សន្ដិសុខសង្គម

ឆេះអស់ផ្ទះថ្មបួនល្វែង,រថយន្តពីរគ្រឿង,ម៉ូតូបួនគ្រឿង,លុយ១០ម៉ឺនដុល្លារនិងសម្ភារមួយចំនួនទៀត

ដោយ៖ គង់ហេង
កំពង់ចាម៖ អគ្គិសភ័យមួយដែលបណ្តាលមកពីការផ្ទុះហ្រ្គាស និងឆ្លងចន្តរអគ្គិសនី បានបំផ្លាញលំនៅឋានជាផ្ទះល្វែងអស់ចំនួនបួន ល្វែង,រថយន្តចំនួន ពីរ គ្រឿង,ម៉ូតូចំនួន បួន គ្រឿង,ប្រាក់ចំនួន ១០ម៉ឺនដុល្លារ និងសម្ភារៈរបស់របរប្រើប្រាស់មួយចំនួនទៀត នៅភូមិបុសចេកព្រៃ ឃុំស្វាយទាប ស្រុកចម្ការលើ នៅម៉ោងប្រមាណជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ធ្នូនេះ។ ប៉ុន្តែករណីអគ្គិសភ័យនោះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ គឺគ្រាន់តែបានជួយសង្រ្គោះដូនចាស់អាយុ ៨០ ឆ្នាំម្នាក់ដែលជាប់នៅជាន់ទី២ នៃផ្ទះកើតហេតុ។


មន្រ្តីនគរបាលពន្លត់អគ្គិសភ័យបានឱ្យដឹងថា៖ ផ្ទះល្វែងដែលមួយល្វែងមានទទឹង ៤,៥ ម៉ែត្រ និងបណ្តោយ ១៨ ម៉ែត្រសង់ពីថ្មប្រក់ក្បឿង ដែលត្រូវភ្លើងឆាបឆេះមានចំនួន បី ម្ចាស់ឈ្មោះ ជាង លី អាយុ ៥៤ ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ឺន អាយុ ៥២ ឆ្នាំ,ឈ្មោះ ចាន់ សួ អាយុ ៥៦ ឆ្នាំ និងប្រពន្ធឈ្មោះ កែប ស៊ាងហ៊ី អាយុ ៥៤ ឆ្នាំ និងឈ្មោះ ឡឹក ឧត្តម អាយុ ៥៧ ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ នី អាយុ ៥២ ឆ្នាំ។


ប្រភពដដែលបានឱ្យដឹងទៀតថា៖ នៅក្នុងហេតុការណ៍អគ្គិសភ័យឆេះផ្ទះចំនួន បួន ល្វែងនោះ ក៏បានបណ្តាលឱ្យឆេះអស់ និងខូចខាតទ្រព្យសម្បត្តិដូចជាៈ រថយន្តចំនួន ពីរ គ្រឿង,ម៉ូតូចំនួន បួន គ្រឿង,ម៉ាញ៉េ និងទូរទស្សន៍ចំនួន ២០ គ្រឿង,កង្ហារចំនួន ២០ គ្រឿង,ទូរស័ព្ទចំនួន ៥០ គ្រឿង,ស្រាប៊ៀរ ទឹកក្រូច និងទឹកផ្លែឈើចំនួន ៦.០០០ កេស និងថវិកាចំនួន ១០ម៉ឺន ដុល្លារ។


ប្រភពបានបន្តថា៖ ក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះផ្ទះល្វែងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យចំនួន ប្រាំបួន គ្រឿង គឺនៅម៉ោងប្រមាណជាង ៥ ទៀបភ្លឺថ្ងៃទី ២៧ ធ្នូដដែលសមត្ថកិច្ចគ្រប់គ្រងករណីអគ្គិសភ័យបានរលត់ទាំងស្រុង៕