អន្តរជាតិ

អាមេរិកអំពាវនាវដល់រដ្ឋាភិបាលរុស្សីឲ្យដោះលែងមេបក្សប្រឆាំងលោក Alexei ជាបន្ទាន់

ប្រែសម្រួល៖ ស. សម្បត្តិ

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៥ ធ្នូ បានឲ្យដឹងថាដោយមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីសុខុភាពរបស់មេដឹកនាំបក្សប្រឆាំងរបស់រុស្ស៊ីលោក Alexei Navalny ដែលនៅជាប់ក្នុងពន្ធនាគារនោះសហរដ្ឋអាមេរិកបានអំពាវនាវដល់រដ្ឋាភិបាលប្រទេសរុស្សីឲ្យធ្វើការដោះលែងលោក Alexei Navalny ជាបន្ទាន់ហើយបានសម្តែងការសោកស្តាយចំពោះរបាយការណ៏ស្តីអំពីសល្ថានភាពរបស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី។

កាលពីថ្ងៃចន្ទអ្នកនាំពាក្យមេដឹកនាំបក្សប្រឆាំងរបស់រុស្ស៊ីបាននិយាយថា Navalny ត្រូវបានគេបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំងសម្រាប់អ្នកទោសឧក្រឹដ្ឋភាគខាងជើងនៃតំបន់ Arctic ហើយគាត់បានបាត់បង់ទំនាក់ទំនងជាមួយលោក Navalny អស់ពេលជាងពីរសប្តាហ៍មកហើយ។

ការបាត់ទំនាកទំនងនេះអ្នកគាំទ្ររបស់លោក Navalny បានធ្វើការប៉ាន់ស្មានថាលោក Navalny ត្រូវបានរដ្ឋាភិបាលរុស្សីបញ្ជូនខ្លួនទៅកាន់គុក “ពិសេស” ដែលជាមន្ទីរឃុំឃាំងសម្រាប់អ្នកទោសឧក្រិដ្ឋដ៏ឃោរឃៅបំផុតក្នុងចំណោមប្រព័ន្ធពន្ធនាគារទូទាំងប្រទេសរុស្ស៊ី ហើយបាននិយាយថានៅមុននេះមេធាវីរបស់គាត់មិនបានជួបគាត់ទៀតទេចាប់តាំងពីថ្ងៃទី ៦ ខែធ្នូកន្លងមកក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងរូបនេះបានបង្កើនសកម្មភាពផ្សព្វផ្សាយដំណឹងស្តីពីជោគវាសនារបស់គាត់ក្នុងការបញ្ជូនខ្លួនទៅកាន់គុក “ពិសេស” ដែលជាមន្ទីរឃុំឃាំងសម្រាប់អ្នកទោសឧក្រិដ្ឋដ៏អាក្រក់បំផុត។

កាលពីថ្ងៃចន្ទអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា “យើងមានការសោកស្តាយចំពោះរបាយការណ៍ដែលថាលោក Navalny ត្រូវបានបញ្ជូនខ្លួនទៅកាន់គុក “ពិសេស” ដែលធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់លោក Navalny និងទិដ្ឋភាពដ៏អាក្រក់ចំពោះការឃុំខ្លួនដ៏អយុត្តិធម៌លើរូបគាត់” ។

“យើងសូមអំពាវនាវទៅកាន់រដ្ឋាភិបាលរុស្ស៊ីឲ្យដោះលែងលោក Alexei Navalny ជាបន្ទាន់ ហើយពួកគេជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងលើរូបលោក Navalny នៅក្នុងមន្ទីរឃុំឃាំង”។

ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានគាបសង្កត់សំឡេងប្រឆាំងនៅក្នុងប្រទេសរុស្សី។ ចំណែកខាងភាគីរុស្ស៊ី​ក៏បានច្រានចោល​ការចោទប្រកាន់​របស់ក្រសួងការបរទេសអាមេរិកផងដែ​រ។

លោក Kira Yarmysh អ្នកនាំពាក្យរបស់លោក Navalny បាននិយាយថា Navalny បច្ចុប្បន្ននេះគាត់មានអាយុ ៤៧ ឆ្នាំហើយគាត់ត្រូវបានគេតាមឃ្លាំមើលឃើញថារូបគាត់ត្រូវបានរដ្ឋាភិបាលរុស្សីបញ្ជូនខ្លួនទៅកាន់គុក “ពិសេស” ដែលជាមន្ទីរឃុំឃាំងសម្រាប់អ្នកទោសឧក្រឹដ្ឋ IK-3 នៅ Kharp ក្នុងតំបន់ Yamal-Nenets មានចម្ងាយប្រហែល ១,៩០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងម៉ូស្គូ។ កន្លែងឃុំឃាំងលោក Navalny ដែលត្រូវបានគេស្គាល់ថាជាមន្ទីរឃុំឃាំងសម្រាប់អ្នកទោសឧក្រិដ្ឋ”The Polar Wolf” គីជាគុកដ៏សាហាវឃោរឃៅបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។

រដ្ឋាភិបាលរុស្ស៊ីនិយាយថា Navalny គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសរួចរាល់ហើយ។ លោក Navalny បានបដិសេធរាល់ការចោទប្រកាន់ដែលថារូបគាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ហើយបានចាត់ទុកប្រព័ន្ធតុលាការរបស់រុស្ស៊ីថាពុករលួយនិងបំរើនយោបាយឲ្យរដ្ឋរុស្សី។

ក្រុមអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំងរូបនេះមើលឃើញថាគាត់ជាមេដឹកនាំប្រទេសរុស្សីនាពេលអនាគតខណៈដែលអាជ្ញាធររុស្ស៊ីហៅគាត់ និងអ្នកគាំទ្ររបស់គាត់ថាជាក្រុមជ្រុលនិយមដែលបំរើផលប្រយោជន៏ឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកហៅថា CIA ដែលរុស្សីចោទថាកំពុងបង្កឲ្យមានអស្ថិរភាពនៅក្នុងប្រទេសរុស្ស៊ី៕

ប្រភព៖ Reuters/fs