អន្តរជាតិ

រុស្ស៊ីវាយស្ថានីយរថភ្លើងទីក្រុង Kherson,ប៉ូលិសអ៊ុយក្រែនម្នាក់ស្លាប់និង២នាក់ទៀតរបួស

ប្រែសម្រួល៖សហការី

អ៊ុយក្រែន៖ កាលពីថ្ងៃអង្គារ ទី២៦ ធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បានអះអាងថាកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារលើស្ថានីយរថភ្លើងនៅភាគខាងត្បូងនៃទីក្រុង Kherson បានបំផ្លាញរថភ្លើងមួយខ្សែនិងបានសម្លាប់ប៉ូលិសម្នាក់និងរងរបួសពីរនាក់ក្នុងខណ:ដែលពួកគេកំពុងប្រតិបត្តិការក្នុងការជម្លៀសអ្នកស្រុកចេញពីតំបន់ដែលរងការវាយប្រហារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Klymenko បានថ្លែងថា ជនស៊ីវិលជាង ១៤០ នាក់បានកំពុងជាប់នៅក្នុងស្ថានីយរថភ្លើង ហើយភ្លាមៗនោះប៉ូលិសក៏បានដឹកនាំការជម្លៀសអ្នកស្រុកចេញពីតំបន់ដែលរងការវាយប្រហារ។

លោក Klymenko បានបង្ហោះសារនៅលើ Telegram ថា “អរគុណចំពោះសកម្មភាពប្រកបដោយការលះបង់របស់មន្ត្រីប៉ូលិសអ្នកស្រុកត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព” ដោយជោគជ័យតែជាអកុសលបណ្តាលឲ្យលោកអនុសេនីយ៍ឯកដែលជាមន្ត្រីប៉ូលិសមកពីតំបន់ Kirovohrad ត្រូវបានសម្លាប់ដោយសារតែការបាញ់ស្រោចគ្រាប់ផ្លោងរបស់កងកម្លាំងរុស្ស៊ីនិងបណ្តាលឲ្យរបួសមន្ត្រីប៉ូលិសពីរនាក់ថែមទៀតដែលឥឡូវនេះកំពុងនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលរបួស”។

ស្ថានីយរថភ្លើងនិងរថភ្លើងមួយខ្សែត្រូវបានរងការខូចខាតលោក Klymenko បានបន្ថែមថា “ស្ថានការណ៍ត្រូវបានគ្រប់គ្រងបានយ៉ាងល្អចំណែកស្ថានីយរថភ្លើងនិងរថភ្លើងក៏បានត្រៀមបន្តដំណើរការឡើងវិញផងដែ “។ជន​ស៊ីវិល​ពីរ​នាក់​ក៏​ត្រូវ​បានរងរបួសហើយកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដំបូងឡើយបានរាយការណ៍ពីការវាយប្រហារនេះថាចំនួនអ្នកស្លាប់និងអ្នរងរបួសកំពុងត្រូវបានកំណត់អត្តសញ្ញាណ។

ទីក្រុង Kherson ត្រូវ​បាន​ទាហាន​រុស្ស៊ី​វាយកាន់កាប់​ភ្លាមៗ​បន្ទាប់​ពី​ក្រុង​ម៉ូស្គូ​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ក្រោយមកកងទ័ពអ៊ុយក្រែនក៏បានវាយដណ្តើមយកមកកាន់កាប់វិញធ្វើឲ្យកងកម្លាំងរុស្ស៊ីបានដកថយទៅផ្នែកម្ខាងនៃទន្លេ Dnipro ដែលលាតសន្ធឹងឆ្លងកាត់ទីក្រុង Kherson ។

ទីក្រុងនេះកំពុងរងនូវការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងស្រោចដូចទឹកភ្លៀងរបស់កងទ័ពរុស្ស៊ីតាមអាកាសនិងតាមថ្មើរជើងជាប្រចាំចាប់តាំងពីពេលនោះមក។ កាលពីព្រឹកថ្ងៃអង្គារ ប្រមុខយោធា ឈរជើងនៅតំបន់Kherson លោក Roman Mrochko បានឲ្យដឹងថា ទីក្រុងនេះបានស្ថិតនៅក្រោមការវាយប្រហាររបស់កងទ័ពរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកបណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសនិងមានជនស៊ីវិលចំនួន ២ នាក់បានរងរបួសដែលក្នុងនោះមានម្នាក់របួសធ្ងន់រួមជាមួយនិងស្ថានីយរថភ្លើងនិងរថភ្លើងមួយខ្សែរងការបំផ្លិចបំផ្លាញដោយសារតែគ្រាប់ផ្លោងរបស់រុស្សី៕

ប្រភព៖ Agency/fs