អន្តរជាតិ

ចិនរិះគន់អាមេរិកលើទណ្ឌកម្មប្រឆាំងចិនក្នុងគម្រោងវិនិយោគតំបន់អាក់ទិកLNG-2 រួមជាមួយរុស្ស៊ី

ប្រែសម្រួល៖សហការី

ប៉េកាំង៖កាលពីថ្ងៃអង្គារក្រសួងការបរទេសចិនបាននិយាយថាការវិនិយោគរួមគ្នាជាមួយរុស្សីក្នុងគម្រោងឧស្ម័នធម្មជាតិរាវនៅតំបន់អាក់ទិក LNG-2 មិនគួរភាគីទីបីប្រើប្រាស់ជាគោលដៅភូមិសាស្ត្រនយោបាយប្រឆាំងនឹងចិននោះទេ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនលើការវិនិយោគរួមគ្នាក្នុងគម្រោង Artic LNG-2 ជាមួយរុស្សីកាលពីខែវិច្ឆិកា ដែលជាផ្នែកមួយនៃកញ្ចប់នៃវិធានការថ្មីប្រឆាំងនឹងទីក្រុងមូស្គូជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា ម្ចាស់ភាគហ៊ុនរបស់រុស្ស៊ី Novatek បានប្រកាសពីហានិភ័យដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្រោង Artic LNG-2របស់ខ្លួន។

សារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ចិន CNOOC Ltd និង China National Petroleum Corp (CNPC) ដែលជាភាគីពាក់ព័ន្ធទាំងពីរក៏បានប្រកាសអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងគម្រោងនេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងជាទៀងទាត់កាលពីថ្ងៃអង្គារថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងរុស្ស៊ីគឺស្ថិតនៅក្នុងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ហើយ “មិនគួរត្រូវបានជ្រៀតជ្រែក ឬដាក់កម្រិតដោយភាគីទីបីណាមួយនោះឡើយ” ។

លោកស្រីបានបន្ថែមថា “ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងយុត្តាធិការដែលគ្មានមូលដ្ឋាននៃច្បាប់អន្តរជាតិ”។

គម្រោង Arctic LNG-2 គ្រោងនឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ ២០២៤ ។ Novatek កាន់កាប់ភាគហ៊ុន ៦០ ភាគរយនៅក្នុងគម្រោងនេះ ខណៈដែល CNOOC និង CNPC នីមួយៗមានភាគហ៊ុន ១០ ភាគរយគឺស្រដៀងគ្នានិងការវិនិយោគរួមគ្នារវាងក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង និងជាសម្ព័ន្ធក្រុមហ៊ុន Mitsui & Co របស់ប្រទេសជប៉ុន និង JOGMEC៕

ប្រភព៖ Reuters