អន្តរជាតិ

ទីប្រឹក្សាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

ប្រែសម្រួល៖សហការី

បេរូត៖ យោងតាមប្រភពចារកម្មផ្នែកសន្តិសុខចំនួនបីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៏មកថាកាលពីថ្ងៃចន្ទ ទី២៥ ធ្នូ អ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារយ៉ាងសន្ធាប់តាមអាកាស នៅប៉ែកខាងក្រៅរដ្ឋធានី Damascus របស់ស៊ីរីបានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។

ប្រភពចារកម្មផ្នែកសន្តិសុខបានប្រាប់រ៉យទ័រថាទីប្រឹក្សាម្នាក់នេះមានឈ្មោះថា Sayyed Razi Mousavi ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការយោធារវាងស៊ីរី និងអ៊ីរ៉ង់។

ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានផ្អាកកម្មវិធីផ្សាយព័ត៌មានតាមធម្មតារបស់ខ្លួនដើម្បីប្រកាសអំពីដំណឹង មរណភាពរបស់លោក Mousavi ដែលត្រូវបានសម្លាប់ក្រោមការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដោយអះអាងថាគាត់ជាទីប្រឹក្សាដ៏ចំណាស់បំផុតម្នាក់របស់ Guards កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

នៅក្នុងប្រទេសស៊ីរី។

គេបានបញ្ជាក់ថាគាត់គឺជាមនុស្សម្នាក់ “ក្នុងចំណោមអ្នករួមដំណើរជាមួយនឹងលោក Qassem Soleimani” ដែលជាប្រធានកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហៅថា Quds ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០២០ ។

ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានថ្លែងការណ៏ថា ការធ្វើឃាត Mousavi បានបង្ហាញពីភាពទន់ខ្សោយរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីលោក Raisi មកចុះផ្សាយយថា “ទង្វើនេះគឺជាសញ្ញាមួយបង្ហាញពីការខកចិត្ត និងភាពទន់ខ្សោយរបស់របបអនុត្តរភាពនិយម Zionist នៅក្នុងតំបន់យើងប្តេជ្ញាថានិងធ្វើឲ្យអ៊ីស្រាអែលតបស្នងនូវតម្លៃមួយនេះ” ។

មេបញ្ជាការកំពូលរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថានឹងសងសឹកអ៊ីស្រាអែលចំពោះការស្លាប់របស់លោក Mousavi ដែលមានឋានៈជាឧត្តមសេនីយ៍ត្រីនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។

មេបញ្ជាការកំពូលរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានធ្វើការព្រមានយ៉ាងខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអាននៅលើទូរទស្សន៍រដ្ឋថា “យើងមិនមានការសង្ស័យឡើយសម្រាប់របបអនុត្តរភាពនិយមរបស់អ៊ីស្រាអែលដែលតែងតែឈ្លានពានដ៏ព្រៃផ្សៃមកលើប្រទេសជិតខាង។ យើងប្តេជ្ញាតបស្នងនូវតម្លៃខាតបង់មួយនេះសម្រាប់ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល” ។

ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនក៏បានថ្កោលទោសការសម្លាប់លោក Mousavi ថាជា “ទង្វើដ៏កំសាក” របស់អ៊ីស្រាអែលដោយនិយាយថាលោក Mousavi បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចលនាតស៊ូរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ ក៏ដូចជាប្រជាជនប៉ាឡេស្ទីនក្នុងបុព្វហេតុលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន។

គេសង្កេតឃើញថានៅមិនទាន់មានការធ្វើអត្ថាធិប្បាយឆ្លើយតបភ្លាមៗពីទីបញ្ជាការកងយោធាអ៊ីស្រាអែលនោះទេ។

អ៊ីស្រាអែលបានបើការវាយប្រហារដ៏ខ្លាំងក្លាជាច្រើនឆ្នាំមកហើយដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាគោលដៅទាក់ទងនឹងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលក្រុងតេអេរ៉ង់មានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ទាំងនេះ ចាប់តាំងពីប្រទេសអ៊ីរ៉ង់បានគាំទ្រលោកប្រធានាធិបតី Bashar al-Assad នៅក្នុងសង្គ្រាមស៊ីវិលដែលបានផ្ទុះឡើងក្នុងប្រទេសស៊ីរីកាលពីឆ្នាំ ២០១១កន្លងមក។

កាលពីដើមខែនេះការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួនពីរនាក់រួចមកហើយនៅក្នុងប្រទេសស៊ីរី ដែលពួកគេបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះ។

ប្រទេសអ៊ីរ៉ង់បានបញ្ជូនកងឆ្មាំបដិវត្តន៍រាប់រយនាក់ធ្វើជា “ទីប្រឹក្សា” ដើម្បីជួយបណ្តុះបណ្តាល និងរៀបចំយុទ្ធជនជីវពលនិកាយស៊ីអ៊ីតរាប់ពាន់នាក់មកពីអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងជម្លោះស៊ីរី។ យុទ្ធជនមកពីប្រទេសលីបង់ Hezbollah ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេបញ្ជាការយោធាអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីផងដែរ៕

ប្រភព៖ Reuters/fs