សេដ្ឋកិច្ច

មន្ទីរសេដ្ឋកិច្ចដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤

ដោយ : បន្ទាយ / បន្ទាយមានជ័យ

នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មសម្រាប់ឆ្នាំ២០២៤។

លោក  បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យអោយដឹងថា : យោងលិខិត ១០០៦០ សហវ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីការស្នើសុំរៀបចំដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់អាជីវកម្មឆ្នាំ២០២៤ និងយោងតាមនីតិវិធីដេញថ្លៃជាសាធារណៈនិងជំរុញការប្រមូលចំណូលបង់ពន្ធចូលថវិការដ្ឋ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានកោះអញ្ជើញអស់លោកលោកស្រីដែលជាអាជីវករលក់ដេញថ្លៃភាស៊ីផ្សារដែលមានមូលដ្ឋានផ្សារស្រុកស្វាយចេក ស្រុកថ្មពួក និងស្រុកភ្នំស្រុក ។

ដោយតម្លៃមូលដ្ឋានឯកតា រៀលរួមមាន : ផ្សារស្វាយចេក បានកំណត់១ ០០០ ០០០ (ដូចឆ្នាំមុន) ។ ផ្សារថ្មពួកបានកំណត់យក៦០០.០០០រៀលនិងផ្សារស្រុកភ្នំស្រុកកំណត់យក២៥០ ០០០រៀល ។

លោកបឹង គឹមសេង បានបន្តថា: ចំពោះផ្សារឯកជនវិញមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការកោះអញ្ជើញម្ចាស់ផ្សារដើម្បីពិគ្រោះពិភាក្សាស្តីពីការ ហូតពន្ធយកភាស៊ីផ្សារនិងបញ្ហាអនាម័យបរិស្ថាន.អនាម័យឲ្យបានត្រឹមត្រូវដើម្បីបញ្ចៀសឲ្យប៉ះពាល់ដល់សុខុមាលភាពដល់មនុស្ស ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុក,បានអោយដឹងថា :ដើម្បីឲ្យមានភាពយុត្តិធម៌ តម្លាភាព រដ្ឋបាលខេត្តនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសហការគ្នារៀបចំពិធីដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទច្បាប់ធ្វើអាជីវកម្មជារៀងរាល់ឆ្នាំ ដើម្បីប្រមូលពន្ធចូលថវិការដ្ឋឲ្យបានត្រឹមត្រូវ។

បើតាមលោកហ៊ឹល  រ៉ាយ៉ា  រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់លាស់ថាចំពោះបងប្អូនអាចធ្វើការពន្ធភាស៊ីគ្រប់ទីផ្សារទាំងអស់គឺមិនអនុញ្ញាតឲ្យម្ចាស់ភាស៊ី ដកភាស៊ីពីបងប្អូនប្រជាពលរដ្ឋដែលបានដាក់លក់តាមកញ្ច្រែងល្អី កញ្ជើរនោះឡើយ៕