សន្ដិសុខសង្គម

នគរបាលបន្ទាយមានជ័យបូកសរុបលទ្ធផលប្រចាំខែធ្នូឆ្នាំ២០២៣និងលើកទិសដៅការងារខែមករាឆ្នាំ២០២៤

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ:

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣និងលើកទិសដៅការងារបន្ត ខែមករា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត។

មន្ត្រីបានអោយដឹងថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣ ថា : កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យផែនជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងទទួលផែនការងារសេនាធិការ បានឡើងបូកសរុបលទ្ធផលការងារដែលអនុវត្តខែកន្លងមក និងផ្សព្វផ្សាយផែនការខែមករា ឆ្នាំ២០២៤ សម្រាប់កងកម្លាំងអនុវត្តបន្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញនិងដាក់ចេញនូវផែនការឲ្យកម្លាំងនគរបាលជំនាញមួយចំនួនដូចជា :  ទី១-ត្រូវពង្រឹងការផ្តល់សេវាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ។ ទី២-នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ត្រូវពង្រឹងការកសាងរបង ជម្រក ជំរុំបន្ទាយ ការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ ។ ទី៣-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការផ្តល់សេវាសាធារណៈ ទី៤-ត្រូវបង្ការ ទប់ស្កាត់ បទល្មើសភេវកម្មសម្អាតសាច់ប្រាក់ ហិរញ្ញប្បទានគ្មានប្រភពច្បាស់លាស់ ។ទី៥-ពង្រឹងទប់ស្កាត់ ពត៌មានក្លែងក្លាយ អ្នកបំពុលសង្គម បង្កភាពអសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា ។ទី៦-ពង្រឹងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង ទីផ្សារចោរកម្ម ។ទី៧-ពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និង អំពើរជួញដូរផ្លូវភេទគ្រប់ទម្រង់ ។ទី៨-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក និង ផលប៉ះពាល់នៃគ្រឿងញៀន ។ទី៩-ពង្រឹងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច ទំនិញគេចពន្ធ ផលិតផលក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញា ។ទី១០-ពង្រឹងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស និងទី១១-ត្រូវពង្រឹងការគ្រប់គ្រងកងកម្លាំង ការយាមល្បាត កម្លាំងប្រចាំការ២៤ម៉ោង កម្លាំងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