សន្ដិសុខសង្គម

មូលហេតុស្ត្រីមានផ្ទៃពោះនិងកូនប្រុសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្រុងសៀមរាប

ដោយ៖សុខុម

សៀមរាប៖ មកដល់ព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នេះ ករណីអគ្គិភ័យមួយនៅក្រុងសៀមរាបដែលបណ្ដាលឱ្យស្ត្រីមានកូនក្នុងផ្ទៃ២ខែនិងកូនប្រុសម្នាក់អាយុទើប៤ឆ្នាំរត់ចេញពីក្នុងផ្ទះមិនរួចហើយត្រូវភ្លើងឆេះស្លាប់ទាំងទាំងអស់គ្នានោះដោយសារតែប្ដីរបស់នាងចេញទៅខាងក្រៅផ្ទះហើយបានចាក់សោជាប់ពីខាងក្រៅ។

នៅពេលភ្លើងឆេះម្ដាយនិងកូនខំរត់រកប្រឡោះចេញពីក្នុងផ្ទះប៉ុន្តែជាប់សោពីខាងក្រៅទើបស្ត្រីរងគ្រោះនាំកូនរត់ឡើងតាមប្រឡោះបង្គោលភ្លើង។ពេលនោះទំនងជាមិនអាចទ្រាំនិងកម្តៅភ្លើងលាយឡំផ្សែងធ្វើឲ្យពីរនាក់ម្ដាយកូនរត់មិនរួចក៏បានស្លាប់នៅក្នុងហេតុការណ៍នោះតែម្ដង។

សូមបញ្ជាក់ថាគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីទៀបភ្លឺថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣មុខផ្សារក្រោម (ចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាតូបចំនួន៤រួមទាំងផ្ទះមួយខ្នងត្រូវភ្លើងឆេះក្នុងនោះម្ចាស់ផ្ទះឈ្មោះ វ៉ឹក ឡាន ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ មានកូន២ខែក្នុងផ្ទៃនិងកូនឈ្មោះ ង៉ិក ឌី ភេទ ប្រុស អាយុ៤ ឆ្នាំបានស្លាប់។

សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតរកមូលហេតុបណ្ដាលឲ្យឆេះតូបលក់ដូរចំនួន៤តូបនិងផ្ទះមួយខ្នងក្នុងនោះបណ្ដាលឲ្យស្ត្រីម្ដាយកូនចំនួន៣នាក់បាត់បង់ជីវិត៕