អន្តរជាតិ

នយោបាយការទូតដើមឬស្សីរបស់វៀតណាមឈានឡើងដល់កម្រិតកំពូល

ប្រែសម្រួល៖សហការី

ហាណូយ៖ ខណ:ដែលពិភពលោកកំពុងកើនឡើងជម្លោះដែលបង្កឲ្យមានសភាពតានតឹងជុំវិញពិភពលោក។ វៀតណាមដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តបានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងតាមរយ:នយោបាយការទូតដើមឫស្សី ដែលខ្លួនបានអនុវត្តយ៉ាងសកម្មតាំងពីឆ្នាំ ២០២១ ដើម្បីកសាងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងជាមួយមហាអំណាចកំពូលរបស់ពិភពលោក រួមទាំងអតីតសត្រូរបស់ខ្លួនគឺ ចិននិង អាមេរិក។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវៀតណាមបានទទួលការផ្គត់ផ្គង់សម្ភារផ្នែកយោធាដែលភាគច្រើនជារបស់រុស្ស៊ី។ វៀតណាមប្រទេសអាស៊ីអាគ្នេយ៍មួយនេះបន្ទាប់ពីចុះកិច្ចព្រមព្រៀងជាច្រើននៅក្នុងឆ្នាំនេះជាមួយដៃគូកំពូលៗរួមមានសហរដ្ឋអាមេរិក និងជាលើកចុងក្រោយនេះមានដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូង និង រុស្ស៊ីជាដើម។

កិច្ចព្រមព្រៀងការទូតដ៏សំខាន់របស់ខ្លួនក្នុងរយៈពេល ១២ ខែចុងក្រោយនេះបានដាក់ចេញនូវគោលនយោបាយការបរទេសដែលមានលក្ខណ:កាន់តែសកម្មខ្លាំងឡើង។

តើ “នយោបាយការទូតដើមឬុស្សី” គឺជាអ្វី?

ក្នុងនាមជាប្រទេសមហាអំណាចផ្នែកផលិតកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមបានធ្វើខ្លួនឲ្យក្លាយទៅជាខ្សែចង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្ររបស់ពិភពលោក។

ដើម្បីពង្រឹងតួនាទីជាខ្សែចង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្ររបស់ពិភពលោក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ទ្រុងបានប្រើយុទ្ធសាស្ត្រដើមឬស្សី “ចាក់ឬុសឲ្យជ្រៅបង្កើតកូនឲ្យច្រើននិងបំបែកមែកធាងឲ្យបានកាន់តែទូលំទូលាយហើយបត់បែនតាមកាល:ទេស:”ដូចដើមឬស្សី ការបង្ហាញអំពីវិធីសាស្រ្តគោលនយោបាយការបរទេសដើមឬស្សីរបស់វៀតណាមនៅមាន “ច្រើនថែមទៀត។ មិត្តភ័ក្តិ របស់វៀតណាមដែលជាអតីតសត្រូវគឺមានតិចតួច”។

ទំនាក់ទំនងជាមួយចិន

ប្រធានាធិបតីចិនលោក ស៊ី ជិនពីងបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមគឺជាប្រទេសដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ដែលគាត់បានធ្វើទស្សកិច្ចនៅក្នុងឆ្នាំនេះ។ វៀតណាមនិងចិនកាលពីដើមខែនេះក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីកសាងសហគមន៍រួមគ្នាមួយជាមួយនឹងពាក្យស្លោកដែលក្នុងភាសាចិន និយាយថា “វាសនារួមគ្នា” ចំណែកក្នុងភាសាវៀតណាមវិញនិយាយថា “អនាគតរួមគ្នា” ។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការក្នុងគម្រោងចំនួន ៣៦ លើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពាណិជ្ជកម្ម សន្តិសុខ និងសេដ្ឋកិច្ចឌីជីថលជាដើម ហើយបានចេញសេចក្តីប្រកាសរួមគ្នាជាមួយនឹងការប្តេជ្ញាចិត្តដ៏ទូលំទូលាយថែមទៀតផង។

បើទោះបីជាប្រទេសកុម្មុយនិស្តទាំងពីរបាននិងកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះជាច្រើនឆ្នាំលើបញ្ហាសមុទ្រចិនខាងត្បូងដែលចុងក្រោយបំផុតបានផ្ទុះឡើងនៅក្នុងខែឧសភា។ ក្រោយមកសភាព​តានតឹងក៏សង្កេតឃើញថា​បាន​ធូរស្រាល​បន្តិច​នៅក្នុងពេល​ថ្មីៗកន្លងមក​នេះដោយសារក្រុង​ប៉េកាំងបានបង្វែរគោលដៅទៅប្រទេស​ហ្វីលីពីន​ក្នុងជម្លោះ​ផ្លូវទឹក​។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពចំណូលដ៏សំខាន់ដែលបានមក

ពីការនាំចេញលើវិស័យផលិតកម្មកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន។

ទំនាក់ទំនងជាមួយអាមេរិក

ប្រទេសអាមេរិកគឺជាប្រទេសនាំចូលទំនិញរបស់វៀតណាមច្រើនជាងគេនៅលើពិភពលោក។ អាមេរិកបានជំរុញឲ្យកាន់តែប្រសើរឡើងនូវយុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមដើម្បីធានាឲ្យបានក្នុងការកសាងទំនាក់ទំនងជាយុទ្ធសាស្ត្រដ៏ស៊ីជម្រៅនិងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ទៅវិញទៅមកដោយមិនមានការរំខាននិងដើម្បីទប់ស្កាត់មហិច្ឆតាចិននៅលើដែនសមុទ្រចិនខាងត្បូង។

