ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមជំរុញឱ្យបន្តយកចិត្តទុកដាក់ពីបរិស្ថាននិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានស្នើឱ្យសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធបន្តយកចិត្តទុកដាក់ពីលើកកម្ពស់សោភណភាពបរិស្ថាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


លោកអភិបាលខេត្តកំពង់ចាមស្នើបែបនេះ ធ្វើឡើងនៅចំពោះមុខវត្តមានអញ្ជើញចូលរួមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម លោកបណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកក្នុងពិធីបទសន្និបាតបូកសរុបការងាឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ២៦ ធ្នូម្សិលមិញ។


លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ខិតខំដោះស្រាយ ខិតខំអភិវឌ្ឍ លើកកម្ពស់ការថែរក្សា ការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ។

ត្រូវបន្តពង្រឹងការអនុវត្តយន្តការគ្រប់គ្រងសំណល់រឹងរាវ ដើម្បី ការពារបរិស្ថាន អនាម័យនៅតាមមូលដ្ឋាន។បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងការសាងសង់ សំណង់គ្រប់ប្រភេទដែលរំលោភលើដីចំណីផ្លូវ ទន្លេ បឹង ព្រែក អូរ ប្រឡាយ។ល។ ត្រូវបន្តទប់ស្កាត់ការដ្ឋានសាងសង់ដែលរំលោភលើប្រព័ន្ធប្រឡាយ ប្រព័ន្ធរំដោះទឹក នៅតាមមូលដ្ឋាន និងការសាងសង់សំណង់គ្មានច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ -បន្តខិតខំទប់ស្កាត់ និងខិតខំលើកកម្ពស់ការថែរក្សាការពារបរិស្ថាន សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ផ្ដើមចេញពីចំណុចនេះ រដ្ឋបាលក្រុង-ស្រុកបន្ត ខិតខំសហការជាមួយមន្ទីរពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍សំដៅខិតខំកែលម្អសោភ័ណ្ឌភាព បង្កើតតំបន់បៃតង នៅតាមទីកន្លែងសាធារណៈ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ខិតខំទប់ស្កាត់ការរំលោភបំពានកាន់កាប់ខុសច្បាប់ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ជំរុញការអភិរក្សថែរក្សាសម្បត្តិវប្បធម៌។


លោកបានបន្តថា៖ អាជ្ញាធរ ត្រូវបន្តពង្រឹងគុណភាព ក្នុងការផ្តល់សេវាសាធារណៈនៅគ្រប់កំរិត ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និងឆ្លើយតបឱ្យបានទាន់ពេល វេលានិងការជឿទុកចិត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្តពង្រឹងគុណភាព ការផ្តល់សេវាច្រកចេញចូលតែមួយ និងត្រូវយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់ការគាំទ្រ សម្របសម្រួល សំដៅពង្រឹងគុណភាព នៃការផ្តល់សេវា និងលើកកម្ពស់ការគាំទ្រការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្តល់ សេវា និងតាមយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់៕