កីឡា

កីឡាបាល់ទាត់មហាជន៤៥ឆ្នាំឡើងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវប្រកួតមិត្តភាព

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

ក្រុមកីឡាបាល់ទាត់ មហាជនអាយុចាប់ពី៤៥ឆ្នាំឡើងរបស់ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ-ប្រធានសាខាសហព័ន្ធកីឡាបាល់ទាត់ខេត្តនិងក្រុមកីឡាបាល់ទាត់មហាជន មកពីខេត្តស្រះកែវប្រទេសថៃ ។

ការប្រកួតនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ នៅទីលានបាល់ទាត់វាលស្មៅធម្មជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងមន្ទីរអប់រំ យុវជនកីឡាខេត្តនាបរិវេណវិទ្យាល័យ ហ៊ុន  សែន ខ្លាកូន  ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ  ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ ។

ក្នុងកម្មវិធី ក៏មានការអញ្ជើញចូលរួមពី លោក  ហ៊ឹល  រ៉ាយ៉ា អភិបាលរងខេត្តលោកកើត  វណ្ណារ៉េត  ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ  លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្ត លោកឧត្តមសេនីយ៍ទោ  សិទ្ធ  ឡោះ  ស្នងការនគរបាលខេត្ត គណៈ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុន សែនខ្លាកូន និងក្រុមគ្រួសារកីឡាករជាច្រើន ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ៣លើក ជាលទ្ធផលគឺក្រុមកីឡាករបាល់ទាត់មហាជនបន្ទាយមានជ័យបានឈ្នះក្រុមមហាជនខេត្តស្រះកែវដោយពិន្ទុ ៣-២ ។

ហើយនៅថ្ងៃទី២៩ខែធ្នូ  ក្រុមកីឡាករបាល់ទាត់មហាជនបន្ទាយមានជ័យបន្តទៅប្រកួតជាមួយក្រុមមហាជនខេត្តសុរិន្ទ ប្រទេសថៃនៅខេត្តសុរិន្ទទៀត ។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន   លោកឈូ ប៊ុនរឿង និងលោកហ៊ឹល រ៉ាយ៉ា បានអោយដឹងថា : បំណងនៃការប្រកួតបាល់ទាត់នេះដើម្បីជំរុញលើកកម្ពស់ការលេងនិងស្រឡាញ់កីឡា ។ព្រោះថា កីឡានាំមកនូវសុខភាព កម្លាំងរឹងមាំ  ដើម្បីមិត្តភាព ភាតរភាព សាមគ្គីភាពនិងចៀសវាអបាយមុខផ្សេងៗ ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៣ កន្លងមក ក្រុមនេះ សហការនឹងក្រុមកីឡាករបាល់ទាត់មហាជនអាណាចក្រអង្គរនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតជាមួយក្រុមកីឡាបាល់ទាត់ វ័យចំណាស់សហរដ្ឋអាមេរិក(USA) នៅទីលានបាល់ទាត់ស្មៅធម្មជាតិមួយក្នុងខេត្តឧទ័យថានី ប្រទេសថៃ ក្នុងក្របខ័ណ្ឌពាន(VIP WORLD FOOTBALL FEDERATION Aged ) ៕