អន្តរជាតិ

អ្នកគ្មានផ្ទះនៅតាមជនបទក្នុងប្រទេសអង់គ្លេសគឺកើនឡើងខណៈតម្លៃផ្ទះកើនឡើងខ្ពស់

ប្រែសម្រួល៖  ស.សម្បត្តិ

ទីក្រុងឡុងដ៍៖ អង្គការសប្បុរសធម៌ជនបទរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារ ទី ២៧ ធ្នូ ឲ្យដឹងថា អត្រាកំណើននៃភាពគ្មានផ្ទះសម្បែងរស់នៅសម្រាប់អ្នកជនបទក្នុងប្រទេសអង់គ្លេសបានហក់ឡើងដល់ ៤០ ភាគរយនៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកមានមនុស្សជាច្រើនបានដេកក្រោមដំបូលប្រក់មេឃ ក្នុងតង់ ឬតាមជម្រកបណ្តោះអាសន្ន។

វិបត្តិឡើងថ្លៃក្នុងការចំណាយសម្រាប់តម្រូវការប្រចាំថ្ងៃនៅក្នុងប្រទេសមួយនេះដែលជាសមាជិក G7 និងជាមហាអំណាចសេដ្ឋកិច្ចទីប្រាំមួយរបស់ពិភពលោកបានធ្វើឲ្យជនជាតិអង់គ្លេសជាច្រើនមានការតស៊ូយ៉ាងលំបាកក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ខណៈដែលថ្លៃចំណាយទៅលើអាហារ ថាមពល ថ្លៃជួល និងកម្ចីទិញផ្ទះបានហក់ឡើងកាន់តែខ្ពស់ទៅៗ។

សក្តានុពលអតិផរណាប្រចាំឆ្នាំបានឈានឡើងដល់កម្រិតកំពូលក្នុងរយ:ពេល ៤១ ឆ្នាំគឺឡើងដល់ ១១.១ ភាគរយនៅក្នុងខែតុលា ២០២២ ។ ហើយបានចុះមកនៅត្រឹម ៣.៩ ភាគរយនៅក្នុងខែវិច្ឆិកា អង្គការសប្បុរសធម៌បាននិយាយថា វាបណ្តាលមកពីកត្តាជាច្រើនជាពិសេសការកាត់បន្ថយការបង់ប្រាក់សុខុមាលភាពនៅក្នុងទសវត្សរ៍ចុងក្រោយ និងកង្វះលំនៅឋាន កង្វះស្បៀងអាហារសម្រាប់អ្នកក្រីក្រក៏កាន់តែមានសភាពកាន់តែធ្ងន់ធ្ងរទៅ និងអ្នកដែលគ្មានផ្ទះសម្បែងក៏កាន់តែកើនឡើងច្រើនទៅៗ។

អង្គការសប្បុរសធម៌ CPRE ដែលធ្វើយុទ្ធនាការសម្រាប់លំនៅឋានតម្លៃសមរម្យនៅក្នុងប្រទេសអង់គ្លេស បាននិយាយថា កំណើននៃអ្នកគ្មានផ្ទះសម្បែងនៅតាមជនបទកាន់តែហក់ឡើងពី ១៧,២១២ នៅក្នុងឆ្នាំ ២០១៨ ដល់ ២៤,១៤៣នៅក្នុងឆ្នាំ ២០២៣នេះ ជាមួយនឹងប្រាក់ឈ្នួលនៅជាប់គាំងតែតម្លៃផ្ទះកាន់តែកើនឡើងនៅក្នុងតំបន់ជនបទនិងទីប្រជុំជនជាច្រើន។

អង្គការសប្បុរសធម៌ CPRE បាននិយាយថា “ការហក់ឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងនៅតាមជនបទបានបង្ហាញពីផលប៉ះពាល់ដល់ជីវិតរស់នៅដោយសារតែតម្លៃផ្ទះនៅក្នុងកំណត់ត្រាបានឡើងថ្លៃខ្ពស់”។

អង្គការសប្បុរសធម៌បាននិយាយថាអាជ្ញាធរមូលដ្ឋានចំនួន ១២ តំបន់នៅទូទាំងប្រទេសអង់គ្លេសដែលបានកំណត់ជាតំបន់ជនបទនោះភាគច្រើនការរស់នៅរបស់ពួកគេនៅមានកម្រិតគឺទាបជាងមធ្យមភាគបើធៀបនឹង ១៥ នាក់ក្នុងចំណោម ១០០,០០០ ។

  • ការលាក់បាំងដែលយើងមើលមិនឃើញ

 

អង្គការសប្បុរសធម៌បាននិយាយថា ទីប្រជុំជននៅបូស្តុននៃភាគឦសានរបស់ទីក្រុងឡុងដ៍អាជ្ញាធរតាមតំបន់ជនបទបានឲ្យដឹងថាអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងប្រទេសអង់គ្លេសគឺអ្នកដែលគ្មានលំនៅឋានកំពុងតែជួបបញ្ហារកកន្លែងដេកនៅមិនបាន។

