អន្តរជាតិ

កូរ៉េខាងជើងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលពេញអង្គរបស់គណបក្សពលករកូរ៉េនៅមុនដើមឆ្នាំថ្មី

ប្រែសម្រួល៖ សហការី

ក្នុងថ្ងៃពុធ ២៧ ធ្នូននេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានប្រកាសអំពីការបើកកិច្ចប្រជុំកំពូលពេញអង្គរបស់គណបក្សពលករកូរ៉េនៅក្នុងដំណាច់ឆ្នាំនេះ ដោយមានការចូលរួមពីមេដឹកនាំកំពូលរបស់ប្រទេសគឺលោកគីម ជុងអ៊ុន។ កិច្ចប្រជុំកំពូលរបស់គណបក្សមានបញ្ចូលនូវរបៀបវិរ:មួយចំនួនក្នុងគោលដៅដាក់ចេញនូវគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ ២០២៤ ដែលគេរំពឹងថានឹងត្រូវលើកយកមកពិភាក្សាដើម្បីដាក់ជូនអង្គសមាជរបស់គណបក្សធ្វើសេចក្តីសេម្រេចចិត្តនិងបោះឆ្នោតគាំទ្រអនុម័តលើគោលនោយោបាយសំខាន់ៗទាំងនោះសម្រាប់ប្រើប្រាស់ជានយោបាយតម្រង់ទិសប្រកបដោយវិសាលភាពនិងសុពលភាពគ្របតណ្តប់លើគ្រប់វិស័យ។

លោក គីម ប្រើប្រាស់កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េជាវេទិកាមួយដើម្បីគូសបញ្ជាក់អំពីគោលនយោបាយក្នុងវិស័យដូចជាសន្តិសុខ ការទូត និងសេដ្ឋកិច្ច។

កិច្ចប្រជុំនៅក្នុងឆ្នាំនេះ មានរយៈពេលមួយឆ្នាំម្តងនៅក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានសម្រេចបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាបានដោយជោគជ័យ ដោយបានបំពេញបន្ថែមនូវឋាន:និងកំណត់តួនាទីរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស និងបានបន្តបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងកម្រិតខ្ពស់បំផុតរបស់ខ្លួនបានដោយជោគជ័យផងដែរ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបក្សរបស់កូរ៉េខាងជើងបានរាយការណ៍ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក គីម បានកំណត់យកឆ្នាំ ២០២៣ ថាជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ និងប្រកបដោយ “ឧត្តមភាព និង វិបុលភាពដ៏មានសក្តានុពលបំផុត” ។

យោងតាមភ្នាក់ងារសារព័ត៌មាន ​​KCNA បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងមើលឃើញ “ជ័យជម្នះនៅនឹងមុខតាមរយ:បង្កើតនូវព្រឹត្តិការណ៍មួយចំនួនដែលខ្លួនសម្រេចបានក្នុងវិស័យកសាងសង្គមនិយម និងការពង្រឹងអំណាចជាតិរបស់បក្សពលករកូរ៉េខាងជើង”។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា សព្វាវុធយុទ្ធសាស្ត្រថ្មីទំនើបៗរបស់ទីក្រុងព្យុងយ៉ាង រួមទាំងផ្កាយរណបចារកម្មយោធារបស់ខ្លួន បាន “ដាក់នៅលើគន្លងគោចរធ្វើឲ្យកូរ៉េខាងជើងមានអំណាចយោធាដ៏រឹងមាំបំផុតមួយនៅក្នុងតំបន់ “។

ទីភ្នាក់ងារសារព័ត៌មានKCNA បាននិយាយថា កិច្ចប្រជុំនេះនឹងលើកយកចំណុចសំខាន់ចំនួនប្រាំមួយមកពិភាក្សា រួមទាំងការពិនិត្យឡើងវិញអំពីរគោលនយោបាយជាតិរបស់កូរ៉េខាងជើងដែលត្រូវបានអនុវត្តក្នុងអំឡុងឆ្នាំកន្លងមក ក៏ដូចជាការសម្លឹងឆ្ពោះទៅមុខលើផ្នែកថវិកាជាតិ និង “ទិសដៅជាយុទ្ធសាស្រ្ត” សម្រាប់ឆ្នាំ ២០២៤ ។

លោក Kim កាលពីសប្តាហ៍មុនបានថ្លែងថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរទេ ប្រសិនបើមានការ “បង្កហេតុ” ណាមួយដោយអាវុធនុយក្លេអ៊ែរពីសំណាក់បច្ចាមិត្ត។

កូរ៉េខាងជើងកាលពីសប្តាហ៍មុនបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងកម្រិតខ្ពស់បំផុតជាមួយនឹងថាមពលឥន្ធនៈរឹង Hwasong-18 ដែលជាប្រភេទ ICBM ដ៏ទំនើបបំផុតរបស់ខ្លួនជាលើកទីបីនៅក្នុងឆ្នាំ ២០២៣នេះ ។

ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា របស់ទីក្រុងព្យុងយ៉ាងកាលពីខែមុនដែលខ្លួនបានអះអាងថា បានចាប់ផ្តើមផ្តល់នូវរូបភាពនៃទីតាំងយោធាអាមេរិក និងកូរ៉េខាងត្បូងបានយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានការរំខានដល់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសកូរ៉េខាងត្បូង។

ការបាញ់បង្ហោះនេះបានបំផ្លាញកិច្ចព្រមព្រៀងយោធារវាងប្រទេសកូរ៉េទាំងពីរដែលបានបង្កើតឡើងដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េជាចម្បងហើយបន្ទាប់មកភាគីទាំងពីរក៏បង្កើនកិច្ចការពារសន្តិសុខនៅតាមតំបន់គ្មានយោធា (DMZ) ដែលបែងចែកទឹកដីរបស់ពួកគេ៕

ប្រភព៖ AFP/ga