សន្ដិសុខសង្គម

រថយន្ត Hammerដែលបុកម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់ គេរកឃើញក្នុងខណ្ឌដូនពេញ

ដោយ៖វិចិត្រ
ភ្នំពេញ៖រថយន្តម៉ាកHammer ដែលបុកម៉ូតូប្តីឌុបប្រពន្ធនិងកូន បណ្តាលឱ្យស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ម្នាក់កន្លងមកនោះ ត្រូវបានគេរកឃើញក្នុងខណ្ឌដូនពេញ។ប៉ុន្តែមិនឃើញអ្នកបើកបរទេ សមត្ថកិច្ចបន្តស្វែងរកជនបង្កទៀត។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដម៉ាក Hammer បានបុកជាមួយម៉ូតូម៉ាក NEX ផ្លាកលេខព្រៃវែង1Q-7635 ខណៈប្តីបានឌុបប្រពន្ធកូន បណ្តាលឱ្យម្តាយនិងកូនស្លាប់រីប្តីរងរបួសធ្ងន់។ហេតុការណ៍បានកើតឡើងនៅផ្លូព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ។

ស្ត្រីដែលស្លាប់ក្នុងហេតុការណ៍នោះឈ្មោះ គ្រួច សាមិត្តអាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនប្រុសអាយុ២ឆ្នាំបានស្លាប់។ចំណែកប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។បន្ទាប់ពីបង្កឱ្យមានមនុស្សស្លាប់និងរងរបួសនោះ រថយន្តបានបើកគេចខ្លួនបាត់។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចគ្រប់បណ្តាខណ្ឌ បានសហការចេញស្រាវជ្រាវស្វែងចាប់ជនបង្កដើម្បីយកមកចាត់ការតាមច្បាប់។

លុះមកដល់ថ្ងៃទី២៧ ខែធ្នូនេះត្រូវបានសមត្ថកិច្ច រកឃើញរថយន្តបង្កម៉ាក Hammer នោះគេយកផ្លុងចោលក្នុងខណ្ឌដូនពេញ។ប៉ុន្តែមិនឃើញអ្នកបើកបរទេ សមត្ថកិច្ចក៏បានបន្តស្វែងរកបានជនបង្កទៀត៕