ព័ត៌មានជាតិ

សហគមន៍មានសិទ្ធិប្រមូលយកផលអនុផលព្រៃឈើទៅប្រើប្រាស់ផ្សេងៗបានតាមតម្រូវការ

ដោយ៖សុខុម

ស្ទឹងត្រែង៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ថាអ្នកការពារព្រៃសហគមន៍ពេលនេះអាចមានសិទ្ធិប្រមូលយកផលអនុផលព្រៃឈើពីក្នុងព្រៃរបស់ខ្លួនយកប្រើប្រាស់បានដោយស្របច្បាប់តាមតម្រូវការណាមួយ។

លោកហ៊ុនសំអឿននាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានប្រាប់ Cambodia flash news ឲ្យដឹងថា កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលចុះដៅឈើក្នុងព្រៃសហគមន៍ឈើទាលព្រឹសដែលស្ថិតនៅភូមិរំដេងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

សកម្មភាពចុះទៅនោះក្នុងគោលបំណងដកហូតឈើស្របច្បាប់លើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណី ដែលជាគម្រោងសាកល្បងនៅក្នុងប្រទេសកម្ពុជា និងយកជាសហគមន៍ព្រៃឈើគំរូ ដើម្បីអោយសហគមន៍ផ្សេងៗទៀតយកគំរូតាម និងស្តង់ដារតែមួយ ។ ការដកហូតឈើនេះដើម្បីអភិវឌ្ឍន៍សហគមន៍ និងបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្ររបស់សមាជិកសហគមន៍ព្រៃឈើនិងប្រសិទ្ធភាពនៃការគ្រប់គ្រងព្រៃសហគមន៍។

ជារួមមកអ្នកចូលរួមការពារសហគមន៍ព្រៃឈើឈើទាលព្រឹសនៅស្រុកថាឡាបរិវ៉ាត់អាចមានសិទ្ធិយកផលអនុផលព្រៃឈើក្នុងព្រៃសហគមន៍របស់ខ្លួនទៅកាន់ទីផ្សារបានតាមតម្រូវការនានា។

ចំណុចសាកល្បងជំហានទី១គឺផ្ដើមចេញពីផ្ទៃដី២៥ហិកតានៃទំហំផ្ទៃដីព្រៃសហគមន៍ទាំងមូល។

នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ថាមុននឹងប្រមូលផលអនុផលព្រៃឈើមន្ត្រីជំនាញចុះធ្វើសារពើភណ្ឌ១០០ភាគរយជាមុនសិន។

ក្រោយពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះទៅដៅដល់ឈើរួចហើយសហគមន៍អាចមានសិទ្ធិសុំច្បាប់ពីជំនាញកាប់តាមបច្ចេកទេសអនុញ្ញាតឱ្យយកទៅប្រើប្រាស់បាន៨០ភាគរយ។ដោយឡែកនៅសល់២០ភាគរយទៀតគឺទុករក្សាពូជអភិរក្សជាគម្របព្រៃឈើបន្តឲ្យដុះលូតលាស់ឡើងវិញ។

ដោយឡែកប្រាក់ដែលទទួលបានពីការប្រើប្រាស់ផលអនុផលព្រៃឈើនេះ សហគមន៍យកទៅដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃនិងចំណាយមួយផ្នែកខ្លះដើម្បីទ្រទ្រង់សមាជិកក្នុងសហគមន៍ជាបន្តទៀត។

ជំនាញរដ្ឋបាលព្រៃឈើសូមអំពាវនាវឲ្យសមាជិកក្នុងសហគមន៍រួបរួមគ្នាពង្រឹងកម្លាំងការពារព្រៃរបស់ខ្លួនដើម្បីឲ្យវានៅគង់វង្សសម្រាប់តទៅថ្ងៃអនាគត។

លោកសៀកសែនពលរដ្ឋរស់នៅក្នុងឃុំចំការលើដែលធ្លាប់ជំទាស់ទៅនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើកន្លងមកយល់ឃើញថាបើសិនជាពលរដ្ឋរួមគ្នាអភិរក្សការពារព្រៃសហគមន៍ដោយស្មោះអស់ពីបេះដូង លោកគិតថានឹងកាត់បន្ថយការកាប់បំផ្លាញព្រៃសហគមន៍ឲ្យរក្សាបានដល់ក្មេងជំនាន់ក្រោយ។

ចំពោះការលើកឡើងថាសហគមន៍មានសិទ្ធិប្រើប្រាស់ព្រៃសហគមន៍ដែលខ្លួនការពារនោះគឺពិតជាត្រឹមត្រូវណាស់។លោកគាំទ្រឲ្យការប្រើប្រាស់ផលអនុផលព្រៃឈើសហគមន៍មួយនេះ មានប្រសិទ្ធភាព។

លោក សំភី មេឃុំចំការលើបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ធ្នូថាសហគមន៍ព្រៃឈើក្នុងឃុំរបស់លោកជាសំខាន់យើងដាក់ទ្រូចង់បានត្រីយើងរក្សាព្រៃទុកដើម្បីទទួលផលប្រយោជន៍នេះគឺជាការយល់ឃើញរបស់គាត់៕