់សញ្ញាតាមដានទិន្ន័យតាមរយ:ផ្កាយរណប៕

ប្រភព៖ Reuters/fs