អន្តរជាតិ

រុស្ស៊ីចេញមុខព្រមានជប៉ុនការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot តាមរយ:សហរដ្ឋអាមេរិកឲ្យអ៊ុយក្រែនថានឹងមានផលវិបាក

ប្រែសម្រួល៖សហការី

មូស្គូ៖ កាលពីថ្ងៃ ទី២៧ ធ្នូ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានព្រមានលើចំណាត់ការរបស់ជប៉ុនក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot តាមរយ:សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនថានឹងធ្វើឲ្យមាន “ផលវិបាក ” លើទំនាក់ទំនងរវាងរុស្ស៊ីនិងជប៉ុន។

ចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលលុកលុយប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីនេះជាហេតុផលមួយដែលធ្វើឲ្យទំនាក់ទំនងរវាងក្រុងមូស្គូនិងក្រុងតូក្យូមានការលំបាកស្រាប់ហើយតែឥឡូវនេះទំនាក់ទំនងរវាងក្រុងមូស្គូនិងក្រុងតូក្យូបានធ្លាក់ចុះកាន់តែខ្លាំងដែលគួរឲ្យព្រួយបារម្ភបំផុត។

ប្រទេសជប៉ុនបានអះអាងកាលពីសប្តាហ៍មុនថាខ្លួននឹងផ្ទេរកាំជ្រួចការពារដែនអាកាស Patriot ទៅឲ្យសហរដ្ឋអាមេរិកវិញដើម្បីជៀសវាងកែប្រែគោលការណ៍លើបំរាមក្នុងការនាំចេញអាវុធរបស់ខ្លួនក្នុងរយៈពេលប្រាំបួនឆ្នាំហើយបើទោះបីជាមានការរារាំងមិនឲ្យដឹកជញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្គ្រាមដូចអ៊ុយក្រែនក៏ដោយ ក៏ប្រទេសជប៉ុននៅតែអាចធ្វើទៅបានតាមវិធីសាស្ត្រផ្ទេរអាវុធទៅឲ្សសហរដ្ឋអាមេរិកវិញតាមរយ:នេះអាមេរិកជំនួសមុខឲ្យប្រទេសជប៉ុនអាចផ្តល់កាំជ្រួចការពារដែនអាកាស Patriot ដែលផ្តល់ឲ្យដោយជប៉ុនទៅឲ្យអ៊ុយក្រែនដើម្បីប្រឆាំងទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ី។ វិធីសាស្ត្រផ្ទេរអាវុធរបស់ជប៉ុនទៅឲ្យសហរដ្ឋអាមេរិគឺជាការជួយបំពេញបន្ថែមក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុង Kyivដោយប្រយោលពីប្រទេសជប៉ុនតាមរយ:សហរដ្ឋអាមេរិក។

លោក Zakharova បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ភាគីជប៉ុនគោរពគោលការណ៍រារាំងមិនឲ្យផ្តល់សព្វាវុធទៅឲ្យប្រទេសដែលមានសង្គ្រាមដូចអ៊ុយក្រែនតែសហរដ្ឋអាមេរិកអាចធ្វើទៅបានតាមដែលខ្លួនចង់ធ្វើ”។ “យើងមិនអាចបោះបង់គំនិតដែលថានឹងផ្តល់មីស៊ីល Patriotទៅឲ្យអ៊ុយក្រែននោះទេគឺវាគ្មានថ្ងៃបញ្ចប់នោះទេ”។

ទម្រង់នៃសេណារីយ៉ូនេះគឺជប៉ុនព្យាយាមបំប្លែងសកម្មភាព ” បិទបាំងទង្វើអរិភាពរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីដែលនាំទៅរកផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុនក្នុងបរិបទទំនាក់ទំនងទ្វេភាគីជាមួយរុស្សីនាពេលខាងមុខ”។

ជប៉ុន និងកូរ៉េខាងត្បូងនៅក្នុងដើមខែនេះប្រទេសទាំងពីរបានសហការគ្នាបណ្តេញយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងចិន និងរុស្ស៊ីចេញពីតំបន់កំណត់អត្តសញ្ញាណក្នុងទឹកដីរបស់ពួកគេ។

រុស្សី និងជប៉ុននៅមិនទាន់បញ្ចប់សន្ធិសញ្ញាផ្លូវការលើអរិភាពពាក់ព័ន្ធនឹងសង្គ្រាមលោកលើកទី ២ ដោយសារតែជម្លោះចាស់ដែលពាក់ព័ន្ធនឹងការដណ្តើមកាន់កាប់កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលគេស្គាល់ថាជាដែនដីភាគខាងជើងរបស់ប្រទេសជប៉ុន។ចំណែករុស្ស៊ីដណ្តើមយកមកកាន់កាប់ថាជាកោះ របស់ខ្លួនដែលហៅជាភាសាររុស្សីថា Kuriles ភាគខាងត្បូង។

សូម្បីតែនៅមុនពេលមានសង្គ្រាមជាមួយអ៊ុយក្រែនក៏ក្រុងតូក្យូបានត្អូញត្អែរអំពីការដាក់ពង្រាយកងយោធារុស្ស៊ីនៅលើកោះនោះដែលរុស្ស៊ីយកមកកាន់កាប់តាំងពីសម័យសហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ៕

ប្រភព៖ Reuters/fh