អន្តរជាតិ

មេដឹកនាំកុម្មុយនិស្តកូរ៉េខាងជើងអំពាវនាវឲ្យយោធាត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម

ប្រែសម្រួល៖ សហការី

សេអ៊ូល៖នៅថ្ងៃព្រហស្បតិ៍ ទី២៨ ធ្នូនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឲ្យកងទ័ពរបស់គាត់ត្រៀមលក្ខណ:សម្រាប់សង្រ្គាមឲ្យបាន “លឿនបំផុត” ដោយរួមបញ្ជូលទាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

​អត្ថាធិប្បាយ​នេះ​បាន​កើត​ឡើង​ក្នុង​មួយ​សប្តាហ៍​បន្ទាប់​ពី​លោក គឹម ធ្វើការព្រមាន​​ថា​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ប្រសិន​បើបច្ចាមិត្ត “បង្ក​ហេតុ” ដោយ​ប្រើអាវុធ​នុយក្លេអ៊ែរ។

លោក គីម បានធ្វើការបកស្រាយនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណបក្សពលករនៅចុងឆ្នាំនេះដែលគេរំពឹងថាគាត់នឹងធ្វើការសម្រេចចិត្តលើគោលនយោបាយសំខាន់ៗសម្រាប់ទិសដៅឆ្នាំ ២០២៤ ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមបក្សកូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានស្នើឲ្យកងទ័ព “បង្កើនល្បឿនបន្ថែមទៀតក្នុងការត្រៀមខ្លួនសម្រាប់សង្រ្គាម” លើគ្រប់វិស័យរួមទាំងអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធការការពារដែនអាកាស។

លោកក៏បានសង្កត់ធ្ងន់ថា “ស្ថានការសឹក” នៅលើឧបទ្វីបកូរ៉េបានក្លាយទៅជា “ជ្រុលនិយម” ដោយសារតែ “ការប្រឈមមុខដាក់គ្នា” មិនធ្លាប់មានពីមុនមកប្រឆាំងនឹងកូរ៉េខាងជើងពីសំណាក់ក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត។

ក្រុងសេអ៊ូល តូក្យូ និងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការសាកល្បងអាវុធដទៃទៀតដោយក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំនេះ ហើយក្នុងពេលថ្មីៗនេះបានរៀបចំប្រព័ន្ធតាមដានការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

កាលពីដើមខែនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង។ ក្រុងវ៉ាស៊ីនតោនក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ខ្លួនចូលរួមសមយុទ្ធយោធាជាមួយទីក្រុងសេអ៊ូល និងតូក្យូផងដែរ។

កន្លងមកកូរ៉េខាងជើងបានចោទប្រកាន់អាមេរិកថាបានប្រើប្រាស់ឧបករណ៏យុទ្ធសាស្ត្រផ្នែកយោធារបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក B-52 ចូលរួមក្នុងសមយុទ្ធរួមគ្នានៅលើឧបទ្វីបកូរ៉េថាជា “ចេតនាបង្កសង្គ្រាមនុយក្លេអ៊ែរ”។

ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាបានដោយជោគជ័យ ដោយបានកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន និងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ទំនើបបំផុត។

លោក គីម នៅដើមសប្តាហ៍នេះ បានកំណត់យកឆ្នាំ ២០២៣ ថាជា “ឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ” ដែលទីក្រុងព្យុងយ៉ាងសម្រេចបានលទ្ធផលជាច្រើនដែលជា “ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល” ។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិបាននិយាយថា រ៉េអាក់ទ័រទីពីរនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon របស់ប្រទេសកូរ៉េខាងជើងទំនងជាកំពុងដំណើរការ ដោយបានចាត់ទុកថាជារឿងដ៏ “គួរឲ្យសោកស្តាយបំផុត” ។

“ការប្រឈមមុខនឹងសង្គ្រាមនុយក្លេអែរ”

នៅឯកិច្ចប្រជុំបក្សកាលពីចុងឆ្នាំកន្លងទៅ លោក គីម បានអំពាវនាវ “ឲ្យបង្កើនឃ្លាំងស្តុកអាវុធនុយក្លេអ៊ែ” ។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីដើមខែនេះ បានបើកកិច្ចប្រជុំលើកទីពីររបស់ក្រុមប្រឹក្សានុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោនដែលពួកគេបានពិភាក្សាអំពីជម្រើសសម្រាប់ទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរក្នុងករណីមានជម្លោះជាមួយកូរ៉េខាងជើង។

ពួកគេបានព្រមានថា រាល់ការវាយប្រហារនុយក្លេអ៊ែរដោយក្រុងព្យុងយ៉ាងមកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនឹងត្រូវបញ្ចប់របបលោក គឹមទាំងស្រុង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបានថ្កោលទោសផែនការរបស់អាមេរិកនិងសម្ព័ន្ធមិត្តក្នុងការពង្រីកសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅឆ្នាំក្រោយ ដោយរួមបញ្ចូលសមយុទ្ធប្រតិបត្តិការនុយក្លេអ៊ែរ ដោយហៅវាថា “ជាការប្រកាសដោយបើកចំហធ្វើឲ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ” ។

ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​មហា​អំណាច​នុយក្លេអ៊ែរ​​កាល​ពី​ឆ្នាំ​មុន ហើយ​បាន​អួត​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​នឹង​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​​ដែល​របប​នេះ​ចាត់​ទុក​ថា​មាន​សារៈ​សំខាន់​សម្រាប់ការ​រស់រាន​មាន​ជីវិត​របស់​ខ្លួន។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចជាច្រើនដែលអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនចាប់តាំងពីប្រទេសនេះបានធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ ២០០៦ ៕

ប្រភព៖ AFP/ga