អង្គការសប្បុរសធម៌បាននិយាយថាមនុស្ស ៤៨ នាក់ក្នុង ១០០,០០០ នាក់កំពុងជួបប្រទះការលំបាកក្នុងការដើរកកន្លែងដេកនៅក្នុងទីក្រុងក្នុងខែកញ្ញា ឆ្នាំ ២០២៣ ហើយនេះជាខែចុងក្រោយបង្អស់ដែលបានដកស្រង់ក្នុងទិន្នន័យ។

បូស្តុនត្រូវរត់តាមពីក្រោយដោយ Bedford ភាគខាងជើងនៃទីក្រុងឡុងដោយមាន៣៨នាក់ ក្នុង ១០០,០០០នាក់ និងនៅ North Devon នៃភាគនិរតីនៃប្រទេសអង់គ្លេសដែលមាន ២៩នាក់ ។

អង្គការ​សប្បុរសធម៌​បាន​និយាយ​ថា”​ មិន​ដូច​អ្នក​នៅ​ក្នុង​ទីក្រុងនោះ​ទេ គឺពួកគេតែងតែ​មានការ​លំបាកក្នុងការកកន្លែងសម្រាប់ដេក​នៅតាម​ជនបទហើយ​ច្រើន​តែ​លាក់បំបាំង​មិន​ឲ្យយើង​ឃើញនោះទេ គឺពួកគេទៅបោះតង់​នៅ​តាមវាលស្រែ ឬ​ជ្រក​នៅក្នុង​អគារ​កសិដ្ឋាន”​។

“ពួកគេក៏ទំនងជាមិនសូវមានលទ្ធភាពទទួលបានសេវាគាំពារផងដែរ។ មានន័យថាការវិភាគទៅតាមទិន្នន័យរបស់រដ្ឋាភិបាលគឺគ្រាន់តែជាការប៉ាន់ស្មានដែលមិនដល់កម្រឹតពិតប្រាកដ”។

អង្គការសប្បុរសធម៌បាននិយាយថាមនុស្ស ៣០០,០០០ កំពុងរង់ចាំការលក់លំនៅឋានក្នុងសង្គមជនបទដែលនៅក្នុងប្រទេសអង់គ្លេសតម្លៃផ្ទះជាមធ្យមលក់ក្នុងតម្លៃប្រហែល ៤២០,០០០ ផោន។

  • អាហារឡើងថ្លៃ

ជាមួយគ្នានេះដែរ អង្គការសប្បុរសធម៌ Shelter បាននិយាយថា ចំនួនអ្នកគ្មានផ្ទះសម្បែងនៅទូទាំងប្រទេសអង់គ្លេសនៅក្នុងពិធីបុណ្យណូអែលនេះ ទំនងជាកើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំមុន។

មានការព្យាករថានិងមានយប់មួយនៅក្នុងឆ្នាំ ២០២៣ នេះ និងមានមនុស្សរហូតដល់ទៅ ៣០៩៥៥០ នាក់និងធ្លាក់ចូលក្នុងសភាពគ្មានផ្ទះសម្បែងរស់នៅ ដែលភាគច្រើនពួកគេទៅជ្រកកោនក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន។គឺកើនឡើងហួសពីការប៉ាន់ស្មានដល់ទៅ ២៧១,៤២១ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២កន្លងមក។

អង្គការសប្បុរសធម៌បានដាក់ការស្តីបន្ទោសលើបញ្ហាសង្គ្រោះបន្ទាន់ផ្នែកលំនៅឋានចំពោះការដោះស្រាយវិបត្តិមួយនេះ ហើយក៏បានព្រមានថាតួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះដោយសារតែ អ្នកគ្មានផ្ទះសម្បែងបានរស់នៅលាក់កំបាំងដែលយើងមិនអាចរកពួកគេឃើញ”។

The Trussell Trust ដែលជាបណ្តាញធនាគារសម្រាប់ចំណីអាហារដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីខែមុនថា “ចំនួននៃការចែកកញ្ចប់អាហារដល់មនុស្សអនាថាបានកើនឡើង”ហួសកម្រិតដែលមិនធ្លាប់មានពីមុនមក” ដោយសារភាពក្រីក្របានរីករាលដាលនៅទូទាំងប្រទេស។

ពួគេបាននិយាយថា “ខ្លួនបានផ្តល់កញ្ចប់អាហារសង្គ្រោះបន្ទាន់ចំនួន ១.៥ លានកញ្ចប់ដល់ជនអនាថានៅចន្លោះខែមេសា និងខែកញ្ញា ឆ្នាំ ២០២៣ ដែលជាការកើនឡើង ១៦ ភាគរយខ្ពស់ជាងឆ្នាំ ២០២២ ដែលជាចំនួនដ៏ច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងឆ្នាំនេះ”។

ពួកគេបាន​និយាយ​ថា “​នេះ​ជា​ចំនួន​ចែកចាយ​អាហារដ៏​ច្រើន​បំផុត​ដែល​យើង​ត្រូវ​ផ្តល់​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លងមក”​។

ចំពោះបញ្ហានេះគឺកើតឡើងនៅក្នុង​​រដូវរងា​ដ៏​អាក្រក់​បំផុត​របស់​យើងដែល​មិន​ធ្លាប់​មានពីមុនមកនោះទេ​៕

ប្រភព៖ AFP/fs