កាលពីខែកញ្ញាវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងការទូតក្នុងកម្រិតខ្ពស់មួយក្នុងចំណាត់ថ្នាក់របស់វៀតណាម។ ក្រោយមកក៏បានចេញសេចក្តីប្រកាសលើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងការផលិតឧបករណ៍ semiconductors និងការដោះដូរសារធាតុរ៉ែសំខាន់ៗនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ។

ទំនាក់ទំនងជាមួយជប៉ុន

នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ ធឿង ទៅកាន់ទីក្រុងតូក្យូ មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច។

កាលពីខែវិច្ឆិកា វៀតណាម និងជប៉ុន បានធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតកំពូល ក្រុមហ៊ុនចម្រុះរបស់ជប៉ុន រួមមាន Canon, Honda, Panasonic និង Bridgestone គឺជាអ្នកវិនិយោគបរទេសធំជាងគេនៅក្នុងប្រទេសវៀតណាម។

ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមដូចជាក្រុមហ៊ុន Samsung Electronics ជាអ្នកវិនិយោគបរទេសដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសវៀតណាម ដែលក្រុមហ៊ុននេះផលិតស្មាតហ្វូនបានជាងពាក់កណ្តាលនៃចំនួនសុរុបរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។

វៀតណាម និងកូរ៉េខាងត្បូងបានលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខែធ្នូ ឆ្នាំ ២០២២ នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលរបស់ប្រធានាធិបតីវៀតណាមលោក ង្វៀន ស៊ុន ភុក ដោយផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម ការវិនិយោគ ការការពារជាតិ និងសន្តិសុខរួម។

កាលពីខែមិថុនា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមចំនួន ១៧ ស្តីពីសន្តិសុខ និងការដោះដូរសារធាតុរ៉ែសំខាន់ៗនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន សុកយល់។

ទំនាក់ទំនងជាមួយទីក្រុង​វ៉ាទីកង់

វៀតណាមបានផ្តាច់ទំនាក់ទំនងជាមួយបុរីវ៉ាទីកង់ បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាមបានកាន់កាប់ប្រទេសដែលបានរួបរួមគ្នាខាងត្បូងនិងខាងជើងឡើងវិញនៅចុងបញ្ចប់នៃសង្គ្រាមវៀតណាមក្នុងឆ្នាំ ១៩៧៥ ។

ប្រទេសវៀតណាម និងបុរីវ៉ាទីកង់បានចុះកិច្ចព្រមព្រៀងគ្នាកាលពីខែកក្កដា ដើម្បីអនុញ្ញាតឲ្យមានតំណាងសម្តេចប៉ាបដែលនៅរស់រានមានជីវិតនៅក្រោយពេលសង្រ្គាមវៀតណាមត្រូវបានតែងតាំងជាតំណាងសម្តេចប៉ាបប្រចាំទីក្រុងហាណូយ។ នៅក្នុងអំឡុងពេលទស្សនកិច្ចប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ ធឿង លោកបានជួបសម្តេចប៉ាប ហ្រង់សិស ហើយក្រោយមកអ្នកតំណាងរូបនេះក៏ត្រូវបានអនុញ្ញាតឲ្យតែងតាំងជាតំណាងសម្តេចប៉ាបប្រចាំទីក្រុងហាណូយនៅក្នុងខែធ្នូ។

ប្រទេសវៀតណាមមានអ្នកកាន់សាសនាកាតូលិកជិត ៧ លាននាក់ ហើយការពិភាក្សាដើម្បីតែងតាំងតំណាងសម្តេចប៉ាបត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩កន្លងមក។

ទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

វៀតណាមបានក្លាយជាសមាជិកនៃកតិកាសញ្ញាពាណិជ្ជកម្មដ៏ទូលំទូលាយ រួមទាំងមានការចុះកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលរួមមានកាណាដា អូស្ត្រាលី និងម៉ិកស៊ិក និងក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំបន់ (RCEP) ដែលរួមមានចិន និងជប៉ុនផងដែរ។

វៀតណាមជាផ្នែកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ានដែលមានចុះកិច្ចព្រព្រៀងក្នុងនាមជាសហភាពសេដ្ឋកិច្ច និងមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប អង់គ្លេស ឈីលី និងកូរ៉េខាងត្បូង។ នៅក្នុងខែកក្កដា វៀតណាមបានបន្ថែមអ៊ីស្រាអែលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីរបស់ខ្លួនផងដែរ។

អ្នកណាទៀតបន្ទាប់?

នៅឆ្នាំក្រោយប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏ត្រូវបានពិចារណាលើគម្រោងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ ខណៈដែលអតីតមហាអំណាចអាណានិគមមួយនេះកំពុងស្វែងរកការជំរុញទំនាក់ទំនងលើវិស័យសន្តិសុខ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។

នៅឆ្នាំ២០២៤ វៀតណាមក៏រំពឹងថានឹងលើកកម្ពស់ទំនាក់ទំនងជាមួយអូស្ត្រាលីក្នុងកម្រឹតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែ៕

ប្រភព៖ Reuters/wk