ព័ត៌មានជាតិ

ប្រកាសប្រគល់ភារកិច្ចជូនសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ មានពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យចំនួន ១១២រូប នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ។ ក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣.៦៥៩រូប។

តាមរយៈក្រុមការងារដែលបានបែងចែក និងបានណែនាំក្រុមការងារឱ្យរៀបចំសមាសភាពបន្ថែម ដើម្បីចុះដល់មូលដ្ឋានភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមការចង្អុលបង្ហាញ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងការស្វាគមន៍ ដោយលើកពីស្ថានភាពភូមិសាស្ត្រ ការងារដឹកនាំ គ្រប់គ្រង ការងារសន្តិសុខសណ្តាប់ធ្នាប់ ។ពិសេសសកម្មភាពការងារចាស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដែលបានចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ក្នុងនោះ ថ្នាក់ខេត្ត រដ្ឋបាលខេត្តបានសម្រេចបង្កើតក្រុមការងារខេត្តចុះមូលដ្ឋានស្រុក ក្រុង ដែលមានសមាសភាពចម្រុះពីក្រុមការងារថ្នាក់ជាតិរួមសហការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងស្រុកនិមួយៗទាំង៩ស្រុកក្រុងនៃទូទាំងខេត្តដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីអនុវត្តភារកិច្ចស្របតាមសេចក្តីណែនាំនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ក្នុងនោះ អភិបាល អភិបាលរងខេត្ត ប្រធានមន្ទីរ ស្នងការ មេបញ្ជាការនៃស្ថាប័ន អង្គភាពនានាជាអ្នកដឹកនាំអនុវត្ត។

ឯថ្នាក់ជាតិក៏មានសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំក្រសួងស្ថាប័នជាសមាសភាពក្រុមការងារ ដែលមានប្រធាន អនុប្រធាន សមាជិកផងដែរ ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីក្នុងពិធីនោះ បានពាំនាំការសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។

លោករដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយបក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

បើតាម លោករដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ តែមិនមែនធ្វើជំនួសនោះទេ ហើយក្រុមការងារក៏មិនសម្រេចជំនួសអង្គភាពជំនាញដែរ។ បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋាន លោករដ្ឋមន្ដ្រីបានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលពិតប្រាកដ។

សូមរំលឹកថា កាលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យមានប្រធានរួមតែ១រូបគឺលោកអតីតឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន.។

លុះមកដល់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា  ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមាន១រូបគឺបានសម្រេចចាត់តាំង លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តបន្ទាយមានជ័យ តាមសេចក្តីសម្រេចលេខ ២០៦សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិសរុប ១២២រូប។

ចំណែកប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យគឺលោកកែ គឹមយ៉ាន សមាជិកឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ជាប្រធាន ។

ជាយន្តការបន្ទាប់ ក្រុមការងារមូលដ្ឋានថ្នាក់ក្រោមជាតិត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធានាដំណើរប្រព្រឹត្តទៅដោយរលូនរបស់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងសម្រេចចាត់តាំងក្រុមការងារតាមភូមិ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបនឹងតម្រូវការ និងបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